មតិ​ខ្វែង​គ្នា លើ​«បទ​បញ្ជា​លេខ​០១» របស់​រដ្ឋាភិបាល

«គោលនយោបាយចាស់ សកម្មភាពថ្មី» ជាការអនុវត្ត នូវបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មួយ យកមកបកស្រាយ និងបង្ហាញពីផលប៉ះពាល់ បញ្ហាប្រឈម និងដំណើរស្រាយ រួម​ទាំង​ប្រសិទ្ធិភាព​ការងារ នៃមន្រ្តីដែលត្រូវធ្វើការដោះស្រាយនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទុយពីការព្យាយាម បង្កលក្ខណៈឲ្យមានតម្លាភាព នៅក្នុងការអនុវត្ត និងការចុះបញ្ជីដី ដែលត្រូវអនុវត្តន៍ នៅ​ក្នុង​បញ្ជាលេខ០១ ដែលបានក្លាយមកជា «គោលនយោបាយចាស់ សកម្មភាពថ្មី» របស់រដ្ឋាភិបាលនោះ របាយ​ការណ៍​ស្រាវជ្រាវមួយ របស់អង្គការសង្គមស៊ីវិល បានបកស្រាយឲ្យឃើញថា ភាគច្រើននៃទំនាស់ដីធ្លី តាម​បណ្តា​ខេត្តក្រុងនានា បង្កឡើងដោយសារ ឬបានកើតឡើង ដោយជ្រកក្រោម «បញ្ជាលេខ០១»នេះតែម្ដង។

នាយប្រតិបត្តិ វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា បានពន្យល់​ថា របាយការណ៍ស្រាវជ្រាវរបស់លោក និងអង្គការលោកនេះ គឺដើម្បីស្វែងយល់ ពីការអនុវត្តន៍«នយោបាយ​ចាស់ សកម្មភាពថ្មី» និងផលប៉ះពាល់នានា នៃបទបញ្ជាលេខ០១នេះ។ លោកបានបញ្ជាក់ថា៖ «ជាក់ស្តែងការ​ស្រាវ​ជ្រាវ មានច្រើនណាស់ ដែលត្រូវបានធ្វើឡើង ខណៈពេល ដែលបទបញ្ជាលេខ០១ កំពុងតែបន្ត ចាប់ពី​ចន្លោះ​ឆ្នាំ​២០១២ និង២០១៣»។

លោក តឹក វណ្ណារ៉ា បានថ្លែងឡើងថា ការសិក្សាស្រាវជ្រាវមួយនេះ បានចាប់ផ្តើមឡើង កាលពីដើមខែកុម្ភះ ឆ្នាំ​២០១៤ ហើយទើបតែបញ្ចប់ នៅដើមឆ្នាំ២០១៥នេះប៉ុណ្ណោះ។ លោកបានបន្ថែមថា៖ «យើងបានប្រើវិធីសាស្ត្រ ទាំងគុណភាព និងបរិមាណ ហើយទំហំដ៏ធំ នៃការស្រាវជា្រវនេះ បានកើតឡើងតាមរយៈការធ្វើបទ សម្ភាសន៍​ចំនួន៤៨០ គ្រួសារ ក្នុងខេត្តចំនួន៦ ដែលជាកន្លែងបទបញ្ជា លេខ០១កំពុងតែប្រតិបត្តិការ។»

តម្លាភាព នៅក្នុងការអនុវត្ត និងការចុះបញ្ជីដី

សម្រាប់លោក សួន សូផា អគ្គនាយករងសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានលើកឡើង ការពារ«បទបញ្ជាលេខ០១» ដែលរដ្ឋាភិបាលដាក់ឡើង ថាគឺដើម្បីលើកស្ទួយជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ចប់បញ្ហាវិវាទដីធ្លី នៅកម្ពុជា ដោយជំនួសការប្រើប្រាស់ «បទបញ្ជា​លេខ​០១នេះ» មកជា «គោលនយោបាយចាស់ សកម្មភាពថ្មី» វិញ។ លោកបានបន្តថា រដ្ឋាភិបាល បានព្យាយាម​ណាស់ ដើម្បីបង្កលក្ខណៈ ​ឲ្យមាន​តម្លាភាព នៅក្នុងការអនុវត្ត និងការចុះបញ្ជីដីនេះ។

