វិភាគ៖ «វិធានការរដ្ឋាភិបាល មានទ្រង់ទ្រាយកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 26, 2017
- ប្រធានបទ: វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃបទវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ជុំវិញ«លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ» របស់កម្ពុជា និងជុំវិញចំណាត់ការរបស់រដ្ឋាភិបាល ដែលមាន«ទ្រង់ទ្រាយ ជាការកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យ»៖
លទ្ធិប្រជាធិបតេយ្យ គឺជាអំណាចរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ មាន ន័យថា ប្រជាជន តាមរយៈឥទ្ធិពលនៃសន្លឹកឆ្នោតរបស់ខ្លួន ជាអ្នកតម្រង់ទិសសកម្មភាព នយោបាយរបស់រដ្ឋាភិបាល។ មានន័យទៀតថា របបមួយ ដែលមិនខ្លាចឆន្ទៈរបស់ប្រជាជនទេ របបនោះ មិនមែនជាលទ្ធិប្រជាធិបតេយ្យឡើយ។
តាមនិយមន័យខាងលើនេះ គេអាចនិយាយបានថា កម្ពុជាគឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យមួយ ទោះជា វានៅមិនទាន់ល្អឥតខ្ចោះក្តី។ គឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យ នៅត្រង់ថា តាំងពីឆ្នាំ២០១៣មក បក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាច្រើនទសវត្សរ៍កន្លងមកហើយ និងដែលកំពុងបន្ត «ឆ្លុះកញ្ចក់ និងដុសក្អែលខ្លួនឯង» បារម្ភខ្លាចបាត់បង់ការគាំទ្រពីពលរដ្ឋ នៅពេលបោះឆ្នោតម្តងៗ។ រីឯបក្សប្រឆាំងវិញ ដែលបាននិងកំពុងបន្តទាក់ទាញចិត្តប្រជាពលរដ្ឋ បារម្ភខ្លាចមិនមានការគាំទ្រគ្រប់គ្រាន់ ធ្វើឲ្យខ្លួនមិនអាចឈ្នះឆ្នោត ជាពិសេសនៅឆ្នាំក្រោយ ឆ្នាំ២០១៨។
ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យកម្ពុជា មានលក្ខណៈផុយស្រួយមែនទែន។ ផុយស្រួយក្នុងន័យថា វាអាចនឹងក្លាយជាអនាធិបតេយ្យ ឬអាចនឹងក្លាយ ជាអំណាចផ្តាច់ការ គ្រប់ពេលវេលា។ ហេតុអ្វី?
គ្រប់លទ្ធិប្រជាធិបតេយ្យ នៅលើផ្លូវដ៏វែងឆ្ងាយរបស់វា តែងតែរង្គោះរង្គើរខ្លាំង យូរៗម្តង។ ក្នុងសតវត្សរ៍ទី២០ លទ្ធិប្រជាធិបតេយ្យអាមេរិកាំង បានទន់ជង្គង់សឹងរលំម្តងៗ នៅក្នុងទសវត្សរ៍ទី៦០ នៅពេលដែលរដ្ឋអំណាចត្រូវប្រឈមមុខ នឹងមហាបាតុកម្មជាច្រើន ដូចជាបាតុកម្មរបស់ពលរដ្ឋស្បែកខ្មៅ ដែលទាមទារសិទ្ធិស្មើរគ្នានឹងពលរដ្ឋស្បែកស ឬបាតុកម្មរបស់ចលនាស្ត្រី «ឈានមុខ»ដែលទាមទារសិទ្ធិស្មើរគ្នានឹងបុរស ឬក៏បាតុកម្ម