ខៀវ កាញារីទ្ធ៖ បើ​គណបក្ស​ប្រជាជន​មិន​ប្ដឹង គឹម សុខ...

នៅស្របពេល នឹងការចាប់បញ្ជូន ខ្លួនលោក គឹម សុខ យកទៅដាក់ឃុំ ជាបណ្ដោះអាសន្ន នៅរសៀល​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ចេញ​មក​បកស្រាយ ពីភាពចាំបាច់ ដែលគណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​ប្ដឹង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ទៅ​កាន់​តុលាការ។ ការ​បក​ស្រាយ ដែល​មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​លុត​ជង្គត់ ប្រគល់​អំណាច ដាក់​លើ​ពាន​មាស ឲ្យទៅអ្នក​បង្ករឿង​នោះ​ឡើយ។
ខៀវ កាញារីទ្ធ៖ បើ​គណបក្ស​ប្រជាជន​មិន​ប្ដឹង គឹម សុខ...
លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយ លើបញ្ហាសង្គម និងនយោបាយ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅរសៀលថ្ងៃនេះ វេលាម៉ោងប្រមាណជា ៣និង២០នាទី លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយ លើ​បញ្ហា​សង្គម​ និង​​នយោបាយ តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ជាច្រើននោះ ត្រូវបានសាលាដំបូងរាជធានី បញ្ជូន​ខ្លួន​ទៅ​ដាក់​​ឃុំ​​ជា​បណ្ដោះ​អាសន្នហើយ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយការដាក់ពាក្យបណ្ដឹង របស់លោក ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​-ប្រធានគណបក្សប្រជាជនកម្ពុជា ចូលទៅ​ដល់​តុលាការ។

សម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់មួយរូប របស់​គណបក្ស​កាន់​អំណាច ​បាន​ពន្យល់​ថា ការ​ដាក់​បណ្ដឹង ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្ដឹង​លោក គឹម សុខ នេះ គឺ​ជា​ការ​ស្វែង​រក​ខុស-​ត្រូវ ប្រឆាំង​នឹង​មធ្យោបាយ «ទុច្ចរិត ដើម្បី​បន្ទាប​បន្ថោក» គណបក្ស​កាន់​​អំណាច របស់​លោក។

ស្របពេល នឹងការបញ្ជូនខ្លួនលោក គឹម សុខ ទៅឃុំនៅរសៀលនេះ លោក ខៀវ កាញារីទ្ធ បាន​ស្រង់​គំនិត​របស់ ​«មិត្ត​ភ័ក្រ» របស់​លោក យកមកសរសេរ នៅលើ​គណនេយ្យ​ហ្វេសប៊ុក ផ្ទាល់​ខ្លួន​លោក​ថា៖ «មានមិត្ត​ភក្តិ​ខ្លះ​ឲ្យ​យោបល់​ថា មិនគួរប្តឹង​លោក គឹម សុខ ទេ ទុកឲ្យគាត់​និយាយ ពុលទឹ​ក​មាត់ តែ​ខ្លួន​ឯង​ទៅ»។

លោករដ្ឋមន្ត្រី បានឆ្លើយថា៖ «នេះជាគំនិតមួយ តែមិនអាចអនុវត្តបាន នៅក្នុងសង្គម​ប្រជាធិបតេយ្យ​បាន​ទេ នៅ​ពេល​ដែល​គណបក្ស​មួយ រងការចោទប្រកាន់ធ្ងន់ធ្ងរ ដូចជា​អំពើ​ឃាតកម្ម​នេះ​ជាដើម ព្រោះ​សង្គម​ប្រជា​ធិប​តេយ្យ ត្រូវ​ការ​បេះដូង និង ខួរក្បាល របស់​អ្នក​បោះ​ឆ្នោត»។

«ឃាតកម្មនេះ» ដែលលោក កាញារីទ្ធ ចង់សំដៅនោះ គឺការបាញ់សម្លាប់លោក កែម ឡី យ៉ាង​សាហាវ​ព្រៃផ្សៃ កណ្ដាល​រាជធានី កាល​ពី​ខែកក្កដា ឆ្នាំកន្លងទៅ ដែលមកទល់នឹងថ្ងៃនេះ ពន្លឺនៃការស៊ើបអង្កេត មិន​ដែល​ត្រូវ​បាន​អាជ្ញាធរ ឬ​ស្ថាប័ន​ទទួល​ខុសត្រូវ​ណាមួយ ចេញ​មុខ​មកធ្វើការ​បកស្រាយ ឲ្យបាន​ច្បាស់​លាស់​នោះទេ និង​បង្ក​ឲ្យ​មាន​មន្ទិល​ខ្លាំង​ឡើង។ ភាព​មន្ទិល​នោះ ត្រូវបានលោក គឹម សុខ យកមក​ធ្វើអត្ថាធិប្បាយ និង​បាន​ដាក់​ការ​សង្ស័យ​មួយ​ផ្នែក ទៅលើគណបក្សប្រជានកម្ពុជា (ឬមន្ត្រីរបស់គណបក្ស) ថាអាច​នៅ​ពី​ក្រោយ ឃាតកម្ម​នេះ។

