វីរៈជននានាអបអរវីរៈនារី ស៊ន សៀវម៉ី តាមបណ្ដាញសង្គម
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៥ តុលា ២០១៤
- កែប្រែចុងក្រោយ: October 06, 2014
- ប្រធានបទ: មេដាយមាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សប្បាយចិត្ត ដែលយើងមានកីឡាការិនីម្នាក់ដ៏ឆ្នើម ដែលបានទទួលជ័យលាភី ពានរង្វាន់មេដាយមាសជូនជាតិ។ នេះជាមោទនភាពមួយ សំរាប់យើងជាខ្មែរ នៅក្នុងឆាកអន្តរជាតិ។» នេះជាឃ្លាប្រយោគ ផ្ទុះចេញពីបេះដូងរបស់លោក ព្រាប សុវត្ថិ តារាចម្រៀងឈរលំដាប់កំពូល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានសរសេរនៅលើជញ្ជាំង ទំព័រហ្វេសបុករបស់លោក។ តារាចម្រៀង បានសរសេរទៀតថា៖ «ពួកគាត់ (ក្រុមកីឡាករ) បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ សំរាប់ប្រទេសជាតិកម្ពុជា ក្នុងការប្រកួតកីឡា Asian Game។ ពួកយើងមានមោទនភាព ចំពោះរូបគាត់ខ្លាំងមែនទែន។»
ជាការពិតហើយ តាំងពីកញ្ញា ស៊ុន សៀវម៉ី បានប្រកួតឈ្នះ កីឡាការិនី ហ្វាតេម៉េដ រូហានី (Fatemeh Rouhani) មកពីប្រទេសអ៊ីរ៉ង់ នៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ ជាមួយនឹងពិន្ទុ ៧-៤ កាលពីថ្ងៃសុក្រ ទី៣ ខែតុលា នោះមក សុភមង្គលសម្រាប់ប្រជាជាតិកម្ពុជា ខាងវិស័យកីឡា បានវិលមកសណ្ឋិតសឹងតែទាំងស្រុង នៅក្នុងចិត្តនិងបេះដូងប្រជាជនដ៏កំសត់មួយនេះ តែបានខកខានលែងបានជួបរឿងសប្បាយបែបនេះ តាំងពី៤៤ឆ្នាំមកហើយ។
សឹងតែមិនបាច់យកមករៀបរាប់ឡើយ នៅលើបណ្ដាសង្គម ពាក្យសម្ដីអបអរសាទរ ការគាំទ្រ និងការស្ងើចសរសើរបានវាយលុក ជញ្ជាំងគណនីឬទំព័រ នៅតាមប្រអប់ដាក់យោបល់វាចា ... សឹងតែគ្មានទីណាមួយ ចន្លោះសោះឡើយ។ ប្រិយមិត្តមួយចំនួន ថែមទាំងបានយករូបកីឡាការិនី ដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពរូបនេះ មកធ្វើជារូប Profile តំណាងនោះទៀតផង។
លោក ជុំ កុសល អ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍បាយ័ន្ដ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី បានសរសេរដោយរញ្ជួយចិត្តថា៖ «ខ្ញុំពិតជារំភើបទប់ទឹកភ្នែកមិនបាន នៅពេលដែលគាត់បានជោគជ័យក្នុងការប្រកួត ហើយទទួលបានមេដាយមាសជូនជាតិ»។ ចំណែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាថ្នាចង់ជួបនាង សៀវម៉ី ដោយផ្ទាល់។ លោកសរសេរនៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់លោក ថា៖ «ខ្ញុំសង្ឃឹមថា ទាំងក្រសួងស្ថាប័នរដ្ឋ និងឯកជន នឹងរួមគ្នា ផ្តល់ការលើកទឹកចិត្តដល់កញ្ញា។ រូបខ្ញុំផ្ទាល់ ក៏ចង់ ជួបឃើញផ្ទាល់ម្តងដែរ ជាមួយកញ្ញា ហើយចង់និយាយប្រាប់មនុស្សគ្រប់គ្នាថា ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពយ៉ាងក្រៃលែង ចំពោះជោគជ័យរបស់កញ្ញា។»
រកកិត្តិយសជូនជាតិហើយ ថែមទាំងស្អាតអស្ចារ្យ ...
អ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ លោក ប៉ាង សុខខឿន បានសរសេរក្នុងគណនី«ខ្មែរសុវណ្ណភូមិ»របស់លោក សរសើរសម្ផស្សរបស់កញ្ញា ស៊ន សៀវម៉ី ថាមានកំពស់ខ្ពស់ជាង នារីខ្មែរភាគច្រើន និង«មានរូបសម្រស់ស្រស់សោភាថែមទៀត»។
អ្នកខ្លះទៀត ស្នើសុំឲ្យកញ្ញា សៀវម៉ី ថាបើសិនជាអាចទៅសម្ដែងភាពយន្ដ កាន់តែប្រសើរដោយសារតែនាងមានរាងខ្ពស់ស្រឡះ ហើយសម្ផស្សដ៏ផូរផង់ស្រស់ស្អាត។ លោក Hoya Battambang បានសរសេរសរសើរថា៖ «នាងគួរតែត្រូវលើកទឹកចិត្ត អោយទៅជាតារាសម្តែង ឬតារាបង្ហាញម៉ូតផង ព្រោះរូបក៏ស្អាតណាស់ដែរ ខ្ញុំមិនដែលមើលរឿងខ្មែរទេ តែបើនាងសម្តែងខ្ញុំនឹងគាំទ្រពេញទំហឹង ដោយសារនាងបានបង្កើតមហាកិត្តយស ជូនសង្គមជាតិ។»
ដោយឡែកអ្នកសិល្បៈជើងចាស់ លោក អៀង ស៊ីធុល មិនបានចាប់អារម្មណ៍ ទៅលើទេពកោសល្យសិល្បៈ ឬរូបសម្ផស្សរបស់កីឡារិនីទេ តែលោកបែរជាបានសរសេរផ្ដល់ក្ដីសង្ឃឹម ទៅកូនខ្មែរផ្សេងទៀតថា៖ «សូមឱ្យកូនខ្មែរ មនុស្សខ្មែរ រៀបចំខ្លួនអោយទៅជាមនុស្សចាំបាច់សំរាប់ជាតិ ដូច សៀវមុី»៕