របស់ពួកឆ្វេងនិយមប្រឆាំងនឹងសង្គ្រាមអាមេរិកាំង នៅវៀតណាម។ នៅបារាំងក្នុងឆ្នាំ១៩៦៨ បាតុកម្មរបស់និស្សិត ប្រឆាំងនឹងអំណាចយូរលង់ពេក របស់ឧត្តមសេនីយ៍ «de Gaule» បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៃប្រទេស រង្គោះរង្គើរខ្លាំង សឹងរលំដំបូលម្តងៗ។ នៅថៃ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងនយោបាយខ្លាំងជ្រុល របស់ពួកអាវក្រហមបាន ជំរុញក្រុមនាយទាហាន ឲ្យធ្វើរដ្ឋប្រហារនិងព្យួរចោលមួយរយៈ របបប្រជាធិបតេយ្យ។
នៅក្នុងប្រទេសទាំងបីខាងលើ ទោះជាបរិបទនិងព្រឹត្តិការណ៍ មិនមានដំណើរដើមទងដូចគ្នាមែនពិត តែវាមានចំណុចរួមមួយដូចគ្នា៖ ពលរដ្ឋទាមទារពង្រឹង និងពង្រីកសិទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋអំណាចដែលភិតភ័យ កាត់បន្ថយសេរីភាពប្រជាធិបតេយ្យ តាមរយៈការវាយបង្ក្រាប ដើម្បីខ្ទប់ចលនា«បះបោរ»។
នៅកម្ពុជាដូចគ្នាអីុចឹងដែរ លទ្ធិប្រជាធិបតេយ្យបានដើរមកដល់របត់មួយ ប្រកបដោយគ្រោះថ្នាក់ តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅកម្ពុជា បញ្ហាធំដែលកំពុងចោទឡើង គឺមិនមែនភាពក្រីក្រទេ តែគឺវិសមភាពសង្គម។ សព្វថ្ងៃជាទូទៅ ប្រជាជនមិនក្ររហេមរហាមដូចក្នុងទសវត្សរ៍ទី៨០ និងទី៩០ទៀតទេ។ តែសព្វថ្ងៃ វិសមភាពសង្គម និយាយឲ្យចំគម្លាតរវាងអ្នកមាន និងអ្នកក្រ មានលក្ខណៈធំធេងជាងកាលពី២០ ឬ៣០ឆ្នាំមុនឆ្ងាយណាស់។ អ្វីៗ ក៏ពាក់ព័ន្ធនឹងបញ្ហាវិសមភាពសង្គមដែរ ៖ ប្រាក់ខែកម្មករ និងទ្រពសម្បត្តិរបស់ពួកសេដ្ឋី - ពេទ្យសម្រាប់អ្នកក្រ និងពេទ្យសម្រាប់អ្នកមាន - សាលាកូនអ្នកក្រ និងសាលាកូនអ្នកមាន - ខ្ទមឬផ្ទះតោកយ៉ាករបស់អ្នកក្រ និងវិមានដ៏ធំស្កិមស្កៃ របស់អ្នកមាន - ម៉ូតូរបស់អ្នកក្រ និងរថយន្តធំទំនឿបរបស់អ្នកមាន... ។ល។
និយាយរួម គឺជាការបែងចែកសង្គមជាពីរ (សឹងដូចគ្នានឹងប្រទេសថៃ) រវាងនៅម្ខាង អ្នកមាននិងអ្នកមានអំណាច និងនៅម្ខាងទៀតអ្នកក្រនិងបក្សប្រឆាំង។
ទន្ទឹមនេះ នៅកម្ពុជាក៏ដូចនៅប្រទេសអាសីុអាគ្នេយ៍ មួយចំនួនទៀតដែរ ដូចជានៅថៃនិង នៅហ្វីលីពីនជាដើម រដ្ឋពិតជានៅខ្វះលទ្ធភាព ឬនៅខ្វះឆន្ទៈនយោបាយ ក្នុងការធ្វើអន្តរាគមន៍កាត់បន្ថយវិសមភាព ដោយយកពីអ្នកមានទៅជួយអ្នកក្រ ដោយការពារអ្នកខ្សោយ កំុឲ្យអ្នកខ្លាំងជិះជាន់។
