ជម្លោះ​ដី​​ធ្លី​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី - ពលរដ្ឋ​​ទាម​ទារ​ដំណោះ​ស្រាយ

ប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ក្នុងឃុំតាលាវបាននឹងកំពុងបន្តររងគ្រោះ ដោយការបាត់បង់នូវដីចំការ«វិលជុំ» សម្រាប់ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគាត់ ដែលជាជនជាតិភាគតិច ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយ និងគ្មានការអន្តរាគមពីអាជ្ញាធរ។ ពួកគាត់បានអះអាងថាដី«ដូនតា»របស់គាត់ ស្ថិតក្នុងភូមិតាណាកធំ ឃុំតាលាវ ស្រុកអន្លង់មាស ខេត្តរតនគីរី ត្រូវបានក្រុមហ៊ុនចំនួនបួនកំពុងរុកគួន និងឈូសឆាយយកជាបន្តរបន្ទាប់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ក្នុងឃុំតាលាវបាននឹងកំពុងបន្តររងគ្រោះ ដោយការបាត់បង់នូវដីចំការ«វិលជុំ» សម្រាប់ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគាត់ ដែលជាជនជាតិភាគតិច ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយ និងគ្មានការអន្តរាគមពីអាជ្ញាធរ។ ពួកគាត់បានអះអាងថាដី«ដូនតា»របស់គាត់ ស្ថិតក្នុងភូមិតាណាកធំ ឃុំតាលាវ ស្រុកអន្លង់មាស ខេត្តរតនគីរី ត្រូវបានក្រុមហ៊ុនចំនួនបួនកំពុងរុកគួន និងឈូសឆាយយកជាបន្តរបន្ទាប់។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ MONOROOM.info/Bunthoeun Chea)

វិបត្តិដីធ្លី - មេឃុំតាលាវ លោក ផាត់ ប៊ុនឡត់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដីនេះមានបញ្ហា​តាំង​ពីយូរយាណាស់មកហើយ ក្នុងអំឡុងឆ្នាំ២០១០ តែលោកក៏មិនបានច្បាស់ដែរថា ក្រុមហ៊ុនទាំងនោះបាន​រំលោភ​បំពាន ទៅលើដីកម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែលវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្តនោះដែរ។ តែលោកទទួល​ស្គាល់​​លើការបាត់បង់ដីជា​សមូហភាព ដីព្រៃការពារ ដីខ្មោច និងដីផ្សេងៗទៀត ដែលពួកគាត់ធ្លាប់បានគោរព ទៅ​តាមទំនៀមទម្លាប់​នៃជន​ជាតិដើមភាគតិច។ លោកបន្តរថា ប្រជាពលរដ្ឋជនជាតិដើមភាគតិទាំងនោះ គាត់ចង់រក្សា​នូវដីព្រៃមួយចំនួនទុក សម្រាប់ការគោរពទៅតាមទំនៀមទម្លាប់របស់ពួកគាត់តពីដូនតា ព្រោះតែពួកគាត់​ខ្លាច​បាត់​បង់ នូវអត្តសញ្ញាណ​នៃជនជាតិដើមភាគតិចរបស់គាត់។

លោក ផាត់ ប៊ុនឡត់ បានបញ្ជាក់ថា ខាងឃុំគ្មានលទ្ធភាពក្នុងការដោះស្រាយនោះទេ ព្រោះជាលទ្ធភាពសម្រាប់​រដ្ឋាភិបាល។ ជាមួយនឹងការអន្តរាគមន៍ ប្រជាពលរដ្ឋខាងកាណាត បានដាក់សំណើរមកលោកជាមេឃុំ ធ្វើលិខិត​មួយចុះថ្ងៃទី១៣ ខែវិច្ឋិការ ឆ្នាំ២០១២ ទៅអភិបាលស្រុក ដើម្បីចុះបញ្ជីដីជនជាតិដើមភាគតិច តែរហូតមកទល់​នឹង​ម៉ោងនេះ លោកនៅមិនទាន់បានទទួលនូវចំណាត់ការអ្វីឡើយ។

