សង្គ្រាមហ្វេសប៊ុក៖ ធី សុវណ្ណថា និងក្រុម i.l.c.h.n មានជម្លោះផ្ទៃក្នុង?
បណ្តាមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានសង្ស័យថា កញ្ញាធី សុវណ្ណថា បានចាកចេញទៅបង្កើតទំព័រផ្ទាល់ខ្លួន ដោយសារមានជម្លោះផ្ទៃក្នុងនៅក្នុងក្រុមការងារ នៃទំព័រដ៏ធំមានឈ្មោះថា I Love Cambodia hot news។ តែមតិខ្សិបខ្សៀវនេះ ត្រូវបានម្ចាស់គ្រប់គ្រងទំព័រនេះបដិសេធចោល ដោយអះអាងថា ធី សុវណ្ណថា បានចេញពីក្រុមនេះដោយខ្លួននាង និងដោយសារតែនាងចង់មានភាពឯករាជ្យ។
រូបភាពផ្ដិតពីទំព័រហ្វេសប៊ុក I Love Cambodia hot news។
សង្គ្រាមហ្វេសប៊ុក - ការរំជើបរំជួលនៅក្នុងចំណោមអ្នកតាមដានទំព័រធំៗ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះឡើងជាបន្តបន្តាប់។ ព្រឹត្តិការណ៍ដែលអ្នកតាមដាន បាននាំគ្នាឆ្ងល់ហើយចោទជាសំនួរឡើងគ្រប់គ្នានោះ គឺកញ្ញា ធី សុវណ្ណថា ដែលគេតែងតែឃើញនាង ជាសមាជិកយ៉ាងសកម្មនៅក្នុងទំព័រ I Love Cambodia hot news កន្លងមកនោះ បែរជាបានបំបែកខ្លួនទៅបង្កើតទំព័រថ្មីមួយទៀត ដែលរហូតមកដល់ពេលនេះ បានកើនប្រជាប្រិយភាពខ្លាំងដែរ។
នៅក្នុងព្រឹត្តិការណ៍ចុងក្រោយ ដោយសារមានសេចក្ដីថ្លែងការណ៍ ដល់ទៅពីរសន្លឹកដ៏ប្រទាំងប្រទើស របស់គណបក្សសង្គ្រោះជាតិ បដិសេធការផ្សាយពត៌មានរបស់កញ្ញា ធី សុវណ្ណថា ទាក់ទងនឹងការដាក់ពាក្យបណ្ដឹងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រឆាំងលោក ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះ ការសង្ឃ័យពីការបែកបាក់ផ្ទៃក្នុងនៃក្រុមការងារ I Love Cambodia hot news នេះ ត្រូវបានបង្ហាញឲ្យឃើញ កាន់តែច្បាស់ថែមទៀត។ សេចក្ដីថ្លែងការណ៍នោះមួយសន្លឹក ថែមទាំងត្រូវបានចុះផ្សាយនៅលើទំព័រផ្លូវការរបស់ កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈ នៃគណបក្សសង្គ្រោះជាតិ និងត្រូវជាបុត្រីរបស់អនុប្រធាន គណបក្សសង្គ្រោះជាតិនោះផងទៀត។
ប៉ុន្តែនៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៧ ខែកុម្ភះនេះ ម្ចាស់គ្រប់គ្រងទំព័រ I Love Cambodia hot news លោក គឹម សុវណ្ណារិទ្ធ បានបដិសេធការសង្ស័យខាងលើ ហើយថ្លែងអះអាងថា «មូលហេតុដែលខ្ញុំដក ធី សុវណ្ណថា ចេញពីក្រុម មិនមែនជាការបែកបាក់ផ្ទៃក្នុងនោះទេ ដោយ សុវណ្ណថា ត្រូវការភាពម្ចាស់ការឯករាជ្យ។ ហើយម្យ៉ាងទៀត យើងចង់ចែកការងារគ្នាធ្វើ ដើម្បីអោយសកម្មភាពកាន់តែធំ។» សម្រាប់មតិរបស់ក្រុមតារាៗមួយចំនួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលយល់ថា កញ្ញា ធី សុវណ្ណថា ត្រូវបានដកចេញដូចគល់ស្ពៃ ពីទំព័រ I Love Cambodia hot news នោះ ត្រូវបានលោក គឹម សុវណ្ណារិទ្ធ បដិសេធ និងបានថ្លែងការពារនាងថា «នៅក្រុមការងារ ធី សុវណ្ណថា ជាមនុស្សសកម្ម ហើយតែងតែគោរពបងបងៗ នៅក្នុងក្រុមហ្នឹងជានិច្ច»។
