ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ប្រកាស​ប្រមូល​មេ​ដៃ​ប្ដឹង ខឹម វាសនា

ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ព្រះ​តេជគុណ ហោ សុខុន ប្រកាសប្រមូលស្នាម​មេដៃ​ព្រះសង្ឃ ​និង​ពលរដ្ឋ នៅ​ទូទាំងប្រទេស ដើម្បី​ដាក់ពាក្យបណ្តឹង ប្ដឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ឡើងទៅតុលាការ។ សន្និសីទកាសែតមួយ នៅវេលាម៉ោង ០១ រសៀលថ្ងៃទី២៧ ខែកក្កដានេះ ត្រូវបានគ្រោងធ្វើ ដើម្បីបើកយុទ្ធនាការខាងលើនេះ ជាផ្លូវការ។
ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ប្រកាស​ប្រមូល​មេ​ដៃ​ប្ដឹង ខឹម វាសនា
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង»។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 27, 2017
  • ប្រធានបទ: សង្គ្រាមវោហាស័ព្ទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យបណ្ដឹងប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង» ត្រូវបានព្រះសង្ឃ ហោ សុខុន ដែលជាព្រះចៅអធិការវត្ត ពោធិ៍ព្រះបាត្រ ហៅច្បារអំពៅ អះអាងថា នឹងគ្រោងដាក់ទៅកាន់តុលាការ ជាមួយនឹងស្នាមមេដៃ​ព្រះសង្ឃ និងពលរដ្ឋ ដែលព្រះសង្ឃអង្គនេះអះអាង នឹងបើកយុទ្ធនាការស្វែងរក ចាប់ពីថ្ងៃនេះតទៅ។

អត្ថបទបង្ហោះផ្សាយ របស់ព្រះតេជគុណចៅអធិការ នៅលើគណនេយ្យហ្វេសប៊ុករបស់ព្រះអង្គ កាលពីម្សិលម៉ិញ បានសរសេរទៅកាន់លោក ហុឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដើម្បីជូនដំណឹង អំពីការធ្វើសន្និសីទកាសែត របស់ព្រះអង្គ ក្នុងការប្រមូលស្នាមមេដៃព្រះសង្ឃ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងនៅក្រៅប្រទេសផង ដើម្បីធ្វើពាក្យបណ្ដឹងនោះ។ ព្រះសង្ឃ បានសរសេរពន្យល់ថា៖ «កន្លងមក បុគ្គល ខឹម វាសនា បានធ្វើសកម្មភាព ក្នុងគោលបំណងញុះញង់ បំបែកបំបាក់ជាតិខ្មែរ ថែមទាំងមានចេតនាបំផ្លាញព្រះពុទ្ធសានា ប្រមាថដល់អង្គព្រះមហាក្សត្រ ចង់បំបែករដ្ឋបង្កើតប្រទេសសម្ព័ន្ធ ប្រដូចជាសាសន៍ខ្មែរ ទៅនឹងសត្វឆ្កែ ដៀលពូជសាសន៍ខ្មែរ ថាជាពូជសាសន៍ថោកទាប និងសាបព្រោះវប្បធម៌ជេរប្រមាថជាសាធារណៈ។ល។»។

ព្រះតេជគុណ ហោ សុខុន ដែលគេស្គាល់ថា ជាព្រះសង្ឃជំទាស់ ដោយចេញព្រះភ័ក្រមួយអង្គ ប្រឆាំងនឹង​«ប្រមុខទ័ពជួង» បានបញ្ជាក់នៅក្នុងសំណេរនោះទៀតថា៖ «អាត្មាភាពមានសាក្សី និងភស្តុតាងគ្រប់គ្រាន់ ដែល[អាចបញ្ជាក់ថា] បុគ្គល ខឹម វាសនា បានប្រព្រឹត្តល្មើសច្បាប់។ ម្យ៉ាងទៀត អាត្មាភាពបានទូលថ្វាយព័ត៌មាន ស្ដីពីការធ្វើសន្និសីទការសែតនេះ ចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានទូលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានទូលថ្វាយ សម្ដេចព្រះពោធិវង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា រូចរាល់គ្រប់ព្រះអង្គហើយ សម្តេចគ្រប់ព្រះអង្គឥតមានជំទាស់ទេ។»។

ភ្លាមៗនេះ មិនមានឃើញប្រតិកម្មតប ពីលោក ខឹម វាសនា ប្រធាន«បក្សជួង»វិញនៅឡើយ។ ប៉ុន្តែគេសង្កេតឃើញថា លោក​«ប្រមុខ​ទ័ព​ជួង»រូបនេះ បានរក្សាភាពស្ងប់ស្ងៀម រាប់ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ថ្ងៃដែលលោក បានបង្ហោះសារចុងក្រោយ នៅលើបណ្ដាញ​សង្គម ដែលមានសេចក្ដីជាអាទិ៍ថា៖ «ខ្ញុំមានអារម្មណ៍ថា​ ខ្ញុំអស់ចិត្តនឹងស្វែងយល់ ពីខ្មែរហើយ​ ខ្ញុំទុកអោយខ្មែរស្វែងយល់ពីខ្ញុំវិញចុះ។​ ខ្មែរសំរាប់ខ្ញុំ​ វាលើសពីគ្រប់គ្រាន់ទៅទៀត។»។

ប្រសិនជាបណ្ដឹង របស់ព្រះតេជគុណ ហោ សុខុន អាចនឹងចេញជារូបរាងមែននោះ វាជាបណ្ដឹងទីពីរហើយ បន្ទាប់ពីបណ្ដឹងទីមួយ ដែលប្ដឹងលោក ខឹម វាសនា ឡើងទៅកាន់ស្ថាប័នព្រះមហាក្សត្រ និងតុលាការ កាលពីដើមខែកន្លងមក ពីបទ«​ជេរ​ប្រមាថ ​​មើល​ងាយ​​ពូជ​សាសន៍​​ខ្មែរ​»។ ប្រតិកម្មតបទៅនឹងបណ្ដឹងទីមួយនោះ មន្ត្រីផ្លូវការជាច្រើននាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានស្រង់សំដី ដោយសារព័ត៌មានជាច្រើន (ទាំងក្នុងនិងក្រៅស្រុក) មកបញ្ជាក់ថា ការប្តឹងផ្ដល់ប្រឆាំង​លោក ខឹម វាសនា ​គឺជា​ការ​មួលបង្កាច់​ ដោយ​ហេតុថា ​ពលរដ្ឋម្ចាស់បណ្ដឹង ​មិន​ទាន់​យល់​ច្បាស់ពី​គណបក្ស​សម្ព័ន្ធ​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...