ស៊ន សៀវម៉ី និង​ការ​តស៊ូ ក្នុង​វិស័យ​កីឡា​«តៃក្វាន់ដូ»កម្ពុជា

ចង់ដឹងថា ម្ចាស់មេដាយមាសអាស៊ីហ្គេមលើកទី១៧ ផ្នែកវិញ្ញាសារ«តែក្វាន់ដូ» កញ្ញា ស៊ន សៀវម៉ី ជានរណា? ហើយនាងមានប្រវត្តិអ្វីខ្លះ ទាក់ទងនឹងវិស័យកីឡា«តៃក្វាន់ដូ»? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការសង្ខេបជូន ដូចខាងក្រោម។
ស៊ន សៀវម៉ី និង​ការ​តស៊ូ ក្នុង​វិស័យ​កីឡា​«តៃក្វាន់ដូ»កម្ពុជា
ម្ចាស់មេដាយមាស ពីអាស៊ីហ្គេមលើកទី១៧ ឆ្នាំ២០១៤ កញ្ញា ស៊ន សៀវម៉ី។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 08, 2014
  • ប្រធានបទ: មេដាយមាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានស្រុកកំណើត ក្នុង​ស្រុក​ដងទង់ ខេត្ដ​កោះកុង កញ្ញា ស៊ន សៀវម៉ី កើត​នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ១៩៩៥។ កញ្ញា​ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធ ជា​លើក​ដំបូង សម្រាប់​កម្ពុជា​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា តៃក្វាន់ដូ នៅ​រដ្ឋធានី​ហូជីមិញ ប្រទេស​វៀតណាម ក្នុង​ព្រឹត្តិការណ៍​«ជើងឯក​អាស៊ី» កាល​ពី​ថ្ងៃ​ទី០២ ខែ​ឧសភា ឆ្នាំ២០១៤​ថ្មីៗ​នេះ។ ក្នុង​ពេល​នោះ កីឡាការិនី​រូប​នេះ​បាន​ប្រកួត​ឈ្នះ កីឡាការិនី​វៀតណាម ក្នុង​ពិន្ទុ​១៥​ទល់​០ តែ​នាង​បាន​ចាញ់ កីឡាការិនី​មក​ពី​ប្រទេស​កូរ៉េ ៩​ទល់​១១​វិញ។ កញ្ញា​ក៏​ធ្លាប់​បាន​ទទួល​មេដាយ​សំរិទ្ធិ ពី​កីឡា​អាស៊ាន​លើក​ទី​២៦ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ផ្នែក​« តៃខ្វាន់ដូ»​នេះ ក្នុង​ឆ្នាំ​២០១១​កន្លង​មក​ដែរ។

ការដណ្ដើមបានមេដាយមាស ក្នុងប្រទេសកូរ៉េនេះ ចាត់ទុកថាជាការសងសិក របស់កញ្ញា ស៊ន សៀវម៉ី ទៅ​នឹងព្រឹត្តិការណ៍«ជើងឯកអាស៊ី» កាលពីថ្ងៃទី០២ ខែឧសភា ដែលកញ្ញាបានប្រកួតចាញ់កីឡាការិនី មកពី​ប្រទេសកូរ៉េ។

កីឡាការិនី ស៊ន សៀវម៉ី ទទួលមេដាយមាស សម្រាប់ទំងន់ ៧៣ គីឡូក្រាម ផ្នែកតៃក្វាន់ដូស្ត្រី ក្នុងការប្រកួត​អាស៊ីហ្គេម (Asian Games) ឆ្នាំ២០១៤ កញ្ញាបានបញ្ជាក់ថា ត្រូវឆ្លងកាត់ការប្រកួតចំនួនបួនវគ្គ។ ក្នុងវគ្គទី១ នាងបានឈ្នេះដោយស្វ័យប្រវត្តិ ដោយគូប្រគួតបានបោះបង់ចោលការប្រកួត (មិនមានគូប្រកួត)។ ក្នុងវគ្គ​ទី២ នាងជួបប្រកួតជាមួយកីឡាការិនី មកពីប្រទេសអ៊ូបេហ្គីស្ថាន ដោយឈ្នះពិន្ទុ២៩ទល់នឹង៧។ ក្នុងវគ្គទីបី ជួប​ជា​មួយកីឡាការិនី មកពីប្រទេសហ្វីលីពីន ដោយឈ្នះពិន្ទុ ៦ទល់នឹង៥។ និងក្នុងវគ្គផ្តាច់ព្រ័ត្រ ជួប​ប្រកួត​ជា​មួយ កីឡាការិនីមកពីប្រទេសអ៊ីរ៉ង់ ឈ្នះពិន្ទុ ៧ទល់នឹង ៤។ កញ្ញាបន្តថាពេលនោះហើយ ទើបធ្វើឲ្យនាង​ទទួល​បាន «មេដាយមាស» ។

