ពលរដ្ឋ៖ គ្រាន់​តែ​ទាមទារ​វិទ្យុ​និង​ទូរទស្សន៍​ឯករាជ្យ ហេតុអ្វី​ត្រូវ​គេ​វាយ?

បាតុកម្មទាមទារ ក្នុងការស្នើសុំតម្លើងកំលាំងផ្សាយ នៅតាមបណ្តាខេត្ត និងសុំប្រេកង់បង្កើតស្ថានីយទូរទស្សន៍ ត្រូវ​បានធ្វើ​ឡើងដូចការគ្រោងទុក បើទោះបីជាមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។ នៅចំពោះការ​វាយតប់ រុញច្រានរបស់កងកម្លាំងចម្រុះ របស់អាជ្ញាធរ មានទាំងក្រុមបិតមុខនោះផង ពលរដ្ឋទាំងនោះបានប្រតិកម្ម​ប្រាប់អ្នកសារព័ត៌មាន ពីកំហឹងក្ដៅក្រហាយ និងការឈឺចាប់របស់ពួកគាត់។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បាតុកម្មទាមទារ ក្នុងការស្នើសុំតម្លើងកំលាំងផ្សាយ នៅតាមបណ្តាខេត្ត និងសុំប្រេកង់បង្កើតស្ថានីយទូរទស្សន៍ ត្រូវ​បានធ្វើ​ឡើងដូចការគ្រោងទុក បើទោះបីជាមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។ នៅចំពោះការ​វាយតប់ រុញច្រានរបស់កងកម្លាំងចម្រុះ របស់អាជ្ញាធរ មានទាំងក្រុមបិតមុខនោះផង ពលរដ្ឋទាំងនោះបានប្រតិកម្ម​ប្រាប់អ្នកសារព័ត៌មាន ពីកំហឹងក្ដៅក្រហាយ និងការឈឺចាប់របស់ពួកគាត់។


ពលរដ្ឋកាន់ក្រដាសទាមទារ ឲ្យមានកម្លាំងផ្សាយកើនឡើង សម្រាប់វិទ្យុសម្បុកឃ្មុំ។ (រូបថត MONOROOM.info/ C. Nita)

ប្រព័ន្ធផ្សព្វផ្សាយ - មានហេតុសំខាន់តែមួយគត់ដែល ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ស្មោះស្ម័គ្រ​នឹង​លោក ម៉ម សូណង់ដូ ហើយបានមកចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤នេះគឺ ដោយចង់បានវិទ្យុ និង​ទូរទស្សន៍មានឯករាជ្យភាព បើទោះបីជាបាតុករ ទាំងនោះធ្លាប់ទទួលរង នូវការបង្រ្កាបយ៉ាងចាស់ដៃ ពី​សំណាក់​សមត្ថកិច្ចម្តងហើយក៏ដោយ កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៤ នៅមុខក្រសួងព័ត៌មាន។

មកពីស្រុកលើកដែក ខេត្តកណ្តាល ព្រមជាមួយអ្នកជិតខាង៧នាក់ទៀត ដោយជិះម៉ូតូកង់បី តាំងពីម៉ោង៤ព្រឹកមក អ្នកស្រី អើម ងោ បាននិយាយថា អ្នកស្រីមកកាន់ទីនេះ ក្នុងបំណងសុំទូរទស្សន៍ និងប្រេកង់។ តែបន្ទាប់ពីត្រូវកង​កម្លាំងរបស់អាជ្ញាធរវាយរុញច្រាន ដោយគ្រាន់តែអ្នកស្រីសុំបង្កើតទូរទស្សន៍ និងតម្លើងកម្លាំងផ្សាយនោះ អ្នកស្រី​បានថ្លែងបរិហារថា «តើយុត្តិធម៌នៅត្រង់ណា លទ្ធិប្រជាធិបតេយ្យអត់មានសោះ ហើយខ្លួនឯងអួត ប្រាប់អន្តរជាតិ​សុទ្ធតែមានហើយលទ្ធិប្រជាធិបតេយ្យ»។

