ក្លឹបអ្នកការសែតកម្ពុជា៖ គ្រប់ភាគីត្រូវជួយការពារអ្នកការសែត
បន្ទាប់ពីមានអ្នកការសែតមួយចំនួនបានទទួលរងរបួស និងខូចខាតសម្ភារៈ ក្នុងពេលសមត្ថកិច្ចចុះបង្រ្កាបបាតុកម្មរបស់លោក ម៉ម សូណង់ដូ ក្លឹបអ្នកការសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់គ្រប់ភាគីទាំងអស់ គម្បីជៀងវៀងការប៉ះពាល់ដល់អ្នកការសែត និងត្រូវរួមចំណែកផ្តល់សុវត្ថិភាពដល់អ្នកការសែត ក្នុងពេលដែលពួកគេចុះបំពេញបេសកកម្មការងារ។
សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។
សេរីភាពសារព័ត៌មាន - លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នេះថា ក្លឹបអ្នកការសែតកម្ពុជានឹងចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់គ្រប់ភាគីទាំងអស់ រួមទាំងសមត្ថកិច្ច អង្គការសង្គមស៊ីវិល និងបាតុករប្រឆាំងរដ្ឋាភិបាល ត្រូវរួមចំណែកផ្តល់សុវត្ថិភាពដល់អ្នកការសែត និងគម្បីឲ្យតម្លៃដល់អ្នកការសែតក្នុងផ្លូវល្អ។ លោក ប៉ែន សមិទ្ធិ បន្តថា រឿងប្រើហិង្សាលើអ្នកការសែត មិនមែនទើបតែកើតឡើងក្នុងពេលនេះនោះទេ គឺបានកើតឡើងតាំងពីដើមមកជាបន្តបន្ទាប់។
ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះបញ្ជាក់ថា៖ «មិនមានអ្វីដាក់សម្ពាធលើអ្នកការសែតនោះទេ ព្រោះពួកគេមានវិជ្ជាជីវៈហើយ តែគ្រាន់តែថតរូបត្រូវគេវ៉ៃ។ ក្នុងពេលចុងក្រោយនេះ អ្នកការសែតប្រឈមមែនទែន ដោយទទួលការរើសអើងពីសមត្ថកិច្ច និងបាតុករប្រឆាំងរដ្ឋាភិបាលផងដែរ។ ដូច្នេះ គ្រប់ភាគីនៅកន្លែងកើតហេតុ គួរមើលអ្នកការសែតក្នុងផ្លូវវិជ្ជមានឲ្យបានច្រើន ព្រោះអ្នកការសែតគ្មានអ្វីក្រៅពីម៉ាស៊ីនថត និងប៊ិច(...)។»
គួររម្លឹកថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ អ្នកកាសែតជាតិ និងអន្តរជាតិមួយចំនួនបានរងរបួស និងខូចខាតសម្ភារៈដោយសារការប៉ះទង្គិចពីកម្លាំងកងរាជអាវុធហត្ថ ដែលចុះបង្ក្រាបបាតុកម្មអហិង្សា ទាមទារហ្វ្រេកង់ទូរទស្សន៍ និងទាមទារកម្លាំងផ្សាយវិទ្យុបន្ត ដឹកនាំដោយលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ។
ចំពោះករណីប៉ះទង្គិចដែលបណ្តាលអ្នកអ្នកការសែតរងរបួស និងខូចខាតសម្ភារៈនេះ ក៏ត្រូវបានលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអំពិល បញ្ជាក់តាមរយៈស្ថាប័នព័ត៌មានរបស់ខ្លួនថា៖ «ខ្ញុំសូមអំពាវនាវដល់អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាយោគយល់កុំឲ្យ កម្លាំងសមត្ថកិច្ចទាំងពីរប្រភេទ ប្រើអំពើហិង្សាលើអ្នកកាសែតអី ហើយក៏សូមឲ្យអភិបាលរាជធានីភ្នំពេញ មេត្តាយោគយល់ផងដែរ»។
ជុំវិញការអំពាវនាវទាំងនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់អាចទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយ។ តែបើយោងលើមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ច បំបែកបាតុកម្មរបស់លោក ម៉ម សូណង់ដូ បានបញ្ជាក់មុនការបង្រ្កាបថា៖ «អ្នកសារព័ត៌មានទាំងអស់ត្រូវចេញឲ្យឆ្ងាយពីរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច បើមិនដូច្នេះទេ សមត្ថកិច្ចមិនទទួលការខុសត្រូវ ចំពោះការប៉ះទង្គិច ឬការខូចខាតនោះទេ»៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