បច្ចុប្បន្នកញ្ញាស្នាក់នៅ ផ្ទះលេខ ៣៣៧ ផ្លូវជាតិលេខ៥ ភូមិមិត្ដភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ កញ្ញា ជាសិស្សថ្នាក់ទី១២D2 នៃវិទ្យាល័យឫស្សីកែវ ហើយដោយមមាញឹក នឹងការសម ដើម្បីចូលរួមការប្រគួតនេះ បានធ្វើឲ្យកញ្ញាប្រឡងធ្លាក់ សញ្ញាបត្រទុតិយភូមិលើកទី១ កាលពីពេលថ្មីៗនេះ។ កញ្ញាជាកីឡាការិនី​ជម្រើស​ជាតិ ផ្នែក«តៃខ្វាន់ដូ»ក្នុងឆ្នាំ២០១០ មកដល់បច្ចុប្បន្ននេះ បន្ទាប់ពីបងស្រីកញ្ញាឈ្មោះ ស៊ន ដាវីន។

ក្រោយការទទួលមរណភាព របស់ឪពុកឈ្មោះ ស៊ន ម៉េងហៀង កញ្ញារស់នៅជាមួយ ម្ដាយឈ្មោះ សួន ចាន់ធី ជាមេផ្ទះ និងបងប្អូនប្រុសបីនាក់ និងស្រីបីនាក់។ ក្នុងនាមជាកូនស្រីពៅ កញ្ញា​បានហ្វឹកហាត់ក្នុង​វិស័យ​កីឡា តៃក្វាន់ដូនេះក្នុងឆ្នាំ២០១០ ជាមួយក្រុមជម្រើសជាតិកម្ពុជា។

- ឆ្នាំ២០១១ - មេដាយសំរឹទ្ធ - ស៊ីហ្គេមលើកទី២៦ ក្នុងប្រទេសឥណ្ឌូនេស៊ី
- ឆ្នាំ២០១១ - មេដាយសំរឹទ្ធ - ជើងឯក«តៃខ្វាន់ដូអាស៊ីអាគ្នេយ៍»លើកទី១០ ក្នុងប្រទេសកម្ពុជា។
- ឆ្នាំ២០១២ - មេដាយសំរឹទ្ធ - ជើងឯកតៃខ្វាន់ដូ យុវជនអាស៊ីអាគ្នេយ៍លើកទី១១ ក្នុងប្រទេសវៀតណាម
- ឆ្នាំ២០១២ - មេដាយសំរឹទ្ធ - ជើងឯកកីឡាតៃខ្វាន់ដូយុវជនអាស៊ី ក្នុងប្រទេសឡាវ។
- ឆ្នាំ២០១៣ - មេដាយមាសមួយ - ស៊ីហ្គេមលើកទី២៧ ក្នុងប្រទេសមីយ៉ាន់ម៉ា។
- និងឆ្នាំ ២០១៤ នេះ - មេដាយមាស - អាស៊ីហ្គេមលើកទី១៧ ក្នុងទីក្រុងអ៊ីឈួន នៃសាធារណរដ្ឋកូរ៉េ។

កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតៃក្វាន់ដូ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បំពាក់គ្រឿងឥស្សរយស ថ្នាក់«មហាសិរីវឌ្ឍន៍» និងចាត់ទុកថាជា«វីរនារីរបស់កម្ពុជា» ក្រោយទទួល​បាន​មេដាយ​មាស ពីអាស៊ីហ្គេមលើកទី១៧នេះ។

ក្រៅពីនេះ កញ្ញាក៏ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់នូវអំណោយជាច្រើនដូចជា ឲ្យជាប់សញ្ញាបត្រ​ទុតិយភូមិ ដោយស្វ័យប្រវត្តិ ជាមួយនិងអាហារូបករណ៍ នៃសកលវិទ្យាល័យរដ្ឋមួយក្នុងប្រទេសកម្ពុជា។ កញ្ញា​ទទួលបាននូវប្រាក់ឧបត្ថមប្រចាំខែ ចំនួន១០០ដុល្លារក្នុងមួយខែ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ក្រៅ​ពីនេះ លោកនាយករដ្ឋមន្រ្តីក៏បាន ផ្តល់នូវម៉ូតូហុងដាស្កុបពីមួយគ្រឿង, កុំព្យូទ័រយួរដៃម៉ាកApple មួយ​គ្រឿង, Ipaid មួយគ្រឿង ជាមួយនិងថវិកាចំនួន មួយម៉ឺនដុល្លារអាមេរិក ពីលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ចំនួនពីរ​ម៉ឺន​ដុល្លារ​អាមេរិក ជាមួយនឹង ប្រាក់ឧបត្ថម្ភដល់ម្ដាយកញ្ញា ចំនួនប្រាំលានរៀលថែមទៀត។ នេះ គេ​នៅ​មិន​ទាន់​រាប់ ពី​ការ​ឧបត្ថម​ជាច្រើនទៀត របស់បណ្តាសប្បុរេសធម៌ផ្សេងទៀតនៅឡើយ។

ក្នុងសន្និសីទការសែត កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ កញ្ញាបានបញ្ជាក់ថា ថវិកាដែលទទួលបាន​ទាំង​អស់ នឹង​ដាក់ចូលប្រាក់ឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុបា្ជចំនួន២០ភាគរយ កាកបាទក្រហមកម្ពុជា​ចំនួន២០​ភាគរយ​ដែរ ដើម្បីជួយសង្គ្រោះកុមារ និងប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...