គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

មេដឹកនាំ ខាងនីតិប្រតិបត្តិមួយទាំងមូល ដែលពូកែខាងប្ដឹងពលរដ្ឋ ឬអ្នកនយោបាយ គួរតែប្ដឹង​ទាមទារ​​យក​កោះ​ត្រល់ ពីការ​កាន់​កាប់​​របស់​យួនមកវិញ។ នេះ ជាការអះអាង របស់លោក គឹម សុខ កាលពីចុង​ខែ​មករា​កន្លង​មក ដើម្បីប្រតិកម្ម​ទៅនឹងពាក្យបណ្ដឹងថ្មីៗ ដែលនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន រួមនឹង​កញ្ញា ធី សុវណ្ណថា បាន​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង ទៅកាន់​តុលាការ​​ពីបទ​បរិហារកេរ្តិ៍។
គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន
ផ្លាកសញ្ញាមួយ ដែលបង្ហាញពីព្រំដែន កម្ពុជា និងយួន។ (រូបថត លើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 18, 2017
  • ប្រធានបទ: ព្រំដែនខ្មែរ-យួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រវត្តិតទល់-សំដី របស់លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ ដែល​ទើប​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីម្សិលម៉ិញនេះ មិនមែនទើប​នឹង​កើត​ឡើង ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។ តែមាន​ជាប់​ទាក់ទង នឹងរឿងរសើបៗ​​ជាច្រើន ដែលរដ្ឋាភិបាល​របស់លោក ហ៊ុន សែន មិន​ចង់​ឲ្យ​លើក​​យក​មក​និយាយ ក្នុងនោះ​មានរឿងរ៉ាវ ទាក់ទងនឹងព្រំដែន ខ្មែរ-យួន នោះផង។

ស្រង់សំដី ដោយវិទ្យុសម្លេង​ក្នុងស្រុកមួយ ឈ្មោះ«ព្រះសង្ឃឯករាជ្យ» លោក គឹម សុខ បានជំរុញឲ្យ​លោក ហ៊ុន សែន ប្ដឹង​ទាមទារ​យកកោះត្រល់ ពីការគ្រប់គ្រងរបស់យួនមកវិញ ជាជាង​ការប្ដឹង​ឈ្លោះ​ទាស់ទែង តែ​ជា​មួយ​នឹង​ជន​ជាតិ​ខ្មែរ​គ្នាឯង។ ការលើកឡើង របស់លោក គឹម សុខ បាន​ធ្វើឡើង នៅថ្ងៃ​សុក្រ ទី២០ ខែមករា​កន្លង​មក​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអតីត​តារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្ទួនៗ​គ្នា ប្ដឹងអតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ពីបទ​បរិហារ​កេរ្តិ៍​ទៅ​កាន់​តុលាការ។

អ្នកឃ្លាំ​មើល​ស្ថានការណ៍​សង្គម និងនយោបាយរូបនេះ បានចាត់​ទុកថា ការប្ដឹងផ្ដល់​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ និង​អតីត​តារា​ហ្វេសប៊ុក ប្រឆាំង​នឹងមេដឹកនាំ​ប្រឆាំង នៅពេលនោះ ថាគ្រាន់តែ​ជាការ​បំបាក់ ដៃគូ​ប្រកួត​ប្រជែង​នយោបាយ កុំឲ្យ​ងើប​មុខ អាច​មក​ប្រកួតជាមួយខ្លួនបាន និងជារឿងគ្មាន​ប្រយោជន៍ ដល់​ប្រទេស​ជាតិ។ វិទ្យុ​បាន​ស្រង់​សំដី​របស់​លោក គឹម សុខ មក​សរសេរ​ថា៖ «បើសិន​ជា​អ្នកទាំងពីរ (លោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា) ខ្លាំង​មែន គួរណាតែ​ប្រើប្រាស់​ពេលវេលា​នេះ ពួតដៃគ្នា​ប្តឹងយក​កោះ​ត្រល់​ខ្មែរ ដែល​វៀតណាម​កំពុង​គ្រប់​គ្រង​សព្វ​ថ្ងៃ មកដាក់​ជាកម្មសិទ្ធិ​កាន់​កាប់​របស់​ខ្មែរ​វិញ»។

លោក គឹម សុខ ជាអ្នករិះគន់​រដ្ឋាភិបាល​ចុងក្រោយ​បង្អស់ ដែលត្រូវលោក ហ៊ុន សែន និង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក ប្ដឹងចាប់​ដាក់​ពន្ធនាគារ (តាមការសម្រេច ជា​បណ្ដោះអាសន្ន ពីតុលាការ‌‌ដ៏ចម្រូង‌ចម្រាស់) ពី​បទ​បរិហារ​កេរ្តិ៍ ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់លោក ដែលបង្ហាញ​ការសង្ស័យថា គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​នៅ​ពី​ក្រោយ​ឃាតកម្ម បាញ់សម្លាប់​លោក កែម ឡី ក្នុងខែកក្កដាកន្លងទៅ។ សកម្មជន​គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល ជាច្រើននាក់​ផ្សេងទៀត ដែលមានជំហរ មិនស្រប​នឹងរដ្ឋាភិបាល ក៏មានវាសនា​មិនខុស​ពី​លោក ​គឺម សុខ ដែរ រាប់បញ្ចូល​ទាំង​អតីត​សមាជិកព្រឹទ្ធសភា​ លោក ហុង សុខហួរ ដែលជាអ្នក​ជំនាញ​ខាង​ព្រំដែន​ មួយ​រូប​ផង។