លោក ខៀវ កាញារីទ្ធ បានសរសេរបន្តថា៖ «បើគេបណ្តុះការសង្ស័យ បើគេប្រើមធ្យោបាយទុច្ចរិត ដើម្បី​បន្ទាប​បន្ថោក​បក្ស​ណា​មួយ បើ​បក្ស​នោះ មិនបង្ហាញថា រឿងដែលកើតមានឡើង គឺអ្នកណាត្រូវ អ្នកណា​ខុស​ទេ​នោះ ​មិន​មាន​ន័យ​ថា បក្ស​នោះ​លុត​ជង្គង់​ប្រគល់​អំណាច ដាក់​លើ​ពាន​មាស ទៅអ្នកបង្ករឿង​នោះ​ទៅ​ហើយ?»។

ពាក្យ«អ្នកណាខុស អ្នកណាត្រូវ» របស់លោករដ្ឋមន្ត្រីព័ត៌មាន មានន័យស្មើរ នឹងការស្វែងរក​យុត្តិធម៌។ ហើយ​ផ្ដើម​​ចេញ ពីការកើតទុក្ខ​មិនសុខចិត្តនេះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ឲ្យ​មេធាវី​​ដាក់​​ពាក្យ​បណ្ដឹង ប្តឹង​លោក គឹម សុខ ទៅ​កាន់​តុលាការ កាលពីថ្ងៃចន្ទ។ លោក ហ៊ុន សែន ផ្ទាល់ ថែម​ទាំង​បាន​អះ​អាង​​ថា លោក​​បាន​បញ្ជា ឲ្យកម្លាំង​​នគរបាល​តាម​ឃ្លាំមើល លោក គឹម សុខ តាំងពីមួយថ្ងៃ​​មុន​ការ​ដាក់​ពាក្យ​បណ្ដឹង ទៅ​កាន់​​តុលាការ​នោះ​ថែមទៀត ដោយខ្លាច​ក្រែង អ្នកធ្វើ​អត្ថាធិប្បាយ​រូបនេះ លួចរត់​ចេញ​ទៅ​ក្រៅ​ប្រទេស។

ពាក្យបណ្ដឹងនោះ ត្រូវបាន​សាលាដំបូងចាត់ការ យ៉ាងរហ័សជាទីបំផុត ដោយបានចេញដីកាមួយ នៅថ្ងៃ​ចន្ទ​ដដែល បង្គាប់​ឲ្យ​លោក គឹម សុខ ចូលខ្លួនទៅបំភ្លឺក្នុងថ្ងៃសុក្រនេះ។ ការចូលខ្លួនទៅបំភ្លឺ នៅក្នុងតុលាការ​ នៅ​ថ្ងៃ​នេះ​ បានសម្រេច​​​លទ្ធផល​​នៅ​ទីបំផុត ដោយ​ការ​ចាប់​​បញ្ជូន​ខ្លួន លោក គឹម សុខ ទៅឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​ពន្ធនាគារ​ព្រៃស។

អ្នកតាមដានស្ថានការណ៍ បានបរិហារ ពីទំនាស់ផលប្រយោជន៍ នៃការប្រើប្រាស់អំណាច និង​កម្លាំង​អាជ្ញាធរ ពី​សំណាក់​ដើម​បណ្ដឹង (លោក ហ៊ុន សែន) ខណៈសំនុំរឿង នៅមិនទាន់ ត្រូវបាន​តុលាការ​វិនិច្ឆ័យ ថា​យ៉ាង​ដូចម្ដេច​នៅ​ឡើយ។ នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែង​​នៅ​លើ​បណ្ដាញ​សង្គម​ថា៖ «អ្នក​ដឹកនាំ​អំណាច​​​នយោបាយ ជាដើម​បណ្តឹង ប្តឹង​ប្រជា​ពលរដ្ឋ ហើយ​​ក៏​​បញ្ជា​​អាជ្ញាធរ​ ដាក់​សម្ពាធ​​ឃាត់​​អ្នក​ចុងចោទ ដែល​នេះ ជាទំនាស់​ផល​​ប្រយោជន៍ នៃ​កាប្រើ​អំណាច​ និង​​ប៉ះពាល់​​ឯករាជ្យ​ភាព​ របស់​ប្រព័ន្ធ​យុត្តិធម៌។ ករណី​បែប​នេះ គឺ​មិន​មាន​​សិទ្ធិ​ស្មើ​គ្នា ចំពោះ​មុខ​ច្បាប់ និង​ការ​ប្រើ​ប្រព័ន្ធ​​​យុត្តិធម៌​​ទេ»។

លោក គល់ បញ្ញា បានបន្ថែមថា៖ «នៅ​ប្រទេស​ប្រជាធិតេយ្យ​សេរី និង​នីតិរដ្ឋ អ្នក​នយោបាយ ពិសេស​​ជា​អ្នក​ដឹកនាំ​ អំណាច​​នយោបាយ របស់​​រដ្ឋាភិបាល ឬជាគណបក្ស​​នយោបាយ មិនប្តឹង​ប្រជាពលរដ្ឋ អំពី​បទ​បរិហារកេរ្តិ៍ ​ទាក់​ទិន​​ការ​​ចោទ​​ប្រកាន់ ឬ​ការ​ទិតៀន​​​នយោបាយ ជាមួយការទារ​​សំណង​​ទឹក​លុយ ដ៏សម្បើម​​ហួស​ហេតុ​​ដូចនេះ​​ទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...