មេធាវី ថាសកម្មជនប្រឆាំង អាចដាក់ឲ្យនៅក្រៅឃុំ មុនចូលឆ្នាំ១ថ្ងៃ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ មេសា ២០១៥
- កែប្រែចុងក្រោយ: April 12, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មជនគណបក្សសង្គ្រោះជាតិ ទាំងប្រាំរូប ដែលបានជាប់ឃុំឃាំងនោះ ត្រូវបានឯកភាព និងសម្រេចរួមគ្នា រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុងការស្នើទៅកាន់តុលាការ ដើម្បីពិនិត្យ និងរៀបចំឲ្យមានការសម្រេច ក្នុងការដោះលែងឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន។
នាវិមានរដ្ឋសភាជាតិ ចំពោះមុខអ្នកសារព័ត៌មាន ព្រឹកថ្ងៃទី១០ ខែមេសានេះ លោក ជួង ជូងី មេធាវីការពារក្ដី ឲ្យសកម្មជនរបស់គណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជន៤នាក់ផ្សេងទៀត នឹងត្រូវដោះលែង ឲ្យបាននៅក្រៅឃុំ ជាបណ្តោះអាសន្ន មុនថ្ងៃចូលឆ្នាំខាងមុខនេះ យ៉ាងយូរបំផុត រសៀលថ្ងៃទី១៣ ខែមេសា។
មេធាវីរូបនេះបន្តថា តាមរយៈការដោះលែងនេះ និតិវិធីត្រូវបានតុលាការសម្រេច និងហៅពួកគាត់ មកកាន់តុលាការ និងបើកការសាកសួរបន្ថែម ឯមេធាវីក៏នឹងស្នើពាក្យធានា នៅក្រៅឃុំជាថ្មី បន្ទាប់មកនាពេលរសៀល នឹងសម្រេចឲ្យមានការដោះលែង តែម្តង។
តាមព័ត៌មានដែលស្និត នឹងលោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ករណីនៃការស្នើបែបបទ ក្នុងការដោះលែងលោក មាជ សុវណ្ណារ៉ា និងសកម្មជនគនបក្សសង្គ្រោះជាតិ ផ្សេងទៀតនោះ ព្រោះតែមានការឯកភាព និងការយល់ព្រម ពីថ្នាក់ដឹកនាំកំពូលទាំងពីរ កាលពីប៉ុន្មានថ្ងៃមុននេះ។ ហើយការសម្រេចជាផ្លូវការ និងការរៀបចំឯកសារ ក៏ត្រូវបានអនុវត្តនាពេលនេះផងដែរ។ ប្រភពនោះ បានថ្លែងថា៖ «ការពិតទៅ រឿងនេះ ទាំងលោក កឹម សុខា លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏បានជជែកគ្នាច្រើន ពីការស្នើឲ្យមាន ការលើកលែងទោស និងការដាក់ឲ្យនៅក្រៅឃុំ ទាំងសកម្មជនគណបក្ស ទាំងអ្នកបឹងកក់ រួមទាំងព្រះសង្ឃបីអង្គផងដែរ»។
លោកមេធាវី ជួង ជូងី ក៏បានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សម្តេចតេជោ បានឯកភាពគ្នាជាផ្លូវការ ឲ្យមានការដោះលែង។ (…) ក្រុមខ្ញុំបានរៀបចំឯកសារស្នើឲ្យមានការដោះលែងកាលពីម្សិលម៉ិញ និងព្រឹកម៉ិញនេះ។ (…) នីតិវិធីត្រូវធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ(ទី១៣ ខែមេសា) នឹងដោះលែងពេលល្ងាច។ (…) ដោះលែងពួកគាត់ឲ្យបានមុនចូលឆ្នាំ។ (…) ដោះលែងឲ្យនៅក្រៅឃុំសិន អារឿងសេសសល់ផ្សេងៗយើងនឹងសម្អាតទៅតាមក្រោយ។»
ទស្សនាវដ្រីមនោរម្យ.អាងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ ក្នុងថ្ងៃនេះ ដោយទូរស័ព្ទរបស់លោក ពុំមានអ្នកទទួល។ តែសម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបង្ហាញពីការគាំទ្រ តាមបណ្តាញព័ត៌មានសង្គមរបស់ខ្លួនថា ចំពោះវប្បធម៌សន្ទា នៃមេដឹកនាំកំពូលគណបក្សទាំងពីរ ដែលអាចឈានទៅរក វប្បធម៌ក្នុងកិច្ចរួមរស់ជាមួយគ្នា ដើម្បីសន្តិភាព វឌ្ឍនភាពរបស់គ្រួសារតែមួយ របស់ខ្មែរ។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១៩ នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការដោះលែង ឲ្យមានសេរីភាពបាននៅក្រៅឃុំ។ ក្នុងនោះ មានស្រ្តីក្នុងរឿងដីធ្លី ចំនួន១១នាក់ និងព្រះសង្ឃបីអង្គ នឹងត្រូវបានដោះលែង ដោយគ្មានទោសកំហុស។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥នាក់វិញ គ្រាន់តែដោះលែង ឲ្យនៅក្រៅឃុំ បណ្តោះអាសន្នប៉ុណ្ណោះ ឯនីតិវិធីតុលាការ និងមានជាបន្តនាពេលក្រោយ ជាបន្តទៀត៕