អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

ប្រជាពលរដ្ឋប្រមាណប្រាំនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ត្រូវបានចាប់ខ្លួន (ប្រភពមួយទៀត និយាយថា​មានតែបី​នាក់ទេ) និងបួននាក់ផ្សេងទៀត ត្រូវ​បានរត់ចូលព្រៃ គេចចេញពីការតាមចាប់របស់អាជ្ញាធរក្រុងប៉ៃលិន ក្រោមបញ្ជា​ផ្ទាល់ពីលោកអភិបាលក្រុង អ៊ី ឈាន ក្នុងបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរលក់ទៅឲ្យ​ក្រុមហ៊ុន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋប្រមាណប្រាំនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ត្រូវបានចាប់ខ្លួន (ប្រភពមួយទៀត និយាយថា​មានតែបី​នាក់ទេ) និងបួននាក់ផ្សេងទៀត បានរត់ចូលព្រៃ គេចចេញពីការតាមចាប់របស់អាជ្ញាធរក្រុងប៉ៃលិន ក្រោមបញ្ជា​ផ្ទាល់ពីលោកអភិបាលក្រុង អ៊ី ឈាន ក្នុងបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរលក់ទៅឲ្យ​ក្រុមហ៊ុន។


ខេត្តប៉ៃលិន។ (រូបថត ឯកសារ)

ដីធ្លី - ព្រះតេជគុណ ឃឹម សំអឿន ព្រះចៅអធិការវត្តមួយក្នុងក្រុងប៉ៃលិន និងជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ប្រចាំក្រុងប៉ៃលិន បានមានសង្ឃដីការឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ដឹងថា ការចាប់ខ្លួនប្រជាពលរដ្ឋទាំងប្រាំនាក់​ខាងលើ ដោយសារតែទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលពីមុនមក ដីធ្លីដែលពាក់ព័ន្ធនេះ ជាចំណែក​ចែកឲ្យប្រជាពលរដ្ឋ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ និងស្រុក។ ក្រោយមក គេបានដកហូតដីនេះទៅវិញ ដោយអះអាងថាជាដីរដ្ឋ និងជាដីទុក​បម្រុង​​សម្រាប់ធ្វើព្រលានយន្តហោះ។ ព្រះអង្គបន្តថា ក្រោយពីការដកហូតនេះ ស្រាប់តែឃើញបងថ្លៃលោកអភិបាល​ខេត្ត​ប៉ៃលិន ជាអ្នកគ្រប់គ្រង និងដាំដំឡូងទៅវិញ។

ប្រជាពលរដ្ឋយ៉ាងហោចណាស់ប្រាំនាក់ ត្រូវបានចាប់ខ្លួន យកទៅសួរចម្លើយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅពេលពួកគាត់កំពុងអង្គុយជជែកគ្នាលេង នៅក្រោមផ្ទះដោយមិនដឹងខ្លួន។ ឯប្រជាពលរដ្ឋបួននាក់ផ្សេងទៀត បានគេចចូលព្រៃ ពីការតាមចាប់របស់ក្រុមអាជ្ញាធរទាំងនោះ។ នេះជាការបញ្ជាក់បន្ថែម របស់ព្រះតេជគុណឃឹម សំអឿន។

តែតាមការបញ្ជាក់របស់លោក ញឹក ញ៉ាន ត្រូវជាស្វាម៉ីអ្នកស្រី ឱម សំអាត ដែលត្រូវបានចាប់ខ្លួន ក្នុងភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ប្រជាពលរដ្ឋបានរងការចោទ​ប្រកាន់ និងត្រូវបានចាប់ខ្លួនជាក់ស្តែងមកដល់ពេលនេះ មានបីនាក់ មានលោក ពេជ្រ សោភា អ្នកស្រី ឱម សំអូន និង ឱម សំអាត។ ឯក្មេងតូចអាយុ៤ឆ្នាំ និងម្តាយឈ្មោះឃឿននោះ មិនត្រូវបានបញ្ជួនទៅស្នាក់ការស្រុកសាលាក្រៅទេ។

ចំណែកប្រជាពលរដ្ឋ ដែលគេចរួចពីការចាប់ របស់ក្រុមអាជ្ញាធរទាំងនោះ មានឈ្មោះអ្នកស្រី ប្រាក់ សុធី លោក ថោង ថន លោក គឹម គីម និងអ្នកស្រី វួច ស្រីម៉ៅ។ លោកបន្តរថា បច្ចុប្បន្ននេះ ខាងព្រហ្មទណ្ឌកំរិតស្រាលថ្នាក់ស្រុក កំពុង​តាមឃ្លាំមើលផ្ទះ លោក ថោង ថន និងអ្នកស្រី ប្រាក់ សុធី ដែលជាតំណាងប្រជាពលរដ្ឋមួយរូបដែរនោះ។