ចំណែកមេភូមិម្នាក់ទៀត លោក រ ម៉ាមឃួន  បានអះអាងប្រាប់ទស្សនាវដ្តីដែរថា ពិតជាមានការប៉ះពាល់​នឹងដី​«ចំការ​វិលជុំ» ដីបំរុង ដីព្រៃ ជាមួយនឹងការបញ្ជាក់មិនជាក់លាក់នូវដីធ្លី ដែលនឹងត្រូវទទួលជាកម្មសិទ្ធិ​របស់​សហគមន៍ ពី​សំណាក់អាជ្ញាធរ តែដី​ទាំងនោះត្រូវបានក្រុមហ៊ុនកំពុងកាន់កាប់ និងឈូសឆាយដោយក្រុមហ៊ុនស្ទើរតែ«ត្រង៉ោល» រិចរិល និងវាលអស់​ទៅហើយ។ មេភូម«កាណាតធំ»រូបនេះ បានបន្តថា លោកបានបោះត្រាឲ្យប្រជាពលរដ្ឋ​ទាំង​អស់​ហើយ សម្រាប់ជាកម្មសិទ្ធិរបស់ពួកគាត់។ តែ​លោកបានបង្ហាញនូវការសោកស្តាយ ដែលអាជ្ញាធរថ្នាក់លើ មិន​សូវ​យកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដែលបាននឹង​កំពុងរងគ្រោះឡើយ។ លោកមានការសោកស្តាយ ដែលក្រុមហ៊ុន​បង្ខំ​យកដីចំការវិលជុំរបស់ប្រជាពលរដ្ឋ តាមរយៈ​ការបំភិតបំភ័យថា ទោះបីជាប្រជាពលរដ្ឋទាំងនោះមិនឲ្យដីនោះទេ ក៏ក្រុមហ៊ុនទាំងនោះនៅតែយកដែរ ព្រោះក្រុម​ហ៊ុម​បានអះអាងថាដី«រដ្ឋ»។

ជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ក្នុងនាមលោកជាមេភូមិ តែងជួយប្រជាពលរដ្ឋរងគ្រោះទាំងនោះ រហូត​លោកក៏ធ្លាប់រងនូវការចោទប្រកាន់ ពីតុលាការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ថា ញុះញង់ឲ្យប្រជាពលរដ្ឋ​ដុត​បំផ្លាញទ្រព្យសម្បត្តិ មួយចំនួនរបស់ក្រុមហ៊ុន។ លោកបានលើកជាចម្ងល់ថា អាជ្ញាធរថ្នាក់លើហេតុអ្វីបាន​ជាមិន​យកចិត្តទុកដាក់ដល់កូនចៅជំនាក់ក្រោយ និងបណ្តែតបណ្តោយឲ្យ «ដីកាន់តែរួម បើទោះបីដឹងថា មនុស្សកាន់​តែ​រីកក៏ដោយ។ (…) អ្នកច្រើននៅតែបានច្រើន ឯអ្នកតិចកាន់តែតិច។»

លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី បានលើកឡើងថា ក្រុមហ៊ុន៧៥ ហៅ​ក្រុមហ៊ុន វាសនា អ៊ិនវេសមេន របស់វៀតណាមនេះទទួល​ដី​«សម្បទានសេដ្ឋកិច្ច»ពីរដ្ឋាភិបាល ក្នុងតំបន់ផ្ទាល់​ជាង​៥០០០ហិកតា ដែលគ្របដណ្តប់លើភូមិនោះ​ទាំងស្រុង​តែ​ម្តង។ ឯក្រុមហ៊ុនបីផ្សេងទៀត ទោះមានទីតាំងក្នុង​ស្រុក​ផ្សេង ក៏មានដីមួយចំណែក ពាក់ព័ន្ធដល់ភូមិប្រជាពលរដ្ឋ​ក្នុងឃុំតាលាវដែរ។

