អេនជឺលីណា ជូលី កំពុងរៀបចំសម្ពោធភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» នៅក្រុងសៀមរាប
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៨ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 18, 2017
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងកម្មវិធី ចាក់បញ្ចាំងដំបូង នៃភាពយន្ដរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ (ជាភាសាអង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» នឹងត្រូវចាប់ផ្ដើមធ្វើ នៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈនេះហើយ ចាប់ពីម៉ោង ៦ល្ងាចទៅ នៅលើលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ។
ដំណឹងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានពីខេត្តសៀមរាប នៅមុននេះបន្តិច បានអះអាងថា នៅខណៈនេះ កំពូលតារាហូលីវូដ ដែលបានក្លាយជាអ្នកដឹកនាំរឿង នាង អេនជឺលីណា ជូលី (Angelina Jolie) កូនប្រុសស្រីរបស់អ្នកស្រី រួមនឹងក្រុមការងារផង បានបង្ហាញខ្លួន នៅខាងមុខព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ ការបង្ហាញវត្តមាន ដែលគេជឿថា អ្នកស្រីទំនងជាមានជំនួបផ្លូវការអ្វីមួយនៅទីនោះ មុននឹងអ្នកស្រី ធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ១២ (ក្នុងថ្ងៃដដែលនេះ) នៅសណ្ឋាគារ «Raffles Grand Hotel d'Angkor»។
ភាពយន្ដហូលីវូដ ដែលថតជាភាសាខ្មែរ និងមានការចូលរួម ពីតារាជាតិជាច្រើននេះ នឹងត្រូវចាក់បញ្ចាំង នៅពាសពេញផ្ទៃប្រទេសកម្ពុជា។ កម្មវិធីចាក់បញ្ចាំង ដែលគេបានដឹង តាមរយៈទំព័រហ្វេសប៊ុក «Angelina Jolie / Angie» បានអះអាងថា៖ «ការចាក់បញ្ចាំង នៅរាជធានីភ្នំពេញ នឹងធ្វើនៅថ្ងៃទី ២១ ខែកុម្ភៈ ចាប់ពីម៉ោង ៦ល្ងាច នៅពហុកីឡាដ្ឋានអូឡាំពិក។ ការចាក់បញ្ចាំង នៅក្រុងបាត់ដំបង នឹងធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ (ទីកន្លែង និងពេលវេលា នៅមិនទាន់ឲ្យដឹង នៅឡើយ)»។
» ទិដ្ឋភាព នៃការរៀបចំចាក់បញ្ចាំងភាពយន្ដ នៅលើលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ៖
ភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាការដកស្រង់រសជាតិ នៃជីវិត«ពិត»ដ៏ខ្លោចផ្សារ នៅក្រោមរបបប្រល័យពូជសាសន៍ ខ្មែរក្រហម របស់ប្រជាជនខ្មែរមួយរូប ឈ្មោះ លឿង អ៊ឹង។ ទោះនៅក្នុងសម័យនោះ អ្នកស្រី លឿង អ៊ឹង នៅមានវ័យជាកុមារភាពម្នាក់ (អាយុ៥ឆ្នាំ) ក៏ដោយ តែអ្នកស្រីបានចងចាំហេតុការណ៍ ដ៏រន្ធត់តក់ស្លុត ពីសង្គ្រាមព្រាត់ប្រាស់ ដែលបានកើតឡើង ក្នុងទសវត្សន៍ឆ្នាំ៧០ ជាពិសេសហេតុការណ៍ នៅនឹងភ្នែក នៃការបណ្ដើរ នាំឪពុកអ្នកស្រីចេញទៅ ពីសំណាក់ក្រុមខ្មែរក្រហម ដែលគ្មានថ្ងៃវិលត្រឡប់។ ទិដ្ឋភាពនៅក្នុងចិត្តអស់ទាំងនោះ បានជំរុញឲ្យអ្នកស្រី សរសេរប្រលោមលោក «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះឡើង មុននឹងបោះពុម្ភផ្សាយ ជាសៀវភៅនៅក្នុងឆ្នាំ២០០០៕