ឪពុកសម្រក់ទឹកភ្នែក និយាយថាកូនជាប់គុកទាំងគ្មានកំហុស
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី ២០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 21, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្ឃព្រះនាម ជា វណ្ណដា ព្រះជន្ម ៣០ព្រះវស្សា ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លូន នៅវត្តអង្គតាម៉ិញ កាលពីពេលកន្លងទៅ ត្រូវបានលោកឪពុក ជាខ្មែកម្ពុជាក្រោមដែរនោះ បញ្ជាក់ថា កូនប្រុសរបស់លោក ត្រូវគេចោទប្រកាន់ដោយគ្មានកំហុស។ ការចាប់ខ្លូននេះ ធ្វើឡើងដោយគ្មានភស្តុតាង ពិតប្រាកដនោះឡើយ។
ព្រះសង្ឃខ្មែរក្រោម ទាំងពីរព្រះអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា គង់នៅវត្តអង្គតាមិញ ហើយត្រូវបានអាជ្ញាធរខណ្ឌ ចាប់ផ្សឹកកាលពីថ្ងៃទី១ ខែសីហា បន្ទាប់ពីក្រុមអាជ្ញាធរអះអាងថា បានរកឃើញនូសម្ភារៈ ដែលជាភស្តុតាងមួយចំនួន ស្ថិតក្នុងកុដិ រួមមាន អាវុធ និងគ្រឿងញៀន លិខិតសម្គាល់(ខ្លួន)សង្ឃ ក្លែងក្លាយជាដើម។ ព្រះសង្ឃទាំងពីរអង្គ ត្រូវបានអាជ្ញាធរខណ្ឌពោរសែនជ័យ ចាប់ផ្សឹក និងដាក់ឃុំ នៅក្នុងថ្ងៃដដែលនោះ។ មកទល់ម៉ោង ជិត១២ព្រឹក ថ្ងៃទី១៩ ខែសីហា កន្លងមកនេះ បន្ទាប់ពីការសាកសួរ របស់លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួររួច ព្រះតេជគុណទាំងពីរអង្គ ត្រូវបានបញ្ជូនទៅឃុំខ្លួនបន្ត នៅពន្ធនាគារព្រៃស ក្រោមបទចោទចំនួនបី ដែលរួមមាន បទគំរាមសម្លាប់, បទរក្សាទុកគ្រឿងញៀន, និងប្រើប្រាស់លិខិតក្លែងក្លាយ។
ប៉ុន្តែឪពុករបស់សង្ឃព្រះនាម ជា វណ្ណដា បានប្រកែកជំនួសលោកកូន (ពាក្យសង្ឃ) ទៅនឹងការចោទប្រកាន់នោះថា៖ «ចាប់កូនខ្ញុំដោយគ្មានភស្តុតាង កូនខ្ញុំមិនដែលមានប្រព្រឹត្តរឿង ដូចគេចោទនេះទេ ខ្ញុំជឿជាក់ ហ៊ានយកជីវិតមកធានា»។
លោកបានបញ្ជាក់ថា នៅពេលដែលចាប់ខ្លូន មានទាំងកូនសិស្សលោកម្នាក់ បានបញ្ជាក់ថា ស្រោមអនាម័យ និង(ខោលីអូស្រី) ដែលរកឃើញនៅក្នុងកុដនោះ ជារបស់ខ្លូន (កូនសិស្ស) ក៏គ្មានអាជ្ញាធរណាជឿដែរ។ លោកបានថ្លែងទាំងបង្ហូរទឹកភ្នែកថា៖ «លោកទៅបិណ្ឌបាត្រ ត្រឡប់មកវិញ ស្រាប់តែឃើញ គេចោទអញ្ចឹងទៅហើយ»។
ការចាប់ផ្សឹក និងការចាប់ខ្លួន របស់អាជ្ញាធរទៅលើព្រះសង្ឃទាំងពីរអង្គ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលការគោរពសិទ្ធិមនុស្ស ចាត់ទុកថា ជាសកម្មភាពដែលមានចរឹកនយោបាយ ដើម្បីរឹងបន្តឹងសម្លេង របស់ព្រះសង្ឃខ្មែរក្រោម ខណៈព្រះសង្ឃទាំងនោះ មានសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងនឹងផលប្រយោជន៍វៀតណាម ក៏ដូចជាបញ្ហាដែលទាក់ទងនឹងព្រំដែន កាលពីពេលថ្មីៗនេះ។
តាមប្រសាសន៍របស់លោក អំ សំអាត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការលីកាដូរ បានលើកឡើងថា៖ «ខ្ញុំឃើញថារឿងនេះ វាមានភាពមិនប្រក្រតីតាំងពីដំបូង ពីព្រោះនៅពេលដែលឆែកឆេរ ត្រូវតែមានដីកា និងសាក្សីត្រឹមត្រូវ មិនមែនចូល ទៅយកភស្តុតាងមកបង្ហាញ ហើយចាប់ខ្លូននោះទេ។ ខ្ញុំគិតថា វានៅតែមិនប្រក្រតី ហាក់បីដូចជាមានការៀបចំ ទុកជាមុន»។ មន្រ្តីស៊ើបអង្កេតរូបនេះ បានបញ្ជាក់ទៀតថា ការពិតទៅថ្ងៃនោះ គឺមន្រ្តីសមត្ថកិច្ចចូលឆែកឆេរ តាមរកព្រះសង្ឃខ្មែរក្រោម ព្រះនាម សឺន ហៃ ដែលសង្ស័យថា ស្នាក់នៅវត្តអង្គតាម៉ិញ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ពុំឃើញ ដូចដែលសង្ស័យ ក៏ចាប់ផ្តើមឆែកឆេរកុដិព្រះសង្ឃពីរអង្គ រហូតឈានដល់ ការចាប់ខ្លូនតែម្តង។
លោក អំ សំអាត បានបញ្ជាក់បន្ថែមថាសង្ឃទាំងពីរអង្គ បានចូលរួមសកម្មភាពមួយចុងក្រោយ កាលពីថ្ងែទី ១៩ ខែកក្កដាកន្លងទៅ ដោយចុះត្រួតពិនិត្យបង្គោលព្រំដែន ជាមួយក្រុមតំណាងរាស្រ្ត គណៈបក្សសង្គ្រោះជាតិ នៅខេត្តស្វាយរៀង ជាមួយប្រជាជនប្រមាណ ជាង២០០០នាក់។ ការចាប់ខ្លួននេះ អាចជាហេតុផលមួយ ដើម្បីឈានទៅបង្ក្រាបសកម្មភាពឈឺឆ្អាល លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
មិនអាចស្នើសុំឲ្យមានការបកស្រាយ ពីចៅក្រមស៊ើបសួរ លោក អ៊ី ថាវរៈ បានទេនៅពេលនេះ។ ប៉ុន្តែបន្ទាប់ពីការចាប់ខ្លូននោះ គ្រូចៅអធិការវត្តអង្គតាម៉ិញ បានសង្ឃដីកា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា សង្ឃទាំងពីរអង្គនេះ គ្មានព្រះឆាយាល័ក្ខ (លិខិតសម្គាល់សង្ឃ) ត្រឹមត្រូវទេ៕
» កិច្ចសម្ភាសទាំងស្រុង របស់លោកឪពុករបស់ព្រះសង្ឃ ជា វណ្ណដា៖