របាយការណ៍៖ ហ៊ុន ណេង បង​ប្រុស ហ៊ុន សែន ពាក់​ព័ន្ធ​ការ​កាប់​ឈើ​«ខុស​ច្បាប់» នៅ​កំពង់ធំ?

អ្នកឃ្លាំមើលព្រៃឈើ បានឲ្យដឹងថា លោក ហ៊ុន ណេង បងប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ៊ុន​កៅស៊ូរបស់រដ្ឋវៀតណាម ត្រូវបានគេចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនកាប់ឈើខុសច្បាប់ ដែលធ្វើ​ប្រតិបតិ្តខ្លាំង នៅខេត្តកំពង់ធំ។
Loading...
  • ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង [email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 01, 2014
  • ប្រធានបទ: កាប់ឈើ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាប់ឈើខុសច្បាប់ - ឃ្លីបវិដេអូ និងរូបថត ដែលក្រុមអ្នកតស៊ូមតិ បានឲ្យដឹងថា បានថតកាលពី ២ សប្តាហ៍មុន​នោះ បានបង្ហាញពីរថយន្តដឹកជាច្រើន ដែលជារបស់ក្រុមហ៊ុន MDS Export and Import របស់ឧកញ៉ា ទ្រី ភាព បានដឹកឈើពីព្រៃទៅរោងអារឈើ នៅក្នុងគម្រោងអភិវឌ្ឍកៅស៊ូ Chu Pah និងដីសម្បទានសង្គមកិច្ច ដែលគេថា ស្ថិតក្រោមការត្រួតពិនិត្យរបស់លោក ហ៊ុន ណេង។

គម្រោង Chu Pah ត្រូវបានប្រតិបតិ្តការដោយក្រុមហ៊ុន CRCK II Kampong Thom ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន Vietnam Rubber Group របស់រដ្ឋវៀតណាម។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចធ្វើការផ្ទៀតផ្ទាត់ទីតាំង ឬកាលបរិច្ឆេទ ដែលគេថតឃ្លីប និងរូបភាពនោះទេ។ ចំនែកឯលោក ហ៊ុន ណេង បានបដិសេធការចោទប្រកាន់នេះ កាលពីម្សិលមិញ។

លោក ឈឹម សាវុធ ប្រធានអង្គការ ការពារធនធានធម្មជាតិ បានថ្លែងថា ក្រុមហ៊ុន សេង សារ៉ាវុធ ដែលជាក្រុមហ៊ុន​កាប់ឈើរបស់លោកស្រី សេង សុឃាង អតីតប្រពន្ធរបស់លោក ហ៊ុន ចូច ក្មួយលោក ហ៊ុន សែន បានកាន់​អាជ្ញាប័ណ្ណ ដើម្បីធ្វើការផាត់ទាត់ឈើឲ្យ CRCK។

លោក ឈឹម សាវុធ បានបន្ថែមថា រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន CRCK បានសាងសង់រោងអារឈើ ចំនួនពីរកន្លែង នៅក្នុងឃុំអូងៀវ និងឃុំមានរិទ្ធ ចំណែកឯក្រុមហ៊ុន សេង សារ៉ាវុធ ធ្វើប្រតិបតិ្តការរោងអារឈើ​មួយ​ទៀត នៅតំបន់នោះ។

ទោះជាយ៉ាងណា ខណៈដែលឈើកំពុងតែបាត់បង់ លោកស្រី សេង សុឃាង បានធ្វើការផ្លាស់ប្ដូទីប្រតិបតិ្តការ​របស់​ខ្លួនទៅភូមិ​ស្ទឹងតូច ក្នុងឃុំមានរិទ្ធ ដែលលោក ឈឹម សាវុធ អះអាងថា លោក ហ៊ុន ណេង ជាអ្នកគ្រប់គ្រងដីនេះ ដែលទុកសម្រាប់​ចែកឲ្យអតីតយោធិនពិការ។

លោក ឈឹម សាវុធ បានបន្តថា៖ «លោក ហ៊ុន ណេង បានទទួលដីសម្បទានសង្គមកិច្ចនោះ ជាយូរមកហើយ ដើម្បី​ប្រគល់ទៅឲ្យយោធិនពិការ ប៉ុន្តែលោកមិនបានប្រគល់វាទៅឲ្យប្រជាជនទេ។ គេបានយកដីនោះ ទៅសាងសង់​រោង​អារឈើចំនួនប្រាំបី ដើម្បីធ្វើការកាប់ឈើ។»។ លោកបានបន្ថែមថា របងត្រូវបានសាងសង់ឡើងនៅជុំវិញដីសម្បទាន​ដើម្បីកុំឲ្យអ្នកភូមិចូល។

