រូប​សំណាក​សាសនា​វៀតណាម លើ​​កោះ​កាពិ​ខ្មែរ ត្រូវ​បាន​ដុត​បំផ្លាញ

រូបសំណាកសាសនា របស់និគមជនវៀតណាម ដែលបានឡើងទៅរស់នៅលើ កោះកាពិ ដែលស្ថិតក្នុងខេត្តកោះកុង ប្រទេសកម្ពុជា ដោយខុសច្បាប់ ត្រូវបានដកចេញហើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 10, 2015
  • ប្រធានបទ: ទឹកដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំបូងឡើយ ពលរដ្ឋ និងសង្ឃវៀតណាមមួយចំនួន បាននាំគ្នាទៅរស់នៅ ដោយខុសច្បាប់ លើកោះកាពិ ស្ថិតក្នុងខេត្ត​កោះកុង ហើយគ្មានអាជ្ញាធរមូលដ្ឋានណា ចេញមកហាមឃាត់ ឬចាត់វិធានការដេញឡើយ។ បន្ទាប់ពីបានរស់នៅ ក្រុម​និគមជនវៀតណាមទាំងនោះ បានបង្កើតជាកន្លែងគោរពបូជា តាមបែបសាសនា ដោយបានសាងសង់ នូវរូបសំណាក «ព្រះនាងគង់ស៊ីអ៊ីម»។

ប្រភពព័ត៌មានពីតំបន់នោះ បានឲ្យដឹងថា ការសាងសង់ កន្លែងគោរពបូជានេះឡើង ជាគំនិតផ្ដួចផ្តើម របស់សមាគម​សម្មាធិជនជាតិយួន និងដោយមាន ការចូលរួមផ្សំគំនិត នៃមន្ត្រីអាជ្ញាធរខ្មែរ នៅក្នុងតំបន់នោះផង។ ហើយរូបសំណាក​«ព្រះនាងគង់ស៊ីអ៊ីម»នេះ ស្ថិតនៅចំងាយប្រមាណ ជាង២០គីឡូម៉ែត្រ ពីខេត្តកោះកុង ដែលមានកំពល់ ដល់ទៅ៨ម៉ែត្រ និងគ្របដណ្តប់ លើទំហំដី៥ហិកតា ស្ថិតនៅកណ្ដាលកោះកាពិតែម្តង។

ប៉ុន្តែមកទល់ នឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នេះ រូបសំណាកព្រះនាងគង់ស៊ីអ៊ីម ក៏ត្រូវបាន«ដុត និងបំផ្លាញ»ចោល ដោយ​ក្រុមទាហានជើងទឹក របស់កម្ពុជា។ អគ្គមេបញ្ជាការរង នៃកងយោធពលខេមមរភូមិន្ទ លោក ទៀ វិញ និងជាមេ​បញ្ជាការ​កងទ័ពជើងទឹក សហការជាមួយមន្ទីរសាសនាខេត្ត និងកម្លាំងចម្រុះជាច្រើន បានចុះទៅដល់ឃុំកោះកាពិ ហើយ​បាន​វាយកម្ទេច និងដុតបំផ្លាញអាស្រម និងរូបសំណាក បែបសាសនាវៀតណាម និងបង្ខំមិន​ឲ្យមានពិធីសាសនា​នេះ កើត​មាន​លើកោះនេះទៀតឡើយ។

គេនៅមិនទាន់បានដឹងថា តើអាជ្ញាធរខ្មែរនឹងមានវិធានការបែបណា ទៅលើនិគមនជនវៀតណាម ដែលចូលមក​តាំង​ទីលំនៅ ដោយខុសច្បាប់ តែបានប្រើរូបភាព«តាំងធម៌» នៅលើកោះនេះនៅឡើយ។

សូមរំលឹកថា ប្រវត្តិសាស្រ្តនៃការដណ្តើមហែក ទឹកដីកម្ពុជាចែកគ្នា ពីសំណាក់ប្រទេសយួន (ឬវៀតណាម) និងសៀម (ឬថៃ) បានធ្វើការបែងចែកដាច់ពីគ្នា នៃកោះចំនួនពីរ គឺកោះត្រល់ និងកោះកាពិនេះ។ កោះមួយ ត្រូវតែជាកម្មសិទ្ធិ​គ្រប់​គ្រង​ដោយវៀតណាម (កោះត្រល់) និងមួយទៀត ជាកម្មសិទ្ធិគ្រប់គ្រងដោយប្រទេសថៃ (កោះកាពិ)។ នេះបើយោងតាម ការថ្លែងអះអាង របស់ចាស់ព្រឹទ្ធាចារ្យមួយរូប ឈ្មោះ យ៉ែម ជាអាចារ្យរស់នៅភ្នំពេញ។

ខេត្តកោះកុងស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ស្ថិតនៅភាគខាងត្បូង និងខាងលិចជាប់ឈូងសមុទ្រថៃ ហើយមាន​កោះ​មួយចំនួនដូចជា កោះព៌រ, កោះកាពិ, កោះស្កេត, កោះមូល, កោះកុង, កោះដំបង, កោះសាមិត, កោះបួន, កោះស្មាច់, កោះ​កណ្តាល, កោះតាទាប, កោះរុង, កោះរុយកូន និងកោះរុងសន្លឹមជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...