គឺនៅក្នុងបរិបទនេះហើយ ដែលសន្ទុះនៃការទាមទារ «ប្រជាធិបតេយូបនិយកម្ម» ការពិតគឺការទាមទារសិទ្ធិ ចេះតែកកើតឡើងឥតឈប់ឈរ តាំងពីឆ្នាំ២០១៣មក គឺតាំងពីបក្សប្រឆាំងមានកម្លាំងខ្លាំង ជាងពេលណាៗទាំងអស់ គិតតាំងពី១៩៩៨មក។ ពួកអ្នកក្រីក្រគាំទ្រដោយ សង្គមសីុវិលមួយចំនួន និងបក្សប្រឆាំង ដែលស្អប់ខ្ពើមពួកអ្នកមាន និងពួកអ្នកមានអំណាច នាំគ្នាស្រែកតវ៉ា តវ៉ាទាមទារដំឡើងប្រាក់ខែ តវ៉ាទាមទារយុត្តិធម៌ តវ៉ាទាមទារសេរីភាព តវ៉ាការពារបរិស្ថាន និងទាមទារដីធ្លី តវ៉ាទាមទារសិទ្ធិនេះ និងសិទ្ធិនោះ...។ល។
សម្រាប់រដ្ឋអំណាច ទាំងអស់នេះសុទ្ធសឹងជាមធ្យោបាយ ដែលមានគោលដៅតែមួយគត់ នោះគឺធ្វើឲ្យរដ្ឋាភិបាលធ្លាក់ខ្សោយ ធ្វើឲ្យបក្សកាន់អំណាចខូចឈ្មោះ និងបើកផ្លូវទៅរកការផ្លាស់ប្តូរអ្នកដឹកនាំ នៅទីបំផុត។
ម្ល៉ោះហើយ នៅខាងរដ្ឋាភិបាលដែលអាងថា ខ្លួនស្របច្បាប់ដ្បិតប្រសូតចេញ ពីការឈ្នះឆ្នោត គេត្រូវតែចាត់វិធានការ ដើម្បីបង្ការការតវ៉ា ដើម្បីខ្ទប់ការរើបម្រះ និងដើម្បីវាយបង្ក្រាបការបះបោរ។ ដូចនៅ អាមេរិកនិងបារាំង ក្នុងទសវត្សរ៍ទី៦០ និងដូចនៅថៃប៉ុន្មានឆ្នាំចុងក្រោយនេះដែរ វិធានការដ៏តឹងតែងរបស់រដ្ឋាភិបាលកម្ពុជា កន្លងមកនេះ មានទ្រង់ទ្រាយ ជាការកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យដែលប្រកែកមិនបាន។
គឺសម្ពាធពីក្រោម និងសម្ពាធពីលើ និយាយបែបផ្សេង គឺការទាមទារសិទ្ធិប្រជាធិបតេយ្យ និងទន្ទឹមនេះការចាត់វិធានការតបតវិញ ដែលសុទ្ធសឹងជាសកម្មភាព កាត់បន្ថយសិទ្ធប្រជាធិបតេយ្យពីសំណាក់ រដ្ឋអំណាចបែប នេះហើយ ដែលអាចនាំកម្ពុជា ទៅរកស្ថានភាពអនាធិបតេយ្យគ្រប់ពេលវេលា។ ហេតុអ្វី?
កម្ពូជាមិនមែនអាមេរិក កម្ពុជាមិនមែនបារាំង ដ្បិតនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យនៅមាន វ័យក្មេងខ្ចីនៅឡើយ ហើយស្ថាប័នរដ្ឋនៅមិនមាំទាំទេ។ កម្ពុជាក៏មិនមែនថៃដែរ។ ជាទូទៅ ថៃឆ្លងកាត់វិបត្តិនយោបាយ និងការផ្លាស់ប្តូររបបដោយអហិង្សា។ កម្ពុជាតែងតែប្រទះនឹងហិង្សា ពេលមានព្យុះនយោបាយបោកបក់ម្តងៗ។
ម្ល៉ោះហើយ ទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំង ទាំងសង្គមសីុវិលខ្លះ និងទាំងគ្រប់ចលនា ដែលពូកែកេណ្ឌមនុស្សគួរប្រយ័ត្ន គួរមានស្មារតី ទទួលខុសត្រូវខ្ពស់ មិនត្រូវរុញកម្លាំងអ្នកមាន និងអ្នកមានអំណាច ឲ្យជល់គ្នានឹងកម្លាំងអ្នកក្រទេ គួរចៀសវាងធ្វើយ៉ាងណា កំុឲ្យរលាយលទ្ធិប្រជាធិបតេយ្យ និងកំុឲ្យកម្ពុជាធ្លាក់ ក្នុងជ្រោះមរណៈ៕