អ្នកកាសែតប្រភេទណា ដែលជំរិតទារលុយពីសមត្ថកិច្ច?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 23, 2015
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មូលហេតុ ដែលមិនសូវមានមនន្រ្តី សមត្ថកិច្ចណាមួយ ហ៊ាននិយាយជាមួយ អ្នកកាសែតនោះ ព្រោះខ្លាចគេសរសេរមិនល្អពីខ្លួន។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ ថែមទាំងបានធ្វើ នូវរឿងមិនពិតមួយចំនួន ដើម្បីឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មិត្តអ្នកអាន។ ទាំងនេះ ជាការអះអាងបញ្ជាក់ឡើង របស់មេបញ្ជាការម្នាក់ លោក ហាំ វណ្ណៈ ដែលឈរជើង នៅទល់ដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ លោក បាននិយាយថា ដោយហេតុបែបនេះហើយ ទើបមន្ត្រីសមត្ថកិច្ចមួយចំនួន មិនសូវមានទំនុកចិត្ត ទៅលើអ្នកកាសែត និងបារម្ភពីភាពលើសលួស និងខ្វះខាតទាំងនេះ។
ទំនងជាចង់ជម្រះបញ្ជី ជាមួយអ្នកសារព័ត៌មានខ្លះ ដែលនិយាយមិនពិត ឬពន្លើស ហើយបន្ទោសបង្អាប់ ពីសកម្មភាពរបស់នគរបាលខ្មែរ នៅតាមព្រំដែននោះ លោក ហាំ វណ្ណេៈ បានថ្លែងឲ្យដឹងទៀតថា៖ «ទូរទស្សន៍មួយចំនួន ក៍ណាស់ដែរ វាយប្រហារថា នគរបាលព្រំដែនឃុបឃិត ជាមួយសមត្ថកិច្ចថៃ។ ខ្ញុំបានពិភាក្សាគ្នា បម្រុងធ្វើសុំនុំរឿងទៅតុលាការ ព្រោះតែការចោទប្រកាន់ មិនដឹងរឿងទាំងនេះ។ ជាក់ស្តែងខ្ញុំ និងនគរបាលផ្សេងទៀត មិនបានឈប់សំរាក ទៅជួបកូនប្រពន្ធទេ ពេលចូលឆ្នាំ នៅការពារសុវត្តិភាព បងប្អូនពេញមួយចូលឆ្នាំខែ្មរ ខ្លាចមានបញ្ហានៅទល់ដែន។ រឿងអីត្រូវមកមួលបង្កាច់ ទាំងស្រស់ៗបែបនេះ?»
ប៉ុន្តែការអះអាង របស់មេបញ្ជាការខាងលើ ត្រូវបានបដិសេធ ដោយអ្នកកាសែតអាជីពមួយរូប ដែលមានវត្តមានជាប្រចាំ នៅក្នុងតំបន់នោះ។ ក្នុងល័ក្ខខ័ណ្ឌ សុំមិនបញ្ចេញឈ្មោះ អ្នកសារព័ត៌មានរូបនោះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា បើជាអ្នកកាសែតអាជីព មិនអាចធ្វើ ដូចដែលបានលើកឡើងខាងលើបានទេ ព្រោះវាខុសវិជ្ជាជីវៈជាអ្នកកាសែត ជាពិសេសនាំឲ្យអាប់ឱន ដល់អ្នកដ៏ទៃផង។
អ្នកកាសែតរូបនេះ បានទទួលស្គាល់ថា ពិតជាមានបុគ្គលមួយចំនួន ដែលបានធ្វើរឿងនេះ និងមិនតែប៉ុណ្ណោះ បានបង្វិល នូវការពិតមួយចំនួនទៀតផង។ ប៉ុន្តែអ្នកកាសែត ដែល«ថ្លើមធំ»ហ៊ាន គម្រាមមន្រ្តីនគរបាលនោះ មិនមានច្រើនប៉ុន្មានទេ គឺមានតែបុគ្គលតិចតួចប៉ុណ្ណោះ។
ដោយឡែក អ្នកសារព័ត៌មាននៅរាធានីភ្នំពេញមួយរូបទៀត បានទទួលស្គាល់ដូចគ្នាថា នៅភ្នំពេញ ក៏មានករណី«គោះ»សមត្ថកិច្ច យកលុយខ្លះៗដែរ តែមិនដល់ថ្នាក់ល្បីល្បាញ ដូចនៅតាមខេត្តនោះទេ ព្រោះថា នៅក្នុងរាជធានីភ្នំពេញ មានមនុស្សច្រើន ហើយអ្នកជួយអន្តរាគមន៍ក៏ច្រើន ដែលធ្វើឲ្យ ករណីដូចខាងលើ មិនមានសកម្មភាពខ្លាំងនោះទេ។ ម្យ៉ាងទៀត ដោយសារអ្នកសារព័ត៌មាន នៅក្នុងរាជធានី មានការទទួលខុសត្រូវខ្ពស់ នៅក្នុងស្ថាប័នរបស់ពួគេ ដូច្នេះមិនអាចធ្វើដូចជាការលើកឡើង របស់មេបញ្ជាការខាងលើទេ៕