សារាចរ​០១​រដ្ឋាភិបាល ទាក់​ទង​ដី​ជនជាតិ​ដើម​ភាគ​តិច ក្លាយ​ជា​មុខ​របរ?

«រដ្ឋាភិបាលបានបញ្ចុះបញ្ចូលជនជាតិដើមភាគតិច តាមរយៈក្រុមនិស្សិតស្ម័គ្រចិត្ត ឲ្យទទួលយកដីជា​លក្ខណៈបុគ្គល​ឯកជនធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបាត់បង់នូវសិទ្ធិ​ពិសេសក្នុងការការពារព្រៃបរិដ្ឋានជុំវិញខ្លួនគាត់។ (...) រដ្ឋាភិបាលត្រូវតែធ្វើការចុះបញ្ជីជាដីសមូហភាព សម្រាប់ពួក​គាត់។» នេះជាការលើកឡើងរបស់លោកចាន់ សុវ៉េត អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រដ្ឋាភិបាលបានបញ្ចុះបញ្ចូលជនជាតិដើមភាគតិច តាមរយៈក្រុមនិស្សិតស្ម័គ្រចិត្ត ឲ្យទទួលយកដីជា​លក្ខណៈបុគ្គល​ឯកជនធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបាត់បង់នូវសិទ្ធិ​ពិសេសក្នុងការការពារព្រៃបរិដ្ឋានជុំវិញខ្លួនគាត់។ (...) រដ្ឋាភិបាលត្រូវតែធ្វើការចុះបញ្ជីជាដីសមូហភាព សម្រាប់ពួក​គាត់។» នេះជាការលើកឡើងរបស់លោកចាន់ សុវ៉េត អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ MONOROOM.info/Bunthoeun Chea)

សិទ្ធិដីធ្លី - បទបញ្ជាលេខ០១ របស់រដ្ឋាភិបាល បានអនុត្តតាម«គោលនយោបាយចាស់ សកម្មភាពថ្មី»។ សារាចរ​នេះ​ធ្វើការផ្តោតសំខាន់ ទៅលើពលរដ្ឋដែលកាន់កាប់ដីធ្លីរបស់រដ្ឋ ពលរដ្ឋមានបញ្ហាជាមួយដីសម្បទាន របស់ក្រុមហ៊ុន ពលរដ្ឋដែលមិនទាន់បានទទួលបណ្ណកម្មសិទ្ធិ និងដីទំនាស់ដទៃទៀត ដូចជាពលរដ្ឋចាប់ដីរដ្ឋ​យក​ជាដើម។

ភាពជាក់ស្តែងនៃការវាស់វែងរបស់ក្រុមនិស្សិតនេះ អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ សមាគមអាដហុក​បានទទួលស្គាល់ សម្រាប់ក្រុមនិស្សិតវាស់វែងលើកទីមួយឃើញថា មានការទំនាក់ទំនងផ្ទាល់ និងជិតស្និត​ជាមួយ​ពលរដ្ឋ។

លោកបន្តរថា តែផ្ទុយទៅវិញសម្រាប់ក្រុមនិស្សិតលើកទីពីរ ធ្វើឡើងតាមការចង្អុលបង្ហាញពីអាធ្ញាធរមានសមត្ថកិច្ច ពីក្រុមហ៊ុន និងអ្នកមានលុយកាក់ ដោយ«ភ្លេច»ពីដំណើរការរបស់ខ្លួន ក្រោមមូលហេតុថា មិនអាចធ្វើបានទេ ព្រោះ​តែគ្មានការជ្រោមជ្រែងពីអាជ្ញាធរពាក់ព័ន្ធ។ «នេះហើយជាក្តីកង្វល់។ អ្នកក្រីក្រមានមួយហិកតា ឬពីរហិកតា ឯអ្នក​មានរំលោភយកដីរដ្ឋនោះ មានរហូតដល់ពីររយ ទៅបីរយហិកតា តាមការបំបែកខ្លួនមកកាន់កាប់។»

