ព្រះរាជាសង្ឃឹមរដ្ឋសភាដោះស្រាយបញ្ហា ដើម្បីសន្តិភាព និងស្ថិរភាពនយោបាយ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៧
- កែប្រែចុងក្រោយ: April 08, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋសភា ដែលតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល ត្រូវប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ បន្តទៀត ដើម្បីសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ នេះ ជាព្រះរាជហឫទ័យសង្ឃឹម នៅក្នុងព្រះរាជសារ របស់ព្រះរាជាកម្ពុជា ដែលត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភា យកមកអាន នៅក្នុងការបើកសម័យប្រជុំ លើកទី៨ នៃរដ្ឋសភាជាតិកម្ពុជា កាលពីថ្ងៃទី៧ ខែមេសានេះ។
ព្រះរាជសារខាងលើ ជាព្រះរាជសារលើកទីពីរ របស់ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលធ្វើទៅកាន់ប្រជាជាតិ ក្នុងដើមឆ្នាំ២០១៧នេះ និងត្រូវបានចេញផ្សាយ ជាសាធារណៈ។ នៅក្នុងព្រះរាជសារទីមួយ ចុះព្រហស្ដលេខានៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះមហាក្សត្រ បានអំពាវនាវឲ្យពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូប ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ «កុំឲ្យមាន ការព្រួយបារម្ភ ពីការគាបសង្កាត់ ការគម្រាបកកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ»។
» អានអត្ថបទដែលទាក់ទង៖ ការបោះឆ្នោតនៅកម្ពុជា មានការ«គម្រាម និងសម្លុត»?
រីឯព្រះរាជសារលើកទីពីរនេះ ក៏ត្រូវបានធ្វើឡើង នៅតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ ឈានមកដល់ ខណៈគណបក្សនយោបាយ ដែលបានត្រៀមចូលរួម ស្វែងរកកៅអី សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិក្រោយនេះ កំពុងចាប់ផ្ដើមជាស្រេចហើយ នូវយុទ្ធនាការឃោសនារបស់ផងខ្លួន ដែលផ្ទុយពីសេចក្ដីប្រកាស របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត អនុញ្ញាតឲ្យធ្វើការឃោសនា ជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនាខាងមុខ តែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវ និងឃ្លាំមើលបញ្ហាសង្គម លោក មាស នី បានថ្លែងឲ្យដឹងថា ព្រះមហាក្សត្រហាក់កំពុងបង្ហាញ ពីព្រះហឫទ័យរបស់ទ្រង់ សំដែងការព្រួយបារម្ភ ចំពោះស្ថានការណ៍ និងការវិវឌ្ឍន៍នយោបាយ នៅក្នុងព្រះរាជាណាចក្រ។ លោកថា ខ្លឹមសារនៃព្រះរាជសារទាំងនេះ ហាក់ពន្យល់ឲ្យដឹង ពីការបំពេញតួនាទីរបស់ព្រះអង្គ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ៕