កម្ពុជា​រង​ការ​ចោទ​ប្រកាន់ នៅ​​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលបង្កឡើងដោយក្រុមមនុស្ស ដែលស្និតនឹងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ពាក្យបណ្ដឹងមួយប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ចោទប្រកាន់ ថាបានធ្វើឲ្យមនុស្សយ៉ាងហោច ៧សែននាក់ ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 08, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេធាវីអន្តរជាតិមួយរូប ដែល​មាន​ជំនាញ​ខាង​សិទ្ធិ​មនុស្ស លោក រីឆាដ រ៉ូជ័រ (Richard Rogers) នៅ​​ថ្ងៃ​​ទី​៧ ខែ​​តុលា បាន​ដាក់​ពាក្យ​បណ្ដឹង នៅ​ចំពោះ​មុខ​លោកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តររដ្ឋអាជ្ញា​នៃ​សាលា​ក្ដី​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង ឡាអេ ប្រទេស​ហូឡង់ ហៅ​កាត់​តាម​ភាសា​បារាំង CPI និង​ភាសា​អង់គ្លេស ICC។ បណ្ដឹង​នេះ មាន​បញ្ជាក់​ដោយ​របាយការណ៍​ដ៏វែង​អន្លាយ និង​មាន​សភាព​ធ្ងន់ធ្ងរ​មួយ បរិហា​ពី​នយោបាយ​រឹប​អូស​ដី​ធ្លី និង​បណ្ដេញ​មនុស្ស ចេញ​ពី​ភូមិ​ស្រុក​ផ្ទះ​សម្បែង នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​របប​ដឹកនាំ​បច្ចុប្បន្ន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី។

ពាក្យ​បណ្ដឹង ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​សហព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​កាត់​ថា FIDH ផង​​នោះ ត្រូវ​បាន​លោក​មេធាវី រ៉ូជ័រ បញ្ជាក់ថា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ បាន​ធ្វើឲ្យមនុស្សយ៉ាងហោច ៧សែននាក់​រង​គ្រោះ ដែល​​ត្រូវ​ជា៧% នៃចំនួនប្រជាជនកម្ពុជាទាំងអស់។ ជន​រង​គ្រោះ​ទាំង​នោះ ត្រូវបានគេរឹបអូសដីធ្លី ផ្ទះ​សម្បែង បង្ខំ​ឲ្យ​ផ្លាស់​ប្ដូរ​ទីលំនៅ អ្នកខ្លះទៀតត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ និង​មួយចំនួនទៀតរងការ​វាយ​ដំ ធ្វើ​ឲ្យ​​របួស និង​មាន​ដល់ស្លាប់ថែមទៀត។ ផ្ទៃ​ក្រឡា​នៃ​ការ​រឹប​អូស​ដីធ្លី​នេះ ត្រូវ​បាន​រាយការណ៍​ថា មាន​ចំនួន​ដល់​​ទៅ​៤លាន​ហិចតា ដែលត្រូវជា២២% នៃ​ផ្ទៃ​ក្រឡា​សរុប​របស់​ប្រទេស​កម្ពុជា​ទាំង​មូល។

សាក្សីជាច្រើន ដែលត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍ពាក្យបណ្ដឹង និងអះអាងបន្ថែមដោយសារព័ត៌មាន ឡឺហ្វីហ្គារ៉ូ (Le Figaro) របស់ប្រទេសបារាំងនោះ បានលើកមកនិយាយពីទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត​ជា​ច្រើន ត្រូវបានអនុវត្តនៅក្នុងរបបដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីឆ្នាំ២០០២មក ជាពិសេស​ទៅ​លើបណ្ដាជន ដែលមាននិន្នាការប្រឆាំងនឹងរបបនេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ធ្លាប់បានធ្វើសេចក្ដី​រាយការណ៍ ជា​ច្រើនរាប់មិនអស់ផងដែរ ជុំវិញជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលកើតមាននៅពេញផ្ទៃ​រាជាណាចក្រ​។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយសាលាក្ដី បានសរសេរឲ្យដឹងថា៖ «នៅក្នុងគោល​បំណង​ដ៏ហួសប្រមាណ សម្រាប់ការធ្វើមានបាន និងដណ្ដើមយកដីធ្លីឲ្យខានតែបាននោះ ក្រុមអ្នកមាន​អំណាច បាន​បង្ក​បង្កើត​ឲ្យមានឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការជាប្រព័ន្ធមួយ ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល។ ដោយ​ចាត់​ទុក​ថា ជារឿងដែលបានកើតឡើងច្រើនដងនោះ ទង្វើទាំងនេះមានចរិកជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្ស​​ជាតិ។»