មន្រ្តីសង្គមស៊ីវិលរូបនេះ បានបន្តរថា សម្រាប់ជនជាតិភាគតិចទាំងនោះត្រូវបានគេអូសទាញ សម្លុត គំរាមកំហែង ដើម្បីឲ្យទទួលយកការវាស់វែងនោះ ជាលក្ខណៈឯកជន ឬបុគ្គល។ ដោយលោកបានពន្យល់ដូច្នេះថា «ជនជាតិ​ភាគតិចមិនអាចទទួលយកដីមួយហិកតា ឬពីហិកតាបានទេ។ ព្រោះពួកគាត់មានវប្បធម៌ក្នុងការរស់នៅប្រាំយ៉ាង រឿងព្រៃឈើរបស់គាត់ រឿងចំការវិលជុំរបស់គាត់ រឿងដីសក្ការៈរបស់គាត់ ទីតាំងចិញ្ចឹមគោក្របី កន្លែងកប់ខ្មោច​ជាដើម។ ការវាស់វែងបង្ខំឲ្យគាត់ ជារបៀបឯកជន គាត់ក្លាយជាពលរដ្ឋខ្មែរស្របច្បាប់ លែងជាជនជាតិហើយ។ តែ​បើគាត់ជាជនជាតិភាគតិច គាត់ត្រូវមានច្បាប់ពិសេសដោយឡែក ដែលមានរបៀបក្នុងការថែរក្សាវប្បធម៌ប្រពៃណី របស់ពួកគាត់។»

ជាមួយគ្នានោះ លោកក៏បានធ្វើការថ្កោលទោស ចំពោះការបោះបង់ចោល នូវការយកចិត្តទុកដាក់​លើជនជាតិដើម​ភាគតិចដោយរដ្ឋាភិបាល។ ព្រោះតែសម្បទានដ៏ច្រើនឲ្យទៅក្រុមហ៊ុនបរទេស ដែលបានឆ្លៀតឱកាសនោះ ពួកគេ (ក្រុមហ៊ុន និងមន្រ្តីពាក់ព័ន្ធ) បានរំលោភយកដីជនជាតិភាគតិចស្ទើតែអស់។

លោកបានចាត់ទុកថា ការកំណត់ទីតាំង កំណត់ដីសម្រាប់ជនជាតិដើមភាគតិចដើរនោះ ជាការកេងចំណេញ​នៃ​មន្រ្តី​ពាក់ព័ន្ធ ធ្វើជាមុខរបរតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល។ លោកលើកឡើងដូចនេះថា «សម្រាប់ជនជាតិ​ដើមភាគតិចនេះ ត្រូវបានការពារដោយច្បាប់អន្តរជាតិ។ តែផ្ទុយទៅវិញកម្ពុជា បែរជាយកជនជាតិដើម​ភាគតិចធ្វើ​ជា​មុខរបរ។ (...) គោលនយោបាយថ្នាក់ជាតិ និយាយពីការការពារ ការលើកស្ទួយជនជាតិដើមភាគតិច តែផ្ទុយទៅវិញ​តាមគម្រោងនៃការផ្តល់ដីសម្បទានរបស់ខ្លួន (រដ្ឋាភិបាល) បានប៉ះពាល់ដល់ដីជនជាតិដើមភាគតិច តាមរយៈ​ការ​កំណត់​នូវទំហំដីនោះ។ ជាគោលនយោបាយមិនសមស្រប។»។

លើកឡើងមិនខុសគ្មានេះ លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរីផ្ទាល់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ពួកគាត់ត្រូវបង្ខំឲ្យទទួលយក នូវការវាស់វែងរបស់ក្រុមនិស្សិត និង​មិនអនុញ្ញាត់ឲ្យទទួលយកដីតាមលក្ខណៈប្រពៃណី ជាដីសមូហភាពបាន។ លោកបន្តរថាបើពួកគាត់​មានប្លង់​កម្មសិទ្ធិ​ដី នោះពួកគាត់នឹងក្លាយជាប្រជាពលរដ្ឋធម្មតា មិនមែនជាជនជាតិដើមភាគតិចទេ។ «ប្រជាពលរដ្ឋជនជាត់ដើម​ភាគ​តិច និងយកប្លង់ដែលវាស់ដោយក្រុមនិស្សិត ទៅឲ្យអាជ្ញាធរវិញ និងសុំគ្រប់គ្រងដីជាសមូហភាព ដើម្បីកុំឲ្យ​បាត់បង់​នូវអត្តសញ្ញាណ​របស់ជនជាតិភាគតិច។»

