ភូមា៖ កីឡារបស់«បុរសសាច់ដុំ» ចាប់ផ្ដើមយកសាច់ឡើងវិញ
នៅក្នុងប្រទេសបានដាក់ខ្លួនឆ្ងាយពីពិភពលោក ជាង៥០ឆ្នាំមកហើយនេះ កីឡាកាយវប្បកម្ម មិនសូវជាមានអ្នកយកចិត្តទុកដាក់ប៉ុន្មានទេ តែសព្វថ្ងៃវិស័យនេះកំពុងពង្រីកខ្លួនឡើងវិញ។
ការប្រកួតអ្នកមានសាច់ដុំ ក្នុងប្រទេសភូមាកន្លងមក។
បិតបាំងរាងកាយតែជាមួយ ខោខ្លីពណ៌ទឹកសមុទ្រ និងបំពោកលើដងខ្លួន ជាមួយតែនឹងប្រេងឡើងរលើបរលោង បុរសដែលមានឈ្មោះថា ហ្សារី តាំង (Zarli Tin) តែងតែសុបិន្ដថា នឹងក្លាយជាបុរសដែលមានសាច់ដុំល្អជាងគេ នៅភូមា។
«ខ្ញុំមិនជាអស្ចារ្យអីប៉ុន្មានទេ ហើយខ្ញុំក៏មិនល្បីអ្វីដែរ តែខ្ញុំធ្វើការ។ ខ្ញុំគិតថា ខ្ញុំកំពុងដើរនៅលើផ្លូវត្រូវ។» នេះជាសម្ដីរបស់ បុរសដែលមានវ័យចំណាស់៣៣ឆ្នាំរូបនេះ ជាមួយនឹងសំណើចដ៏ក្អាកក្អាយផង។ នៅបន្ទប់ហាត់ ដែលមិនសូវជាស្អាតប៉ុន្មាន គាត់បានលើកបង្ហាញយើង នូវសាច់ដុំដៃរបស់គាត់ ដែលមានទំហំប៉ុន «ក្រូចផ្លុង» ប្រកបដោយមោទនភាព។
វាជាផ្នែកមួយនៃយុវជនជំនាន់ក្រោយ ដែលតែងសង្ឃឹមទទួលបាន នូវចំណូលយ៉ាងសន្ធឹកសន្ធាប់មួយ ជាមួយនឹងកីឡា«សាច់ដុំ»នេះ។ តាំងពីការរំលាយរូបរាង នៃរដ្ឋអំណាចយោធាកាលពីពីរឆ្នាំមុន រដ្ឋាភិបាលកែទម្រង់បច្ចុប្បន្ន បានបង្កើតគម្រោង ផ្ដល់ការឧបត្ថម្ភទៅវិស័យកីឡាជាច្រើន ដើម្បីជាការត្រៀមចូលប្រកួត ក្នុងល្បែងអាស៊ីអាគ្នេយ៍ ដែលគេហៅថា «ស៊ីហ្គេម (SEA Games)» នោះផង។ល្បែងនេះ នឹងត្រូវគេរៀបចំក្នុងប្រទេសភូមា នៅចុងឆ្នាំខាងមុខ ហើយត្រូវបានចាត់ទុកថា «សំខាន់» ប្រហាក់ប្រហែលនឹង ល្បែង«អូឡាំពិក» ធ្វើក្នុងប្រទេសជឿនលឿនឯទៀតៗដែរ។
ប្រទេសម្ចាស់ផ្ទះ សង្ឃឹមថានឹងទទួលបាន មេដៃច្រើន ជាមួយនឹងកីឡា«សាច់ដុំ» ខណៈដែលខ្លួនឯង ធ្លាប់បានទទួលជាច្រើនរួចមកហើយ។ ភូមាមានជោគជ័យ នៅក្នុងវិញ្ញាសារនេះច្រើនសន្ធឹកសន្ធាប់ណាស់ នៅក្នុងអតីតកាល បើទោះជាប្រជាជនភាគច្រើន នៅមានគំនិតអភិរក្សនិយម និងមានរូបរាងមិនសូវប្រកបនោះក៏ដោយ។ ប៉ុន្តែគួរបញ្ជាក់ថា នៅអំឡុងឆ្នាំ១៩៧០ កីឡានេះមានប្រជាប្រិយភាពខ្លាំងជាទីបំផុត ដោយកាលនោះ ប្រជាជនភូមាធ្លាប់ឃើញសាច់ដុំ របស់តារាភាពយន្ដអាមេរិក អាណុល ស្វារហ្សេនេជ័រ (Arnold Schwarzenegger) ហើយចង់យកគំរូតាម។
រូឡូលាបថ្នាំពណ៌
នៅពីក្រោយវាំងនននៃជ័យជំនះទាំងនេះ វាមានរឿងអាក្រក់ជាច្រើន ដែលបានកើតមានពីអតីតកាល ដូចជា កង្វះថវិការ អាហារ និងគ្មានកម្មវិធីច្បាស់លាស់ សម្រាប់ការហ្វឹកហាត់ជដើម។ ការហ្វឹកហាត់យក «សាច់ដុំ» ត្រូវការខ្លាំងណាស់ នូវជាតិប្រូតេអ៊ីន និងអាហារបន្ថែមផ្សេងទៀត ដើម្បីទ្រាំទ្រនូវការហ្វឹកហាត់ ក្នុងរយៈពេល ពីបួនទៅប្រាំម៉ោងក្នុងមួយថ្ងៃ។