លោក ហ៊ុន ណេង ដែលជាអតីតអភិបាលខេត្តកំពង់ចាម បានបដិសេធកាលពីម្សិលមិញថា លោកមិនជាប់​ពាក់ព័ន្ធ​ក្នុងប្រតិបតិ្តការកាប់ឈើ។ លោកបានបន្តថា៖ «ដីរបស់ខ្ញុំស្ថិតនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែវានៅជិតខេត្តកំពង់ចាម។ ខ្ញុំ​មិនពាក់ព័ន្ធនឹងដី នៅស្រុកសណ្តាន់ទេ។»។

ក្រុមហ៊ុន CRCK និងក្រុមហ៊ុន សេង សារ៉ាវុធ បានជាប់ពាក់ព័ន្ធក្នុងវិវាទជាមួយនឹងអ្នកស្រុក ទាក់ទងនឹងសកម្មភាព​កាប់ឈើអស់រយៈពេលជាច្រើនឆ្នាំ។ កាលពីខែមីនា ឆ្នាំ ២០១២ អ្នកភូមិជាង ២០០ នាក់ បានទៅឡោមព័ទ្ធនៅរោង​អារ​ឈើរបស់ក្រុមហ៊ុន សេង សារ៉ាវុធ ដោយប៉ះទង្គិចជាមួយនឹងសន្តិសុខ។

លោក Marcus Hardke អ្នកអភិរក្ស បានថ្លែងថា៖ «ដីសម្បទាន CRCK ត្រូវបានអនុម័តកាលពីឆ្នាំ ២០១០។ វាពិត​ជាមើលទៅហាក់ដូចជា ពួកគេកំពុងតែបោកគក់ឈើពីព្រៃឡង់ ហើយនាំចេញពីព្រៃក្នុងចំនួនច្រើន។»។

«វាពិតជាសកម្មភាពខុសច្បាប់ទាំងស្រុង។ ពួកគេ (CRCK) បានដាំឈើកៅស៊ូមួយចំនួន ប៉ុន្តែទន្ទឹមនឹងនេះ មាន​ប្រតិបតិ្តការកាប់ឈើខុសច្បាប់ធំៗ ក្រោមរូបភាពនៃចំការកៅស៊ូទាំងនេះ ហើយប្រសិនបើសកម្មភាពនេះ មិនត្រូវ​បានបញ្ឈប់ វាអាចបន្តអស់រយៈពេលជាច្រើនឆ្នាំ រហូតទាល់តែគេបំផ្លាញព្រៃទាំងមូល»។

ការចោទនេះបានធ្វើឡើងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសថា ក្រុមហ៊ុនដែលកាន់កាប់ដី​សម្បទានសេដ្ឋកិច្ច ដែលបានរំលោភលើកិច្ចសន្យា នឹងត្រូវលុបចោលដីសម្បទានសេដ្ឋកិច្ច ហើយប្រែក្លាយទៅជា​ដីសម្បទាន​សង្គមកិច្ចវិញ។

លោក ជុំ យឺម សកម្មជនសហគមន៍ដែលប្រឆាំងការកាប់ឈើ បានថ្លែងកាលពីម្សិលមិញថា ការឃុបឃិតរបស់​ក្រុមហ៊ុន​កាប់ឈើខុសច្បាប់ជាមួយនឹងមន្រ្តីមានអំណាច បានធ្វើឲ្យសកម្មភាពរបស់សហគមន៍ជួបការពិបាក។

លោកបានបន្តថា៖ «ព្រៃឡង់មិនអាចវិលត្រឡប់ទៅដូចដើមទេ ឬត្រូវបានអភិរក្សទេ ព្រោះអាជ្ញាធរបានរួមដៃជាមួយ​នឹងអ្នកកាប់ឈើ ដើម្បីធ្វើអាជីវកម្ម»។ លោកបានបន្ថែមថា ក្រុមហ៊ុន CRCK បានបន្លាស់រោងអារឈើទៅក្នុងដី​សម្បទានសង្គមកិច្ច ក្នុងឃុំមានរិទ្ធ។ ឥឡូវនេះ គេបានបង្កើនការកាប់ឈើ ព្រោះកន្លែងនោះ​ក៏នៅជិតព្រៃឡង់​ផង​ដែរ។