ផ្ទុយទៅនឹងការចោទប្រកាន់ខាងលើ និស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លី ជំហានទីមួយតាមចរាចរ០១ របស់រដ្ឋភិបាល​ដែល​សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា មិនមានការសំឡុត គំរាមកំហែង និងបង្ខំឲ្យពលរដ្ឋ​ណាមួយធ្វើការទទួលយកនូវការវាស់វែងនោះទេ។ និស្សិតរូបនេះបន្តរថា ប្រជាពលរដ្ឋភាគច្រើន​បានសាទរចំពោះ​ការ​ចុះវាស់វែងនេះ ព្រោះថា ដីពួកគាត់មួយចំនួន​ដែលក្រុមហ៊ុនរំលោភយក​ត្រូវបានប្រគល់មកឲ្យវិញតាម​រយៈការ​វាស់ ជាមួយនឹងការប្រគល់ប្លង់ទៅឲ្យពួកគាត់ទៀតផង។

និស្សិតរូបនេះបានពន្យល់ទៀតថា ការចុះវាស់វែងរបស់ក្រុមពួកគាត់ ដោយអនុវត្តទៅតាមគោលការណ៍បីចំណុច ទីមួយដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទានសេដ្ឋកិច្ច និងដិដែលដកហូតដោយដីការតុលាការ។ ក្នុងការវាស់វែងដី​ទាំងនោះ និស្សិតខាងលើបន្តរការបញ្ជាក់យ៉ាងដូច្នេះថា «យើងឈរជាអាជ្ញាកណ្តាល មិនលំអៀងទៅភាគី​ណាមួយ​ឡើយ។ យើងប្រមូលឯកសារ និងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ មុននឹងវាស់វែងចែក ព្រោះខ្លាចមានប្រជាពលរដ្ឋ​មួយចំនួនបានលក់ដីឲ្យគេអស់ តែដល់លឺថាមាននិស្សិតចុះវាស់វែង គាត់ដើរចង្អុលដីផ្សេងថាជាដីគាត់។ មួយវិញ​ទៀតក៏ខ្លាចមន្រ្តីអាជ្ញាធរមួយចំនួន ព្រោះតែលុយបន្តិចបន្តួច មានការឃុបខិតជាមួយមន្រ្តីថ្នាក់លើ ហើយរឹបអូស និង​រំលោភយកដីប្រជាពលរដ្ឋ។»

ឯអភិបាលស្រុកអណ្ដូងមាសលោក នង ដារិទ្ធ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ជាថ្មី បានទេក្នុង​ល្ងាចនេះ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែថ្មីៗនេះ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី លោកបានធ្វើការ​បញ្ជាក់ថា អាជ្ញាធរកំពុងតែរៀបចំចេញ នូវដីសមូហភាពសម្រាប់ប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់យ៉ាងដូច្នេះថា «សួរថាគាត់ហ្នឹង យល់ពីដីសមូហភាពែបបណា? គោលនយោបាយ ​នៃការប្រើប្រាស់ដីសមូហភាព​របស់សហគម​នោះបែបណា? សូមឲ្យបើកច្បាប់ភូមិបាលមើលទៅ ឃើញហើយ។»

ភាពភ័យខ្លាចនៃជនជាតិដើមភាគតិច ក្នុងការបាត់បង់នូវដីជាវប្បធម៌របស់ពួកគាត់ ដូចជាដីកេរ្តិ៍ដូនតា ដីព្រៃជំនឿ ដី​កប់ខ្មោច ដីសមូហភាព និងចំការវិលជុំនោះ លោកអភិបាលស្រុកអណ្ដូងមាសរូបនេះ បានពន្យល់ថា «បាត់ម្តេចកើត បើរដ្ឋាភិបាលបានបង្កើតឲ្យគាត់ ទៅជាសហគមនីតិបុគ្គលហើយ។ (…) មានវិញ្ញាប័ណ្ណបត្រត្រឹមត្រូវ ដែលក្រសួង​មហាផ្ទៃចុះឲ្យគាត់។ មិនងាយបាត់ទេ។ (…) គោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី អនុវត្តទៅ​លើ​សារាចរ០១ របស់រាជរដ្ឋាភិបាល បានចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់អស់ហើយ។ មានកន្លែងណាដែលថាដីឯកជន​របស់គាត់មានទៀត។»៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...