មន្រ្តីរាជការចូលនិវត្តន៍រូបនេះ បានពន្យល់ទាក់ទងនឹងការចាប់ខ្លួននេះថា ប្រពន្ធរបស់លោក និងប្រជាពលរដ្ឋ​ពីរ​នាក់ផ្សេងទៀត ដែលបានចាប់ខ្លួននេះ តំណាងឲ្យប្រជាពលរដ្ឋចំនួន១៩ គ្រួសារ និងក៏ជាអ្នកនាំមុខក្នុងការប្តឹង​តវ៉ា​រឿងដីធ្លី ដែលអាជ្ញាធរដកហូតកាលពី២ឆ្នាំកន្លងមក ដើម្បីធ្វើជាព្រលានយន្តហោះ ជាមួយនិងការសន្យាថាផ្តល់​ទីតាំងថ្មីជាជំនួសវិញ។ ដោយទុកចិត្តលើអាជ្ញាធរ ប្រជាពលរដ្ឋទាំង១៩គ្រួសារ ក៏បានប្រគល់ដីនោះ​ឲ្យ តាមការស្នើ​សុំ។ ក្រោយពីថ្ងៃប្រគល់ដីនោះ អាជ្ញាធរក្រុងមិនបានដោះស្រាយដីថ្មីឲ្យទេ។ នៅពេលដែលប្រជាពលរដ្ឋសួរ ឬហៅ​តាមទូរស័ព្ទតែងតែគេច បិទ ឬមិនទទួលជាដើម។ ផ្ទុយទៅវិញ ដីទាំងនោះ បែរមានអ្នកផ្សេងចូលទៅកាន់កាប់ និង​ដាំដំឡូង​ជាជំនួស។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងពេលកំពុងសាកសួរក្នុងព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤នេះតំណាង​គ្រួសារ​ទាំង១៩នាក់នោះ ត្រូវបានខាងព្រហម្មទណ្ឌកំរិតស្រាយស្រុកចេញដីការដោះហៅពីរដងមកហើយ តែមិនហ៊ាន​ចូល។ លោកបានបញ្ជាក់ដូច្នេះថា ព្រោះកន្លងមកមានប្រជាពលរដ្ឋជាច្រើន ត្រូវបានហៅទៅសាកសួរ តែមិនមាន​អ្នកត្រឡប់មកផ្ទះវិញទេ ត្រូវបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារទាំងអស់។ នេះហើយជាមូលហេតុដែលពួកគាត់ខ្លាច និងក៏សម្រេចចិត្តដាក់លិខិត មួយទៅកាន់លោកអភិបាលខេត្តដើម្បីសុំដោះស្រាយ។ សាលាខេត្តក៏បានឯកភាព បន្ទាប់មកក៏បញ្ជូនកម្លាំងចាប់តែម្តង។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក សំ សារ៉េត អភិបាលរងស្រុកសាលាក្រៅ លោក ខ្លូត ភាព មេភូមិ និងលោក សឿន សុឃឿន អនុភូមិ ក្នុងការបំភ្លឺលើរឿងនេះបានទេ។ តែតាមការបញ្ជាក់របស់លោក ញឹម ញ៉ាន បានប្រាប់ថា ពលរដ្ឋទាំងបីខាងលើគឺជាអ្នកចេញមុខប្តឹង ជាអ្នកមកសម្របសម្រួលជាមួយប្រជាពលរដ្ឋ ក្នុង​ការ​យកដីនេះ និងក៏​ជាអ្នកទទួលស្គាល់ ក្នុងការប្រគល់ដីនេះមកឲ្យប្រជាពលរដ្ឋ តាមរយៈការប្រគល់ឲ្យដោយលោក ហ៊ីង ប៊ុនហៀង តាំងពីឆ្នាំ២០០០មក។

«កាលពីមុន គេ (ភូមិ ឃុំ) នៅជាមួយប្រជាពលរដ្ឋ ជួយពលរដ្ឋ និងឲ្យដីមក​ពលរដ្ឋ ក្រោម​ការ​ប្រគល់ ជាកំបិត ពូថៅ ដើម្បីកាប់ឆ្កាព្រៃយកដីសង់លំនៅដ្ឋាន។» នេះជាការត្អូញត្អែររបស់លោក ញឹម ញ៉ាន ដោយបានបញ្ជាក់ទៀតថា លោកកំពុងស្វែងរកអន្តរាគម ពីខាងអង្គការ​សង្គម​ស៊ីវិល ដើម្បីឲ្យមានការដោះលែងជនទាំងបីនាក់នេះមកវិញ។

ឯលោកស្រី ប្រាក់ សុផីម៉ា ប្រធានសមាគន៍អាដហុកប្រចាំខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយខ្លីថា ក្រោយការចាប់ខ្លួន និងបន្ទាប់ពីមានការដាក់ពាក្យបណ្តឹង ដោយគ្រួសារជនរងគ្រោះ លោកស្រីកំពុង​រៀបចំបែបបទនិងឯកសារទៅតាមនីតិវិធី។ «យើងកំពុងរៀបចំឯកសារ ដើម្បីការពារពួកគាត់ទៅតាមនីតិវិធីច្បាប់»៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...