រួមដំណើរមកគ្នាដែរ អ្នកស្រី ងូត ហ៊ីង ដែលមានវ័យចំណាកស់បន្តិចទៅហើយ តែដោយហេតុចង់បានវិទ្យុ និង​ទូរទស្សន៍ដែលមានភាពឯករាជ្យ និងយុត្តិធម៌ផ្សាយ​ទៅដល់តាមបណ្តាខេត្តរបស់អ្នកស្រីនោះ អ្នកស្រីមិនបានខ្វល់​ពីសុវត្តិភាពខ្លួនឯង និងការលះបង់ពេលវេលានោះឡើយ។ ក្នុងទឹកចិត្តមោះមុត តស៊ូចូលរួមធ្វើបាតុកម្មនេះ អ្នកស្រី​បានបញ្ជាក់ថា ការហាមឃាត់មិនអោយជួបជុំ និងបង្កអំពើហឹង្សានៅព្រឹកនេះ ជាការប្រើអំណាចផ្តាច់ការ។

ស្រដៀងគ្នានេះដែរ លោក អេង សុខរស់ អាយុ៣៥ឆ្នាំ មកពីស្រុកមុខកំពូល ខេត្តកណ្តាលបានប្រាប់ថា លោកមក​នេះ​ បានអោយដឹងថា ទោះជាត្រូវគេវាយបង្រ្កាបក៏ដោយ ក៏លោកនៅតែមកចូលរួមជាបន្តបន្ទាប់ទៀត។ លោកថ្លែង​ថា៖ «ខ្ញុំសប្បាយរីករាយនឹងអោយគេវាយ ខ្ញុំអត់ខ្លាចគេវាយទេ បើខ្លាចគេវាយខ្ញុំអត់មកទេ»។ លោកបាន អំពាវនាវ​ទៅរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន នៅពេលដែល​មានការជួបជុំ ធ្វើបាតុកម្មទាមទារអីមួយ សូមកុំ​ប្រើសមត្ថកិច្ច«ក្រៅក្របខ័ណ្ឌ» មកវាយប្រជាពលរដ្ឋខ្មែរ។

ជាមួយនឹងការប្ដេជ្ញាដែលពិបាកនឹងរកក្ដីសង្ឃឹម ព្រះតេជគុណ សុំ សុវណ្ណី និមន្តមកពីវត្តថាន់ បានមានថេរដីការ​ដែរ​ថា «អាត្មាត្រូវតែមកតស៊ូ ដើម្បីទាមទារ​ហ្វ្រេកង់ទូរទស្សន៍ វិទ្យុផ្សាយ អោយប្រជាពលរដ្ឋយល់ដឹង អំពីកំហុសរបស់​រាជរដ្ឋាភិបាល​ប្រព្រឹត្តិលើប្រជា​ពលរដ្ឋ»។

លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតរបស់អង្គការលីកាដូ ប្រតិកម្មថាទូរទស្សន៍ វិទ្យុជាច្រើន​ដែល​អាចផ្តល់បាន បើមិនគិតពីរឿងនយោបាយ ថាជារឿងទូទៅ ជារឿងដែលផ្តល់សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ អាហ្នឹង​គាត់គួរតែទទួលបាន ពីព្រោះកាលណាមានទូរទស្សន៍ និងវិទ្យុច្រើន នឹងបង្ហាញអំពីលិទ្ធិប្រជាធិបតេយ្យ បង្ហាញអំពី​សិទ្ធិ​ទទួលបាននូវព័ត៌មាន សិទ្ធិនៃការផ្តល់ព័ត៌បានយ៉ាងគ្រប់គ្រាន់។ លោកបន្តថា៖ «កាលណាយើងមានការរិត​ត្បិត អាហ្នឹងនាំអោយគេមើលឃើញថា ហេតុអីទូរទស្សន៍ដែលមានទំនោរទៅតែបក្សម្ខាងទទួលបាន ហើយទូរទស្ស​ដែល​ឯករាជ្យ ហេតុអីមិនអាចទទួលបាន? អាហ្នឹងនាំអោយគេរិះគន់ថា វាពាក់ព័ន្ធទៅនឹងនយោបាយទៅវិញទេ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣១ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...