អ៊ុំ សំអាន៖ រដ្ឋាភិបាលប្រើផែនទីអមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងផែនទីព្រំដែនប្រទេសកម្ពុជា តំណាងឲ្យបូរណភាពទឹកដី នៅមិនទាន់ស្ងាត់នៅឡើយ។ បើរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិតបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលបានធ្វើជាច្រើនដង កាលពីពេលកន្លងមកនោះ សម្រាប់មន្ត្រីគណបក្សប្រឆាំងវិញ នៅតែអះអាងថា រដ្ឋាភិបាលគួរបោះបង្គោលព្រំដែន ដោយយកតាមផែនទី ដែលកម្ពុជាបានយកទៅតម្កល់ទុក នៅអង្គការសហប្រជាជាតិ ជៀសជាងការប្រើប្រាស់ ផែនទីមួយ ដែលយកសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ មកធ្វើជាមូលដ្ឋាន។
លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងបណ្តាញសង្គមថា រដ្ឋាភិបាលប្រើផែនទីបោនខ្នាត ១/១០០.០០០ ចំនួន២៦ផ្ទាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីបោនខ្នាត ១/១០០.០០០ របស់រដ្ឋាភិបាលបារាំង និងផែនទី UTM ខ្នាត ១/១០០.០០០ របស់អង្គការសហប្រជាជាតិ។ លោកបានបន្តថា៖ «ប៉ុន្តែពេលបោះបង្គោលព្រំដែន រដ្ឋាភិបាលប្រើផែនទីផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន៤០ផ្ទាំង (ចែងក្នុងទំព័រទី១២ នៃសន្ធិសញ្ញាឆ្នាំ១៩៨៥ និងប្រការ៣ចំណុច២ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥)។ ការបោះបង្គោលនេះក៏ប្រើផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន២៦ផ្ទាំង ដែលចម្លងពីផែនទីបោនខ្នាត ១/១០០.០០០ ចំនួន២៦ផ្ទាំងផងដែរ "ប្រការ៣ចំណុច១ នៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥" (ចម្លងនិងបោះពុម្ភ នៅប្រទេសវៀតណាម) ឯផែនទីបោនខ្នាត ១/១០០.០០០ គ្រាន់តែប្រើអមប៉ុណ្ណោះ។»
តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានបន្តអះអាងថា៖ «ផែនទីបោនប្រើមុំ ឯផែនទី UTM ប្រើម៉ែត្រ។ ដូច្នេះមានតែផែនទី UTM ទេ ដែលស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើប។ ឯផែនទីបោន មិនស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើបនោះទេ។»
ចំពោះការអះអាងនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជាបានទេ។ តែលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ធ្លាប់បានលើកឡើងថា ករណីការបង្ហាញ ឬផ្ទៀងផ្ទាត់ផែនទីនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ឲ្យបញ្ចប់ជាស្ថាពរហើយ ដោយរង់ចាំតែពេលវេលា ក្នុងការបោះបង្គោលព្រំដែន លើតំបន់ដែលមិនទាន់បានបោះប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន បាននាំពាក្យ លោក វ៉ា គឹមហុង ដែលធ្លាប់និយាយថា៖ «ផែនទីបោនខ្នាត ១/១០០.០០០ មិនស៊ីគ្នា ជាមួយបច្ចេកវិទ្យាទំនើបនោះទេ។ ហេតុនេះហើយ បានជារដ្ឋាភិបាលប្រើផែនទី UTM ខ្នាត ១/៥០.០០០ ដើម្បីបោះបង្គោលព្រំដែន។»
លោកបានបន្តពន្យល់ទៀតថា ផែនទី UTM ខ្នាត ១/៥០.០០០ នេះ ផ្ទុយមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលតម្រូវឲ្យប្រើផែនទីខ្នាត ១/១០០.០០០។ លោកថា នេះជាមូលហេតុ ដែលលោក ហ៊ុន សែន និងលោកបណ្ឌិត សុខ ទូច ចង់ឲ្យធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដើម្បីតម្រូវអ្វីដែលរដ្ឋាភិបាល ប្រើផែនទីផ្ទុយពីរដ្ឋធម្មនុញ្ញកន្លងមក។
តំណាងរាស្រ្ត អ៊ុំ សំអាន ដែលល្បីល្បាញខាងតាមដាន និងអង្កេតលើសំនុំរឿងព្រំដែនកម្ពុជា បានបញ្ជាក់ថា បើរដ្ឋាភិបាលនៅតែប្រើផែនទី UTM ខ្នាត ១/៥០.០០០ នោះ វានឹងចំណេញដល់វៀតណាម។ ហេតុដូច្នេះហើយ ទើបវៀតណាមជ្រើសរើសយកផែនទីនេះ សម្រាប់ធ្វើការបោះបង្គោលព្រំដែន។ គេអាចធ្វើការបម្លែង (Convert) ពីផែនទីបោនខ្នាត ១/១០០.០០០ ទៅផែនទី UTM ខ្នាត ១/១០០.០០០ ដើម្បីឲ្យស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើប។ ប៉ុន្តែរដ្ឋាភិបាលបែរជាប្រើផែនទី UTM ខ្នាត ១/៥០.០០០ ទៅវិញ។
លោក អ៊ុំ សំអាន បានសរសេរអះអាងបន្ថែមថា៖ «ផែនទីបោនខ្នាត ១/១០០.០០០ ជាផែនទីក្រុមភូមិសាស្រ្តឥណ្ឌូចិន (ផែនទីបារាំង) ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ ឯផែនទី UTM ខ្នាត ១/៥០.០០០ ជាផែនទីយោធាអាមេរិកាំង។ តាមមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ ស្តីពីម្ចាស់កម្មសិទ្ធិកាន់កាប់ទឹកដី ក្រោយសង្គ្រាម តម្រូវឲ្យយកមរតកអាណានិគម ហើយអាណានិគមនិយម លើសកលលោកមាន២ គឺបារាំងនិងអង់គ្លេស។ ដូច្នេះកម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំង ត្រូវយកមរតកបារាំង បន្សល់ទុកឲ្យដើម្បីបោះបង្គោលព្រំដែន គឺផែនទីបោនខ្នាត ១/១០០.០០០។ ប៉ុន្តែរដ្ឋាភិបាលបែរជាយកមរតកយួន និងអាមេរិកាំងទៅវិញ គឺផែនទីមានត្រាយួន និងផែនទី UTM ខ្នាត ១/៥០.០០០។»
លោកបានធ្វើការសរុបសេចក្ដីថា៖ «រដ្ឋាភិបាលប្រើផែនទី អមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរសម្រាប់បោះបង្គោលព្រំដែន ហើយមិនបានប្រើផែនទីបោនខ្នាត ១/១០០.០០០ ដែលតម្កល់ នៅអង្គការសហប្រជាជាតិនោះទេ។»៕