តុលាការខេត្តបាត់ដំបងកោះ សាសា បំភ្លឺរឿងគ្រោះថ្នាក់ចរាចរណ៍
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៥
- កែប្រែចុងក្រោយ: August 19, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការគេចវេសពីការទទួលខុសត្រូវ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទោះហេតុការណកើតឡើង ដោយចេតនា ឬអចេតនាក្ដី មិនមែនជាជំរើសល្អទេ ជាពិសេសនៅពេលខ្លួន មានឈ្មោះបោះសម្លេង ត្រូវបានសង្គមស្គាល់ច្រើននោះ។ ផ្ទុយទៅវិញ ទង្វើនេះ នឹងបន្ថែមទំងន់ទោស ទៅឲ្យជនដែលគេសវេសនោះទៅវិញ ប្រសិនជាប្រព័ន្ធយុត្តិធម៌របស់ប្រទេស បានរកឃើញថាខ្លួន ជាអ្នកបង្កហេតុ។
ដូច្នេះហើយ ទើបករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានសាក្សីបានឃើញថា បង្កឡើងដោយកញ្ញា សាសា ឈ្មោះដើម ឯក សុជាតា អតីតាតារាទូរទស្សន៍នោះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង លោក តូច សុភក្ដី ធ្វើការកោះហៅ មកឲ្យចូលបំភ្លឺជុំវិញ ករណីបង្កគ្រោះថ្នាក់ កាលពីថ្ងៃទី២ ខែកក្កដា នៅសប្ដាហ៍ក្រោយនេះ។ ព្រះរាជអាជ្ញា បានបញ្ជូនដីការនេះ ឡើងមកដល់តុលាការរាជធានីភ្នំពេញហើយ មុននឹងត្រូវបានចាត់ចែង តាមនីតិវិធីបញ្ជូនទៅដល់សាមីខ្លួន។
ស្រង់សម្ដី ដោយសារព័ត៌មានក្នុងស្រុកមួយ លោក តូច សុភក្ដី បានថ្លែងឡើង នៅថ្ងៃទី១៩ ខែសីហានេះថា៖ «ដីកាកោះហៅកញ្ញា សាសា ខ្ញុំបានបញ្ជូនទៅតុលាការភ្នំពេញរួចហើយ ហើយគេនឹងចាត់ចែងបញ្ជូនដល់សាមីខ្លួន តាមនិតិវិធីច្បាប់ ខាងខ្ញុំរង់ចាំតែចម្លើយ និងកន្ទុយសន្លឹកដីកាត្រឡប់ មកវិញតែប៉ុណ្ណោះ ។ ខ្ញុំចេញដីកាកោះហៅ នៅសប្ដាហ៍ក្រោយនេះ (...)។»
សូមរំលឹកឡើងវិញថា រឿងគ្រោះថ្នាក់ចរាចរណ៍ វវាងរថយន្តស៊េរីទំនើបម៉ាក Porsche ពណ៌ស និងរឺម៉កដឹកទឹក នៅបានកើតឡើង នៅក្បែរមន្ទីរពេទ្យវិសាលសុខ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យអ្នកបើកបររ៉ឺមក រងរបួសយ៉ាងធ្ងន់ធ្ងរ។ សាក្សីដែលនៅក្នុងហេតុការណ៍នេះ តាំងពីដំបូង បាននិយាយថា កញ្ញា សាសា គឺជាអ្នកបើកបររថយន្ដទំនើបនេះ ដែលមានអ្នកជិះជាមួយ ជាមិត្តស្រីនាងម្នាក់ទៀត។ ប៉ុន្តែនៅក្រោយគ្រោះថ្នាក់នោះបន្តិច កញ្ញា សាសា ត្រូវបានមន្ត្រីយោធាម្នាក់ ជម្លៀសខ្លួនចេញទៅ។ សាក្សីខ្លះទៀត បាននិយាយថា កញ្ញា សាសា និងមិត្តភ័ក្ររបស់នាង ដែលស្ថិតក្នុងឡានជាមួយគ្នា ត្រូវបានក្រុមយុវជនមួយក្រុម ជម្លៀសខ្លួនចេញទៅ ដោយទុកកិច្ចការដោះស្រាយបញ្ហា ទៅឲ្យមិត្តភ័ក្ររបស់នាងម្នាក់ ដែលជាម្ចាស់ផ្ទះសំណាក់ ស្តារវីឡា លោក ឡូ ប៊ុនរិទ្ធ ហៅ តូ នៅក្រុងបាត់ដំបង។
បើតាមសារព័ត៌មានកម្ពុជាថ្មី ដែលតាមដានសំនុំរឿង របស់កញ្ញា សាសា «ដល់ទីបញ្ចប់»នោះ បានរាយការណ៍ថា រហូតមកទល់នឹងថ្ងៃនេះ គឺមានសាក្សីចំនួន៧រូបហើយ ដែលបានចូលខ្លួនមកបំភ្លឺនៅចំពោះមុខតំណាងអយ្យការ នៃសាលាដំបូងខេត្តបាត់ដំបង ដែលក្នុងនោះមានសាក្សីដ៏សំខាន់ ចំនួន៣នាក់ ដែលលាតត្រដាងនូវការពិត ពាក់ព័ន្ធនឹងការជួបជុំផឹកស៊ី ហើយបានបង្ក ជាគ្រោះថ្នាក់ចរាចរណ៍នេះឡើង។ ប៉ុន្តែរាល់ការលើកឡើង អះអាងពី«វត្តមាន»របស់នាង នៅក្រុងបាត់ដំបងនោះ ធ្លាប់ត្រូវបានអតីតតារាទូរទស្សន៍ ដែលល្បីឈ្មោះ ពីវាយតប់បោចសក់ របស់លោកឧកញ៉ា សុខ ប៊ុន នោះ ធ្វើការបដិសេធ ដោយនិយាយថា ខ្លួននៅពេលនោះ កំពុងស្ថិតក្នុងរាជធានីបាងកក ប្រទេសថៃ៕