លោក ជុំ យឹម បានអំពាវនាវដល់រដ្ឋាភិបាលឲ្យធ្វើអន្តរាគមន៍ និងចាត់វិធានការប្រឆាំងក្រុមហ៊ុនកាប់ឈើ។ «ខ្ញុំសូម​ស្នើ​រដ្ឋាភិបាលសូមទទួលស្គាល់ការកាប់ឈើអានាធិបតេយ្យ នៅព្រៃឡង់។ សូមកុំស្តាប់មន្រ្តី ដែលនិយាយកុហកថា គ្មាន​ការកាប់ឈើខុសច្បាប់។»។

លោក ថន សារ៉ាត ប្រធានរដ្ឋបាលនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុនបានទទួលការអនុញ្ញាត ឲ្យកាប់ឈើក្នុងដីសម្បទាន ដោយលោកបានបន្ថែមថា ប្រសិនបើមានភស្តុតាង បង្ហាញជូនក្រសួងថា ក្រុមហ៊ុនបានពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើខុសច្បាប់ ក្រុមហ៊ុន អាជ្ញាប័ណ្ណក្រុមហ៊ុន CRCK អាចនឹងត្រូវលុបចោល ។

លោកបានបញ្ជាក់ថា៖ «ប្រសិនបើយើងដឹងច្បាស់ថា ក្រុមហ៊ុនកាប់ឈើនៅក្រៅតំបន់ ហើយយើងទទួល​បាន​ភស្តុតាង យើងនឹងដាក់ទណ្ឌកម្មក្រុមហ៊ុន ដោយដកយកអាជ្ញាប័ណ្ណ»។ លោកបានបន្ថែមថា អ្នកភូមិត្រូវចាត់​វិធានការ​​យ៉ាងឆាប់រហ័ស ដោយដាក់ពាក្យបណ្តឹងមកអាជ្ញាធរ ដើម្បីការពារព្រៃទាំងអស់គ្នា ព្រោះវាជាធនធាន​ធម្មជាតិ។ នាយកដ្ឋានរបស់យើងមានផែនការប្រឆាំងនឹងអ្វីដែលកំពុងកើតឡើង»។

លោកបានបន្ថែមថា៖ «ប៉ុន្តែ យើងត្រូវការពេលវេលា ដើម្បីធ្វើឲ្យវាមានប្រសិទិ្ធភាព។ វៀតណាម បានសន្យាចាត់​វិធានការប្រឆាំងនឹងក្រុមហ៊ុនរបស់ខ្លួន ដែលកាប់ឈើខុសច្បាប់នៅកម្ពុជា ដោយមិនផ្តល់កម្ចីដល់ក្រុមហ៊ុន​ទាំងនោះ​ទេ។»។

ប៉ុន្តែយោងតាមលោក Hardke បានឲ្យដឹងថា អនាគតហាក់ដូចជាមិនភ្លឺថ្លាទាល់តែសោះ។ លោកបានបញ្ជាក់ថា៖ «ព្រៃឡង់ជាចំណុចសំខាន់ នៃចលនាសហគមន៍ប្រឆាំងនឹងការកាប់ឈើខុសច្បាប់ ហើយវាកាន់តែឌុនដាប​ឥឡូវ​នេះ។ មួយផ្នែកនេះ ដោយសារតែគ្មានការគាំទ្រគ្រប់គ្រាន់ ពីអង្គការមិនមែនរដ្ឋាភិបាល និងម្ចាស់ជំនួយ និងការ​គាំទ្រនយោបាយ និងដោយសារតែមានភាពអនាធិបតេយ្យកាន់តែខ្លាំងឡើង។»។

«វាជាការបំផ្លាញទាំងស្រុង។ ព្រៃអភិរក្សមិនត្រូវបានអភិរក្សទេ។ វាជាការប៉ះពាល់ដល់ប្រព័ន្ធ។ អ្វីទៅ ដែល​អ្នកអាច​ធ្វើបាន? រាយការណ៍ប្រាប់អាជ្ញាធរឬ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...