វីដេអូរបស់ទីភ្នាក់ងារព័ត៌មានបារាំងខាងក្រោម បានបង្ហាញពីសំនុំរឿងដ៏ធ្ងន់ធ្ងរមួយ នៃការរឹបអូសដីធ្លីពី​ប្រជា​ពលរដ្ឋនៅខេត្តកោះកុង ដើម្បីឲ្យលោក លី យ៉ុងផាត់ ឧកញ្ញាម្នាក់ស្និតនឹងគណបក្សកាន់អំណាច យកដីដាំ​អំពៅ៖

សហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ បានថ្លែងឲ្យដឹងថា៖ «នេះជាលើកទីមួយហើយ ដែលមាន​របាយការណ៍​មួយ ពោរពេញដោយចំនុចច្បាស់លាស់ជាច្រើន ហើយអនុញ្ញាតិឲ្យវាយតម្លៃ ពីការរំលោភ​សិទ្ធិ​ទាក់ទង​​នឹង​ជម្លោះ​រឹបអូសដីធ្លី»។

បន្ទាប់ពីទទួលពាក្យបណ្ដឹងនេះហើយ ការិយាល័យអន្តររដ្ឋអាជ្ញា នៃសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ នឹងបើក​ការស៊ើបអង្កេតដំបូងមួយ មុននឹងសម្រេច ទៅដល់ការធ្វើស៊ើបអង្កេតស៊ីជម្រៅ ផ្សេងទៀត។ តែនេះមិន​មែន​ជានិតិវិធីជាដំណាក់កាល ដែលការិយាល័យអន្តររដ្ឋអាជ្ញា ចាំបាច់ត្រូវតែឆ្លងកាត់នោះឡើយ។ ចំណុចផ្សេង​ទៀត ដែលអាចនឹងធ្វើអន្តររដ្ឋអាជ្ញា ចាត់ទុកការចោទប្រកាន់ ក្នុងពាក្យបណ្ដឹងថាអាចទទួលយកបាន ដោយ​សារតែ​ប្រទេស​កម្ពុជាដ៏កំសត់ ធ្លាប់បានឆ្លងកាត់របបវាលពិឃាតដ៏ព្រៃផ្សៃ ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលប្រជាជន​រាប់​លាន​នាក់ ត្រូវបានសម្លាប់យ៉ាងខ្លោចផ្សារ។ មេដឹកនាំកម្ពុជាមួយភាគ នៅក្នុងរបបដឹកនាំសព្វថ្ងៃ រាប់ទាំង​លោក ហ៊ុន សែន នោះផង សុទ្ធតែមានអតីតភាពជាទាហាន ឬជាអ្នកអនុវត្តនយោបាយកាប់សម្លាប់ របស់​របប​​ខ្មែរ​ក្រហម​ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩។

យ៉ាងណាក៏ដោយ ក៏នៅក្នុងរបាយការណ៍នោះ មិនបានចង្អុលឲ្យចំឈ្មោះនរណាម្នាក់ឡើយ។ ក្នុងករណីនេះ​​ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ អាចនឹងបើកការស៊ើបអង្កេត ទៅលើអ្នកទទួលខុសត្រូវណាម្នាក់ ឬមេដឹកនាំ​នៃ​កង​កម្លាំងនគរបាល ឬយោធា នៅក្នុងប្រទេសកម្ពុជា។ គួបញ្ជាក់ដែរថា ពាក្យបណ្ដេឹងខាងលើ អាចចាត់​ទុក​ជា​សំនុំ​រឿង​ថ្មី​មួយ សម្រាប់​​សាលាក្ដីអន្តរជាតិមួយនេះ ដែលទើបនឹងត្រូវបានបង្កើតឡើង នៅឆ្នាំ២០០២ ហើយ​បាន​ចាត់​ការ​ក្នុង​ពេល​កន្លង​មក តែទៅលើសំនុំរឿងមួយចំនួន នៃបណ្ដាប្រទេស ក្នុងទ្វីបអាហ្វ្រិកប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...