ស្រ្តីបឹងកក់ទាំង១១រូប ត្រូវបានដោះលែង ដោយ«គ្មានទោស»?
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 12, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តីរងគ្រោះ ដោយការតវ៉ារឿងដីធ្លី ចំនួន១០រូប ត្រូវបានដោះលែង ឲ្យមានសេរីភាព ដូចមនុស្សធម្មតាហើយ នៅម៉ោងប្រមាណ ៣កន្លះរសៀលថ្ងៃទី១១ ខែមេសា ក្រោមការទទួលស្វាគមន៍ ដល់ពន្ធនាគារព្រៃស ដោយអ្នកនយោបាយ នៃគណបក្សប្រឆាំង អ្នកគាំទ្រគណបក្សនេះ និងសកម្មជនការពារដីធ្លីក្នុងតំបន់បឹងកក់ ប្រមាណ ១០០នាក់។
ការដោះលែងអ្នកជាប់ឃុំ ១០នាក់នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រ បានឡាយព្រះហស្តលេខា លើពាក្យស្នើសុំព្រះរាជទានលើកលែងទោសពួកគេ កាលពីព្រឹកថ្ងៃទី១១ ខែមេសានេះ។ ចំពោះលោកមេធាវី ជូង ជូងី វិញ បានថ្លែងកាលពីមួយថ្ងៃមុនថា ការដោះលែងនេះ ដោយមានបញ្ជាក់ ពីភាពគ្មានទោសអ្វីទាំងអស់ សម្រាប់ស្ត្រីសកម្មជនទាំងនោះ។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ លោក ជូង ជូងី បានពន្យល់ថា ការដោះលែងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានជំនួប រវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ នាវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសាកន្លងមក។ ជាមួយនឹងការបញ្ចប់បញ្ហា ក្នុងការបង្កើតសមាជិក គ.ជ.ប ថ្មីទាំង៩ ព្រមជាមួយ នឹងការផ្តល់សេចក្តីទុកចិត្ត ដោយតំណាងរាស្រ្តភាគច្រើន នៃគណបក្សទាំងពីរ។ ការផ្តល់សុពលភាព ដោយអង្គព្រះមហាក្សត្រ និងស្របពេលដែល គ.ជ.ប ថ្មី ត្រូវបានចាប់កំណើត ចូលកាន់តំណែង និងការងាររបស់ខ្លួនរួចរាល់។
លោក ជូង ជូងី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានរៀបចំឯកសារ រួចរាល់ហើយ ដាក់ទៅកាន់តុលាការ ស្នើឲ្យមានការដោះលែង ស្រ្តីបឹងកក់ទាំង១១នាក់ ព្រះសង្ឃបីអង្គ និងសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់។ (...) គ្រាន់តែដោះស្រាយ អ្នកដែលនៅជាប់ឃុំសិនតែប៉ុណ្ណោះ។»
ប៉ុន្តែការដោះលែងនេះ មានសភាពលឿនជាង ការអះអាងរបស់លោកមេធាវី ដែលនិយាយថា នឹងធ្វើនៅថ្ងៃចន្ទខាងមុខ។ យ៉ាងណា លោក ជូង ជូងី បានបង្ហាញថា នីតិវិធីនេះ អាចអនុវត្តទៅបាន ក៏ព្រោះតែស្រ្តីបឹងកក់ទាំង១១នាក់ មានសាលក្រមទទួលទោសរួចទៅហើយ។ ហើយ តែដោយសារពួកគាត់ប្តឹងសាទុក្ខ ទៅកំពូល ទើបសាលក្រមនោះ នៅមិនទាន់ចូលជាស្ថាពរ។ លោកបន្តថា មកទល់ពេលនេះ ស្រីបឹងកក់ទាំង១១នាក់នោះ បានព្រមផ្តិតមេដៃ ដកពាក្យបណ្តឹងរួចរាល់ហើយ។
សូមរំលឹកថាស្ត្រីសហគមន៍បឹងកក់ និងបុរីកីឡាទាំង១០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ដោយចោទប្រកាន់ ពីបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ និងបង្កការកកស្ទះចរាចរណ៍ សាធារណៈ។ ក្នុងនោះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការពិន័យជាប្រាក់ ក្នុងម្នាក់ៗ ពីរលានរៀល និងដាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ មួយឆ្នាំ។ ទោសដែលស្រ្តីទាំង១០ បានទទួលនេះ ព្រោះតែពួកគាត់បានទាមទារ ឲ្យមានការដោះស្រាយរឿងទឹកលិចភូមិ និងផ្ទះសំបែងមិនអាចរស់នៅបាន៕