លោក ហុង សុខហួរ បានជាប់ពន្ធនាគារមកទល់នឹងថ្ងៃនេះ ក្រោមបទក្លែងឯកសារសាធារណៈ ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និងបទញុះ​ញង់ ​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពីលោក​បាន​លើក​មក​ធ្វើ​អត្ថា​ធិប្បាយ កាលពីខែសីហា ឆ្នាំ២៩១៥ នូវសន្ធិសញ្ញាខ្មែរ-យួន ឆ្នាំ១៩៧៩ នៅលើទំព័រ​ហ្វេសប៊ុក របស់​លោក សម រង្ស៊ី។ អ្នកជំនាញខាងព្រំដែនរូបនេះ ក៏ធ្លាប់បានពន្យល់ យ៉ាងច្រើន ពីការបាត់​បង់​កោះ​ត្រល់​នេះ កាលពី​ពេល​កន្លងមកនោះដែរ

តែរាល់ការអះអាង​ទាំងនោះ មានភាព​ប្រទាំងប្រទើស ទល់នឹងការបកស្រាយ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម ពីលើសន្ធិសញ្ញា​នានា នៅក្នុង​ទសវត្សន៍ឆ្នាំ​៨០ ដើម្បី​ធ្វើឲ្យ​ក្លាយ​ជា​ផ្លូវ​ការ នូវព្រំដែនទឹកខ្មែរ-យួន ដែល​កន្លង​មក មានភាព​មិន​ច្បាស់លាស់ និងស្ថិត​ក្នុង​ភាព​ប្រទាញ​ប្រទង់​គ្នា។ លោក ហ៊ុន សែន ខ្លួន​លោក ថែមទាំងបាន​និយាយ​ពន្យល់ តែម្នាក់ឯង អស់​រយៈពេល​ជាង៥ម៉ោង នៅ​ក្នុង​រដ្ឋសភា កាល​ពី​ខែសីហា ឆ្នាំ២០១២ ដោយ​​​ដាក់កំហុស ទៅ​លោក ប្រេវីយេ (Jules Brévié) អគ្គទេសា​ភិបាល​​​បារាំង គ្រប់គ្រង​នៅឥណ្ឌូចិន ថាបាន​កាត់​កោះត្រល់ ​ឲ្យទៅ​យួន ហើយ​លោក​នាយករដ្ឋមន្ត្រី ថែម​ទាំង​បាន​និយាយ​ទៀត​ថា គឺអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្ដម សីហនុ ជាអ្នក​ទទួល​ស្គាល់​មុន​គេ ថា​កោះ​នេះ ជា​របស់​យួន។

ផ្ទុយទៅវិញ លោក ហុង សុខហួរ បានស្រង់សំណេរ​ផ្នែកខាងក្រោម នៃលិខិតរបស់លោក ប្រេវីយ៉េ មកអះ​អាង​ថា៖ «កោះ​ត្រល់​ជា​កោះរបស់ខ្មែរ នៅតែជាកោះរបស់ខ្មែរដដែល»។ លោក ប្រេវីយេ បានគូស​ខ្សែបន្ទាត់​បែង​ចែក ដែនទឹក​រវាង​កម្ពុជា និងកូសាំងស៊ីន ក្នុងឆ្នាំ១៩៣៩ ដោយ​ដាក់​​កោះ​​ទាំងឡាយ ដែលនៅ​​ខាង​ត្បូង​បន្ទាត់​ ប្រេវីយេ ១៤០អង្សារ នៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល របស់កូសាំងស៊ីន។ តាមរយៈ​នេះ លោក ប្រេវីយេ បាន​ប្រើ​ពាក្យ​ថា​«អនិស្សរៈភាព» ដែល​ខុស​ពី​ពាក្យ​«ឯករាជ្យ​ភាព»។

លោក ហុង សុខហួរ ធ្លាប់​បានថ្លែងទៀតថា៖ «បើកោះ​ត្រល់ បានទៅ​វៀតណាម តាំងពីឆ្នាំ១៩៣៩​នោះ ម្ល៉េះ​ វៀតណាម មិន​​ចាំបាច់​មក​ចុះ​ហត្ថលេខា ជាមួយលោកហ៊ុន សែន ឆ្នាំ​១៩៨២ ទៀត​នោះ​ទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...