តំណាង​រាស្រ្ត CNRP ប្តឹង​ក្រុម​បាតុករ ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត ដោយ​គិត​ទុក​ជា​មុន

«បទប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទំងន់ទោស» ជាការស្នើ របស់​តំណាង​រាស្រ្ត​រង​គ្រោះ មកពីគណបក្សសង្គ្រោះជាតិ ឲ្យមានការចោទប្រកាន់ លើក្រុមបាតុករ ដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ការស្នើសុំនេះ បានធ្វើឡើង ខណៈតុលាការបានចោទប្រកាន់ លើ​ជន​ចូល​មក​សារភាព​ទាំង​បីនាក់ ពី​បទ​ «បង្កហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១១ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 16, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលម៉ិញនេះ លោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌល និងលោក គង់ សភា តំណាង​រាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង ទៅកាន់សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយចោទប្រកាន់ លើបាតុករមួយក្រុម ពីបទប៉ុនប៉ងឃាតកម្ម គិតទុកជាមុន និងធ្វើឲ្យខូច​ខាត​ដោយ​ចេតនា មានស្ថានទំងន់ទោស។

សូមរំលឹកថា កាលពីថ្ងៃទីទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនសង្ស័យបីនាក់ បានចេញមុខដំណាលគ្នា មកសារភាព ដោយ​អះអាងថា ពួកខ្កួនពិតជាបានព្រួត វាយតំណាងរាស្រ្តទាំងនោះមែន ក៏ព្រោះតែតំណាងរាស្រ្តនោះ បាន​ជេរ​ពួក​ខ្លួន​ដែរ។ យ៉ាងណា ជនទាំងបីនាក់នេះ ត្រូវបានតុលាការចោទប្រកាន់ត្រឹមបទ «បង្កហិង្សាដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាតទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុណ្ណោះ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ វេលាថ្ងៃត្រង់ តំណាងរាស្រ្តទាំងពីររូបខាងលើ ត្រូវបានបាតុករមួយក្រុម ទាញ​ចេញពីក្នុងរថយន្ដផងខ្លួន មកវាយប្រហារយ៉ាងចាស់ដៃ បន្ទាប់ពីបាតុកម្ម ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ត្រូវបានរៀបចំធ្វើពីព្រឹក ថ្ងៃដដែល នៅមុខវិមានរដ្ឋសភា ដើម្បី​ទាម​ទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា។

តាមពាក្យបណ្តឹង របស់តំណាងរាស្រ្តខាងលើ ក្រៅពីប្តឹង ពីបទប៉ុនប៉ងធ្វើឃាត ដោយគិតទុកជាមុន និង​ធ្វើ​ខូចខាត​ដោយចេតនា មានស្ថានទម្ងន់ទោស ជាមួយនឹងការទាមទារ សំណងជំងឺចិត្ តជាប្រាក់ចំនួន ១០០​លាន​រៀល​នោះ ក៏បានស្នើឲ្យតុលាការ ធ្វើការស្រាវជ្រាវ ចោទប្រកាន់ និងផ្តន្ទាទោសជនល្មើសទាំងនោះ ទៅ​តាម​ផ្លូវ​ច្បាប់។

«អំពើរបស់បាតុករទាំងនោះ គឺប៉ុនប៉ងវាយសម្លាប់រូបខ្ញុំ។ ដោយសារមានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ជួយ​ឃាត់ ប្រាកដ​ជា​ពួក​បាតុករ​ទាំងនោះ វាយសម្លាប់ខ្ញុំ ជាប្រាកដ។» នេះជាសំដីរួមគ្នា របស់លោក ញ៉យ ចំរើន និង​លោក គង់ សភា ក្នុង​ពាក្យ​បណ្តឹង​ពីរ ដាច់ដោយឡែកពីគ្នា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥នេះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹងចំណាត់ការ នៃការតាមចាប់ជនដៃដល់ នៅក្នុងសំនុំរឿងខាងលើបាននៅឡើយទេ។ តែលោកធ្លាប់បាន​ធ្វើការ​អះអាងថា ក្រុមជំនាញនៃគណកម្មការស៊ើបអង្កេត ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្តស្វែងរកចាប់ខ្លួន ជន​ដៃ​ដល់​ផ្សេងៗទៀត។

ការលើកឡើង របស់អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ខាងលើនេះ ត្រូវបានសង្គមស៊ីវិលមួយចំនួន បាន​ធ្វើការ​រិះគន់​ថា សមត្ថកិច្ចរបស់ប្រទេសកម្ពុជា អនុវត្តច្បាប់ តាមបែប «ពីរស្តង់ដា»។ សង្គមស៊ីវិលទាំងនោះថា បើ​ជន​សង្ស័យ ដែលគម្រាមសម្លាប់ មន្រ្តីរដ្ឋាភិបាល ឬវាយក្រុមសន្តិសុខ នាពេលកន្លងមក បើទោះជា​គ្មាន​អត្ថសញ្ញាណ ច្បាស់លាស់ក៏ដោយ ត្រូវបានចាប់ភ្លាមៗ ខណៈជនបង្កហិង្សា លើតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង មានអត្តសញ្ញាណ រូបថត និងវីដេអូច្បាស់លាស់ហើយ តែផ្ទុយទៅវិញ នៅតែអះអាងថា «ពិបាក»​ស្វែង​រក​ដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ដែលកាន់សំណុំរឿង ជនសង្ស័យទាំងបី ចូលខ្លួនសារភាពនោះ បានលើកឡើងថា ជន​ទាំង​បី​ត្រូវ​ជាប់​ចោទ ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនា មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យទាំងបី អាចនឹងជាប់ពន្ធនាគារ រយៈពេល​ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លានរៀល ទៅ១០លានរៀល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ថា អ្នកវាយតំណាង​រាស្រ្​តនោះ មិនមែនជាក្រុមបាតុករ ដែលគាំទ្រគណបក្សលោកឡើយ។ បុរសខ្លាំងកម្ពុជា បានថ្លែងឲ្យដឹងថា​៖ «តាម​ដឹងអារឿងហិង្សាហ្នឹង... មិនមែនពួកបាតុករវាយណា។ អាហ្នឹងបើតាមការសិក្សា ពួកបាតុករ​រំសាយ​អស់​ហើយ។ (...) គេជេរ ឭគេផ្សាយអញ្ចឹង ល្ងាចមិញឃើញទូរទស្សន៍ផ្សាយ។ អ្នកមកសារភាពថា បើក​ឡាន​ជេរ​ខ្ញុំថា អាយ៉ងយួន។ (...) តែឲ្យតែវាយ ខុសហើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...