ភេរវកម្មនៅប៉ារីស៖ ក្រុមអនាមិក ប្រកាសសង្គ្រាមប្រឆាំង ISIS
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៦ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 16, 2015
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីក្នុងចំណោមវីដេអូជាច្រើន ដែលត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រចែកផ្សាយវីដេអូ ដូចយ៉ាង យូធូប (Youtube) វីម៉េអូ (Vimeo) ដេលីម៉ូឆិន (Dailymotion) ... ក្រុមអនាមិក ឬហៅតាមភាសាអង់គ្លេស «Anonymous» បានគ្រោងបើកការវាយលុកមួយ ដ៏សម្បើមដៃ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ ប្រតិកម្មរបស់ក្រុមអនាមិក បានកើតឡើងភ្លាមៗ ដើម្បីជាការឆ្លើយតប យ៉ាងចាស់ដៃ ទៅនឹងការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម កណ្ដាលរដ្ឋធានីប៉ារីស កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន។
នៅចំពោះហេតុការណ៍ ដែលមានស្លាប់មនុស្ស មិនតិចជាង១២៩នាក់ និងរបួសប្រមាណជា ៣៥២នាក់នោះ ក្រុមអនាមិកខាងព័ត៌មានវិទ្យា បានសន្យាថា នឹងស្វែងរកអ្នកទទួលខុសត្រូវ នៃការវាយប្រហារ ជាមួយនឹងសកម្មភាព នៃសមាជិករបស់ខ្លួន ដែលមាននៅជុំវិញផែនដី។ នៅក្នុងវីដេអូមួយ ដែលនិយាយជាភាសាបារាំង បានឲ្យដឹងថា៖ «វានឹងក្លាយជាប្រតិបត្តិការមួយ ដែលមានទំហំដ៏សម្បើម ជាងពេលណាៗទាំងអស់ និងមិនដែលមាន ពីមុនមក»។
ក្រុមអនាមិក បានព្រមានបន្តថា៖ «ភេរវកម្មនេះ នឹងមិនអាចស្ថិតនៅ ដោយគ្មានទោសពៃនោះឡើយ។ ដូច្នេះហើយ សមាជិកអានាមិកមកពីគ្រប់ជ្រុងជ្រោយ នៃពិភពលោកទាំងមូល នឹងដេញតាមចាប់ពួកអ្នកឯង។ ពិតហើយ! ក្រុមអ្នកឯងជាសត្វជន្លេន ដែលបានសម្លាប់មនុស្សស្លូតត្រង់ ជាច្រើននាក់ ហើយយើងនឹងដេញ តាមចាប់ពួកអ្នកឯង ឲ្យចេញពីរន្ធ ដូចយើងធ្លាប់បានធ្វើ កាលពីភេរវកម្ម ទៅលើទស្សនាវដ្ដី"Charlie Hebdo"។»
កាលពីខែមិនាកន្លងទៅ ដើម្បីតបនឹងភេរវកម្ម ប្រឆាំងទស្សនាវដ្ដី «Charlie Hebdo» ក្រុមអនាមិកបានផ្សាយ នូវបញ្ជីឈ្មោះគណនី នៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ចំនួន ៩២០០ គណនី ដែលមានជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋអ៊ីស្លាម។ មួយភាគធំនៃគណនីទាំងនេះ ត្រូវបានបង្កើតឡើង ជាគណនីខ្មោច ដើម្បីពង្រីកឥទ្ធិពល របស់ក្រុមអ៊ីស្លាមនិយមជ្រុល និងដើម្បីស្វែងរកយុទ្ធជនថ្មីៗ ឲ្យមករួមស្ម័គ្រប្រយុទ្ធ ជាមួយក្រុមរដ្ឋអ៊ីស្លាម ហើយត្រូវបានលប់ចោល ដោយក្រុមហ៊ុន ទ្វីសធើរ។
នៅក្នុងវីដេអូ របស់ក្រុមអនាមិក បានឲ្យដឹងបន្ថែមថា៖ «សូមពួកអ្នកឯងរង់ចាំចុះ ពីមហាប្រតិកម្មដ៏សម្បើម របស់ក្រុមអាមិក។ ពួកអ្នកឯងត្រូវដឹងថា យើងនឹងរកអ្នកឯងឲ្យឃើញ ហើយយើងនឹងមិនលះបង់អ្វី សូម្បីបន្តិចឡើយ។ យើងនឹងធ្វើប្រតិបត្តិការ ដ៏ខ្លាំងក្លាមួយ មិនដែលមានពីមុន ប្រឆាំងពួកអ្នកឯង។ សូមរង់ចាំចុះ នូវការវាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យា។ សូមពួកអ្នកឯងត្រៀមខ្លួន ថាសង្គ្រាមបានចាប់ផ្ដើមហើយ។ ពួកអ្នកឯងត្រូវដឹងថា៖ ពលរដ្ឋបារាំងរឹងមាំ ខ្លាំងជាងអ្វីៗទាំងអស់ ហើយនឹងងើបឈរឡើង ប្រឈមនឹងភាពឃោឃៅយង់ឃ្នង កាន់តែខ្លាំងជាងមុន។»
ការប្រកាសសង្គ្រាម របស់ក្រុមអនាមិកក្នុងពិភពលោកនេះ មិនប្រាកដថា ត្រូវបានស្វាគមន៍ ដោយមនុស្សគ្រប់គ្នាឡើយ ជាពិសេសនៅចំពោះមុខអាជ្ញាធរ។ អ្នកទទួលខុសត្រូវ នៃនគរបាលបច្ចេកវិទ្យាបារាំងមួយរូប បាននិយាយថា ប្រតិបត្តិការរបស់ក្រុមអនាមិកនេះ អាចរំខានការងារស៊ើបអង្កេត របស់អាជ្ញាធរ ដោយហេតុថា គណនីទ្វីសធើរ ឬហ្វេសប៊ុក របស់អ្នកជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋអ៊ីស្លាមទាំងនោះ អាចជាការបំភ្លឺ ដល់ក្រុមអ្នកស៊ើបអង្កេត ដើម្បីស្វែងរកបណ្ដាញ របស់ក្រុមភេរវជនបាន។ តែផ្ទុយទៅវិញ បើគណនីរបស់អ្នកទាំងនោះ ត្រូវបានលប់ចេញ នោះនឹងធ្វើឲ្យការស៊ើបអង្កេត របស់ក្រុមអាជ្ញាធរ ប្រែក្លាយដូចខ្វាក់ភ្នែក ឬថ្លង់ស្ដាប់អ្វីលែងបាន៕
» វីដេអូ របស់ក្រុមអនាមិក បង្ហោះដើម្បីប្រកាសសង្គ្រាម ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម៖