លោក ឆាយ ធី បានបន្តរឲ្យដឹងថាសព្វថ្ងៃនេះ ដីប្រជាពលរដ្ឋប្រាមាណជាង១៦០គ្រួសារ ក្នុងភូមិកាណាតធំ ត្រូវ​បានក្រុមហ៊ុនវៀតណាមខាងលើ ដែលបានបោះទីតាំងក្នុងឃុំតាលាវ ស្រុកអន្លង់មាស ខេត្តរតនគីរីនេះឈួសឆាយ និងព័ទ្ធយក។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្តវាសវែង ឲ្យតែលើ«ដី»​ណាពួកគាត់«កាន់កាប់»ជាក់ស្តែងប៉ុណ្ណោះ ឯដីផ្សេងទៀតដូចជាដីសម្រាប់ខ្មោច ដីចំការវិល«ជុំ» ដីបំរុងទុក ដីព្រៃ​ការពារ ដីកប់ខ្មោច ឬដីអារក្ស ឬទុកជាដីសមូហភាពសម្រាប់ប្រើប្រាស់តាមទំនាមទម្លាប់ ប្រពៃណីជាដី របស់ជន​ជាតិ​ភាគតិច«មិន»ត្រូវបានទទួល ឬរាប់បញ្ចូលឡើយ។

អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី បានបន្ថែមថា ដោយឡែកក្នុងភូមិកាណាតតូច ស្ថិតក្នុងឃុំនោះដែរ មានប្រជាពលរដ្ឋប្រាំគ្រួសារ ក្នុងចំណោមគ្រួសារចំនួន៣៧គ្រួសារ ក៏ត្រូវបានរំលោភ​បំពាន​យកដីធ្លី របស់ពួកគាត់ដែលមានកម្មសិទ្ធិ និងបានវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ។ ក្នុងនាម​អង្គការ​សង្គមស៊ីវិល បានចុះធ្វើការអង្កេត រួមជាមួយអាជ្ញាធរភូមិ បានបង្ហាញនូវការសោកស្តាយ និងព្រួយបារម្ភ​ចំពោះការរៀបចំ នូវផែនការរបស់រដ្ឋាភិបាល ដែលបណ្តាលឲ្យមានការប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាជនជាតិដើមភាគតិច។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងក្រុមហ៊ុនវៀតណាមនោះ និងសុំការបំភ្លឺបន្ថែម ពីលោក​អភិបាលស្រុក​អណ្ដូងមាស នង ដារឹទ្ធ បាននៅឡើយ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។ តែលោកធ្លាប់​បាន​លើក​ឡើង​ថា ក្រុមការងារនៃអាជ្ញាធរស្រុកខេត្ត បានចាត់វិធានការមិនឲ្យឈូសឆាយព្រៃពីភាគីផ្សេង ដោយលោក​ទទួលស្គាល់​ដីនេះ ជាដីក្រុមហ៊ុនវៀតណាម ដែលរដ្ឋបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចឲ្យ។

សូមរម្លឹកថា ដីសម្បទានសេដ្ឋកិច្ច៥.០៨០ហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់ទៅឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ «វាសនាអ៊ិនវេសមេន» កាលពីខែមករា ឆ្នាំ២០១១។ ការផ្តល់ដីដីសម្បទានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍ដំណាំ​កសិឧស្សាហកម្ម នៅឃុំតាឡាវ និងឃុំម៉ាលិក ក្នុងស្រុកអណ្តូងមាស។ ពេលនោះក៏មានពលរដ្ឋជាងមួយរយគ្រួសារ បានចោទប្រកាន់ថាក្រុមហ៊ុនមួយនេះធ្វើឲ្យប៉ះពាល់ នឹងរំលោភយកដីពួកគេ។ ប៉ុន្តែអាជ្ញាធរថ្នាក់លើវិញ ក៏ធ្លាប់​បានអះអាងថាដីដែលប៉ះពាល់ត្រូវបាន«កាត់ខ្វៀល»ចេញ និងទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់តាមសមគួររួចហើយ។

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...