លោកបានអោយដឹងទៀតថា «សុវណ្ណថា ជាក្មេងស្រីល្អម្នាក់ ហើយមើលទៅលើសកម្មភាពរបស់គាត់ គាត់ជាក្មេងស្រីម្នាក់ដែលក្លាហាន មានឆន្ទៈហើយគាត់ធ្វើអ្វីដែលយុវជនដទៃទៀត មិនហ៊ានធ្វើ ឧទាហរណ៍កន្លែងមួយ ដែលកំពុងផ្ទុះអាវុធអ្នកផ្សេងមិនហ៊ានទៅទេ តែនាងហ៊ានទៅ។ ម្យ៉ាងទៀតគាត់ហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ នឹងការគម្រាមគំហែង។ រីឯលក្ខណៈជីវភាពគ្រួសារគាត់ធូធារ ដែលអំណោយផលដល់ក្រុមដែរ នៅពេលដែលគាត់ចុះខេត្តម្តងៗ ពួកខ្ញុំមិនចាំបាច់ ចំណាយលុយអោយគាត់ នោះទេ។»
ខុសពីការលើកលើកឡើងរបស់ លោក គឹម សុវណ្ណារិទ្ធ ខាងលើ លោក អេង ពន្លក ដែលជាអតីតអ្នកគ្រប់គ្រង និងជាអ្នកជួយជ្រោមជ្រែងផ្តល់ប្រឹក្សា ទំព័រ I Love Cambodia hot news ដែរនោះ បានះអះអាងប្រាប់ទស្សនាវដ្ដីថា «ការណ៍ដែលយើងដកគាត់ ចេញពីក្រុមការងារ I Love Cambodia hot news ដោយសារតែគាត់មានទំនាក់ទំនងជាមួយ ផែ សុវណ្ណារិទ្ធ ដែលជាសកម្មជនរបស់គណបក្សប្រជាជន។ មូលហេតុបែបនេះហើយ ទើបយើងដក សុវណ្ណថា ចេញបណ្តោះអាសន្នសិន។ យើងចង់ដាក់គាត់ចូលមកវិញដែរ ក៏ប៉ុន្តែគាត់នៅតែមិនដាច់ទំនាក់ទំនងជាមួយផែ សុវណ្ណារិទ្ធដដែល។ ហើយម្យ៉ាង យើងដកគាត់ចេញដើម្បីការពារក្រុម។» នៅក្នុងការចុះផ្សាយជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់លោក អេង ពន្លក គេឧស្សាហ៍ឃើញ កញ្ញា ធី សុវណ្ណាថា ត្រូវបានចោទប្រកាន់ ថាជាគិញសម្ងាត់នោះថែមទៀត។
ការប្រកាន់ជំហររបស់លោក អេង ពន្លក មិនត្រូវបានលោក គឹម សុវណ្ណារិទ្ធ សប្បាយចិត្តនោះឡើយ ហើយបានប្រកាសនៅថ្ងៃទី០៥ ខែកុម្ភះកន្លងមកថ្មីៗ ដកលោក អេង ពន្លក ចេញពីក្រុមការងារ I Love Cambodia hot news។ លោក គឹម សុវណ្ណារិទ្ធ បានសរសេរនៅលើទំព័រផ្ទាល់ខ្លួន របស់លោកថា «"គុណមួយសំពៅ ទោសមួយចូលទៅ កំពប់គុណអស់" ពាក្យស្លោកនេះ បានដិតជាប់ក្នុងគំនិតកូនខ្មែរ ហើយក៏ដូចជា អេង ពន្លក។ ខ្ញុំ គឹម សុវណ្ណារិទ្ធ នឹងគាំទ្រ សុវណ្ណថា រហូតដល់ដង្ហើមចុងក្រោយ។»
ម្ចាស់គ្រប់គ្រងទំព័រដ៏ធំមួយនេះ បានថ្លែងប្រាប់ទស្សនាវដ្ដីទៀតថា «អ្វីដែលគេតែងតែធ្វើការវាយប្រហារ ទៅលើ សុវណ្ណថា ដោយសារអ្នកផ្សេងហ្នឹង ច្រណែននឹងប្រជាប្រិយភាពគាត់។»
លោក អេង ឆៃអៀង តំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ដែលជាបងប្រុសរបស់លោក អេង ពន្លក ក៏ធ្លាប់សរសេរនៅលើទំព័ររបស់លោកដែរថា «ខ្ញុំគាំទ្រនូវសេចក្តីក្លាហាន និងសកម្មភាពនយោបាយរបស់កញ្ញា ធីសុវណ្ណថា កន្លងមក ហើយខ្ញុំនឹងគាំទ្រនាងជានិច្ច បើនាងនៅតែបន្តរសកម្មភាពការពារផលប្រយោជជាតិ ប្រជាពលរដ្ឋ យុត្តិធម៌ និងប្រឆាំងនិងអំណាចផ្តាច់ការ ទោះបីមានគេសង្ស័យនាងថា ជាចារកម្មរបស់ CPP ក៏ដោយ»។
បើម្ចាស់ទំព័រថា គ្មានជម្លោះផ្ទៃក្នុងទេ តែបើយោងទៅលើការដកដាក់ អ្នកគ្រប់គ្រងទំព័រនេះជាបន្តបន្ទាប់ តើគេអាចជឿថាមិនមានជម្លោះផ្ទៃក្នុងបានដែរឬទេ? សំនួរជាបន្តទៅទៀតនឹងកំណត់ថា តើលោក អេង ពន្លក ច្រណែននឹងប្រជាប្រិយភាពរបស់កញ្ញា ធី សុវណ្ណថា មែនឬ? តើការសង្ស័យ និងការលាបពណ៌ឲ្យគ្នាចេះតែកើតមាន នៅក្នុងសង្គមខ្មែរ ជាដរាបរហូតតទៅឬយ៉ាងណា? ជាសំនួរដែលសុទ្ធសឹងតែពិបាកនឹងរកចម្លើយ។ ផ្ទុយទៅវិញ បើគេរកចម្លើយបានវិញនោះ បញ្ហាក៏ប្រហែលជាមិនចប់ដោយងាយស្រួលនោះដែរ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៤