តែបើទោះ ជាបទបញ្ជាលេខ០១ របស់រដ្ឋាភិបាល ត្រូវបានពលរដ្ឋមួយចំនួន ទទួលស្គាល់ថា ពិតជាមានចេតនា ក្នុង​ការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋទូទៅ នោះមែនក៏ដោយ ប៉ុន្តែវាបាននាំមកនូវផលវិបាកយ៉ាង​ច្រើន។

«ឈ្នាន់»

អ្នកស្រី វ៉ែន សាម៉ីន តំណាងសហគមន៍ជនជាតិភាគតិចសួយ មកពីខេត្តកំពង់ស្ពឺ បានបង្ហាញនូវការ​អស់​សង្ឃឹម ទៅលើមន្រ្តីមួយចំនួន ដែលអនុវត្តបទបញ្ជាលេខ០១នេះ មិនបានត្រឹមត្រូវ ដោយបានយក «បទបញ្ចា​លេខ០១»​នេះ ជា«ឈ្នាន់» ដើម្បីអនុវត្តយកដី របស់ប្រជាពលរដ្ឋក្រីក្រ ទាំងកម្រោលតែម្តងក៏មាន។ ឯអ្នកក្រ ក៏មិនអាច​នឹង​ប្រឆាំងបានដែរ បើហ៊ាន គ្មានអ្វីក្រៅពីមានទោស និងជាប់គុកនោះទេ។ អ្នកស្រីបានថ្លែងថា បទ​បញ្ជា​០១ នេះ ឃើញ​មានការអនុវត្តន៍ល្អ នៅថ្នាក់ខេត្ត និងស្រុក តែមិនមានប្រសិទ្ធិភាព និងគ្មានតម្លាភាព ក្នុងតំបន់ដាច់​ស្រយ៉ាល ពិសេសក្នុងតំបន់ ជនជាតិភាគតិចសួយ តែម្តង។

រីឯតំណាងសហគមន៍ ពីខេត្តស្ទឹងត្រែង លោក គង់ ចាន់ធី វិញ បានបញ្ជាក់បន្ថែមថា ក្នុងតំបន់របស់លោក មាន​ព្រៃឈើក្រាស់ៗ និងសត្វព្រៃសំបូរបែប តែក្រោយពីមានការផ្តល់ដី ដោយរដ្ឋាភិបាល ឲ្យស្ថិតក្រោមការ​គ្រប់​គ្រង ដោយក្រុមហ៊ុន និងក្រោយពីក្រុមហ៊ុន បានវិនិយោគគ្រប់ជ្រុងទាំងអស់ បានធ្វើឲ្យប្រជាពលរដ្ឋក្នុង​តំបន់​នោះ មានជម្លោះដីធ្លីកាន់តែធ្ងន់ធ្ងទៅៗ។

បញ្ហា ដែលកើតមកពី«អ្នកបច្ចេកទេស» ដែលមិនមានការទទួលខុសត្រូវ លើការងាររបស់ខ្លួន ក្រោមកិច្ច​អនុវត្តន៍ តាមបទបញ្ជាលេខ០១នោះ ក៏ត្រូវបានអ្នកស្រាវជ្រាវឯករាជ្យ លោក មាស នី ថ្លែងអះអាងដែរ។ លោកថែម​ទាំង​និយាយ ឲ្យដឹងទៀតថា ក្នុងសកម្មភាពស្រាវជ្រាវ ដែលលោកបានធ្វើ ចាប់ពីថ្នាក់ខេត្តចុះ ទៅដល់ថ្នាក់​មូលដ្ឋាន​នោះ ហាក់បីដូចជា មានភាពរស៊ើបច្រើនណាស់។ ដូចជានៅក្នុងខេត្តរតនគីរីជាដើម  មន្ត្រីសង្គមស៊ីវិល តែងត្រូវ​បានអាជ្ញាធរ បណ្តេញចេញតែម្តង នៅពេលដែលដឹងថា មន្ត្រីទាំងនោះចុះសាកសួរ និងស្រាវជ្រាវពីរឿងដីធ្លី ទាំង​មិនដឹងថា តើមន្ត្រីទាំងនោះ នឹងធ្វើការរបៀប យ៉ាងដូចម្ដេចនោះផងទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...