ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវម៉ី ប្រតិកម្ម​​តប​​គេហទំព័រ​​«មមិះ​​មាន់»

មានរូបថតប៉ុន្មានសន្លឹក ឬឮតាមគេថាមួយម៉ាត់ពីរ ក៏តាំងយកមកចុះផ្សាយ... ហើយអ្នកចែក​រំលែក​នោះ​ទៀត​​សោធ ក៏​តាំង​បន្ទរ ទៅ​តាម​អ្វី​ដែល​គេហទំព័រ «ក្លែងភេទ​ជាសារព័ត៌មាន» មួយ​ចំនួន​ទាំង​នោះ​ចុះផ្សាយ... នេះ​ ជា​ប្រតិកម្ម​របស់​កីឡាការិនី ម្ចាស់​មេដាយ​មាស ឆ្នាំ២០១៤ កញ្ញា ស៊ន សៀវម៉ី ដែល​ទើប​នឹង​ចេញ​វីដេអូ ​«ផ្សាយ​ផ្ទាល់» លើ​បណ្ដាញ​សង្គម នៅ​មុន​នេះ​បន្តិច។
ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវម៉ី ប្រតិកម្ម​​តប​​គេហទំព័រ​​«មមិះ​​មាន់»
កញ្ញា ស៊ន សៀវម៉ី កីឡាការិនីខ្មែរ ដែលទទួលបានមេដាយមាស ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០១៤។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 08, 2017
  • ប្រធានបទ: មេដាយមាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្មែរជំនាន់មុនៗ ហៅសារព័ត៌មានបោះពុម្ភ ដែលចុះផ្សាយតែពាស ផ្ដេសផ្ដាស នៅលើទំព័រក្រដាសរបស់ខ្លួន ថា​ជា​សារព័ត៌មាន​ខ្ចប់​«មមិះមាន់»។ ចុះ​សព្វថ្ងៃ ដែល​សម្បូរ​ទៅ​ដោយ​គេហទំព័ររ ដែល​ដើរ​ឈ្ងោក​រ​ក​រូបថត​អ្នក​នេះ ​ឬ​ពី​អ្នក​នោះ និង​ឮ​ដំណឹង​ពីនេះ ឬពីនោះ ទាំងគ្មាន​ការអះអាង ពី​ម្ចាស់ខ្លួន ច្បាស់លាស់ ឬ​ពី​ប្រភព​យក​ជា​ការ​បាន យក​មក​ចុះ​ផ្សាយ ពេញទឹក​ពេញដីនោះ តើគេគប្បី​ហៅ​គេហទំព័រ​នោះ ជាអ្វី​ទៅ​វិញ?

យ៉ាងណា ក៏អ្នកដើរឈ្ងោករករូបថត ឬគេហទំព័រទាំងនោះមានសំណាងខ្លះដែរ ដែល​ត្រូវបាន​ម្ចាស់​ខ្លួន ដូច​យ៉ាង​កញ្ញា ស៊ន សៀវម៉ី កីឡាការិនី​​ម្ចាស់​មេដាយ​មាស ឆ្នាំ២០១៤ ផ្នែក​កីឡា​តៃក្វាន់ដូ របស់​ប្រទេស​កម្ពុជា ចាត់​ទុក​ថា​ជា​អ្នកសារព័ត៌មាន ឬជា​គេហទំព័រ​សារព័ត៌មាន។ តែការ​ហៅ​នេះ ទំនង​ជា​មិន​បង្ក​ការ​សប្បាយ​ចិត្ត ទៅ​ដល់​អ្នក​សារព័ត៌មាន «ពិតប្រាកដ» ឬជាអ្នកសារព័ត៌មាន «អាជីព» ទាំងឡាយនោះទេ។

នៅមុននេះ​បន្តិច កញ្ញា ស៊ន សៀវម៉ី រាងខ្ពស់ស្រឡះ ដែលមានសន្ទុះជើងទាត់​គ្មានមេត្តា បានចេញ​វីដេអូ «ផ្សាយ​ផ្ទាល់» មួយ បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក របស់កញ្ញា ដើម្បីប្រតិកម្ម​ទៅ​គេហទំព័រ​ទាំង​នោះ ដែល​បាន​យក​រូបថត​មួយ​សន្លឹក​ពីរ របស់កញ្ញា ដែល​កញ្ញា​អះអាងថា បានថត​តាំងពី​ច្រើន​ឆ្នាំ​មុន មក​បង្ហោះ​ធ្វើ​បច្ចុប្បន្ន​ភាព ជា​មួយ​នឹង​ចំណង​ជើង​អត្ថបទ របស់​គេហទំព័រ​ទាំង​នោះ​ថា «អីយ៉ា…! ស៊ន សៀវមុី ប្រាប់គ្រូ​បង្វឹក​ថា​នាង​​ឈឺ មិន​អាច​ហាត់​បាន តែការពិត​ គឺចឹង…(មានរូប) ជួយស៊ែ»។

កញ្ញាបញ្ជាក់នៅក្នុងវីដេអូថា គ្មានរឿងបែបនេះទេ ព្រោះគ្រូបង្វឹករបស់កញ្ញា ជាជនជាតិកូរ៉េ ហើយ​ក្នុង​ពេល​នេះ​ លោក​កំពុង​ស្នាក់នៅ​ឯ​ប្រទេស​កូរ៉េឯណោះ ខណៈការចេញដើរកំសាន្ដ ទៅកាន់​ទីណា​ក៏ដោយ វា​ជា​សិទ្ធិ​ឯកជន​របស់​កញ្ញា ដែលកញ្ញា​បាន​ធ្វើ នៅ​ក្រៅ​ម៉ោងហាត់ ឬនៅវេលា​ចុងសប្ដាហ៍ និង​មិន​​ត្រូវ​បាន​នរណា រួម​ទាំង​ក្រុម​ឈ្ងោក​រក​រូប​ថត​ទាំង​នោះ​ផង មក​លូកលាន់ ឬយកទៅ​ចុះផ្សាយឡើយ។

ដោយឡែក​ កីឡាការិនី​ដ៏ល្បីរបស់កម្ពុជារូបនេះ នៅបានលើកយក​បញ្ជាក់​ជាថ្មី ថាកញ្ញា​​ពិត​ជា​​ឈឺជើង ហ្វឹក​​ហាត់​​មិន​​កើត ត្រូវ​ការ​សម្រាក និង​មាន​លិខិត​បញ្ជាក់ ពី​មន្ទីរ​ពេទ្យ​នោះ​ផង។ កញ្ញាទទួល​ស្គាល់​បន្តថា មាន​រឿង​​រកាំរកួស​​​បន្តិច​​បន្តួច ​ជា​មួយ​នឹង​សហព័ន្ធ​តៃក្វាន់ដូ​កម្ពុជា មុននឹង​កែសំដី​មក​វិញ ថាជាការ​យល់​ច្រឡំ ជា​មួយ​​នឹង​​បុគ្គល​​មួយ​​ចំនួន នៅ​​ទី​នោះ​​ទៅ​វិញ៕

សូមទស្សនាវីដេអូ ប្រតិកម្មរបស់កញ្ញា ស៊ន សៀវម៉ី ទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...