«តែលុយដែលខ្ញុំរកបាន ពីការងារ មិនគ្រប់សម្រាប់ទិញ ទឺកវិតាមីនមួយដប សម្រាប់ការហ្វឹកហាត់នោះផង» បុរសម្នាក់ទៀតបន្លឺឡើង ដោយបានប្រាប់យើងថា គាត់មានឈ្មោះ ទីន ល្វិន (Tint Lwin) មុខរបរ ជាអ្នកបើករថយន្ដដឹកទំនិញ មានអាយុ៣២ឆ្នាំ ហើយគាត់ស្ថិតក្នុងក្រុមជម្រើសជាតិ ដើម្បីទៅប្រកួតនៅ ស៊ីហ្គេមខាងមុននេះដែរ។
«កីឡា នឹងរីកធំឡើង។ អ្នកចាត់ចែង បានជួយយើងអោយក្លាយជា កីឡាករដ៏អស្ចារ្យ។ អញ្ចឹង គង់តែនឹងបានសម្រេចជាមិនខាន។» ទីន ល្វិន បានបន្ត ក្នុងពេលដែលអ្នកជំនួយការរបស់គាត់ម្នាក់ បានយក«រូឡូលាបថ្នាំពណ៌» មកជ្រលក់ប្រេង ដាក់លាបពីលើខ្លួនគាត់ បណ្ដើរៗនោះ។
យើងក្រ តែមានបេះដូង
ក្រោយពីការងើបបះបោររបស់និស្សិត ក្នុងឆ្នាំ១៩៨៨ ដែលបានរងនូវការបង្ក្រាប ក្នុងថ្លុកឈាមនោះមក ពិធីប្រកួតប្រជែង«សាច់ដុំ» ត្រូវបានគេបំភ្លេចមួយអន្លើ ដោយហេតុថា មេដឹកនាំផ្ដាច់ការយោធា បានចាត់ទុកកីឡានេះ ជាផ្នែកមួយនៃសកម្មភាពនិស្សិត។ រហូតមកដល់ពេលមួយ ដែលដឹងថា ប្រទេសខ្លួននឹងរៀបចំ ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ទើបពួកអ្នកស្រឡាញ់សាច់ដុំ ចាប់ផ្ដើមពន្លេចខ្លួនមកវិញ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
«ប្រហែលជាពួកយើងក្រ តែពួកយើងស្រឡាញ់កីឡានេះ» ហ្សារី តាំង បានបង្ហាញពីទឹកចិត្តខ្លួនឡើង ដោយបានអួតអាងថា គាត់ធ្លាប់បានជាប់លេខបី នៅក្នុងការប្រកួតកន្លងមក។ តែបេះដូងអ្នកកីឡា មិនបញ្ឈប់ត្រឹមនេះទេ ដោយសង្ឃឹមយ៉ាងមុតមាំ នៅក្នុងប្រកួតកីឡាស៊ីហ្គេមខាងមុខ ពីការដណ្ដើមបានមេដៃមាស មកឲ្យប្រទេសខ្លួន ជាមិនខាន។
និស្សិតម្នាក់ទៀត អាយុ១៩ឆ្នាំ ឈ្មោះ អក ថារខ្វាវ (Oak Tharkyaw) បានជ្រលក់មាត់ចូលមកនិយាយដែរថា «អ្នកមានសាច់ដុំល្អជាងគេ មានភាពល្បីល្បាញនៅទីនេះ»។ ថារខ្វាវ ជាកីឡាករមួយរូបក្នុងចំណោមកីឡាករទាំង១៥០នាក់ នៃវិញ្ញាសារ ដែលពួកគេកំពុងហាត់។ និស្សិតយើងបានបន្ថែមថា «ជាកីឡាមួយស្លូតបូត និងជួយអោយខ្លួនយើង មានការជឿជាក់លើខ្លួនឯង និងមានកម្លាំងខ្លាំង»។ តែ ថារខ្វាវ បានសម្ដែងការសោកស្ដាយ ពីបញ្ហា«មួយ»ថា «ស្រីៗ»នៅទីនេះ ចូលចិត្តបុរសមានមាឌតូច ហើយស្គមៗ ដូចតារារបស់កូរ៉េនោះជាដើម៕
------------------------------------------------------
ដោយ កេសរកូល - ប៉ារីស ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