គ្មានមន្ត្រីអាមេរិកផ្លូវការណាម្នាក់ ចូលរួមសង្កេតការបោះឆ្នោតជាតិនេះទេ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 25, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«គ្មានភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមសង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ទេ» នេះ ជាការបញ្ជាក់ឡើង របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្មានម៉ោងមុននេះ។
សេចក្ដីថ្លែងការណ៍ បានបន្តថា៖ «ការសម្រេចចិត្តនេះ គឺស្របតាមសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មក ដែលបានសម្ដែងកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការវិវត្តផ្នែកនយោបាយ នៅប្រទេសកម្ពុជា»។
ម្ដងហើយម្ដងទៀត សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស និងតំណាងអចិន្ត្រៃយ៍ នៃរដ្ឋាភិបាលអាមេរិក (ទាំងនៅក្នុងកម្ពុជា និងអាស៊ាន) បានចេញសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់ អះអាងពីកង្វល់ជ្រាលជ្រៅរបស់ខ្លួន នៅចំពោះការវិវត្ត ផ្នែកនយោបាយ នៅកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាការងាកចេញ ពីវិថីប្រជាធិបតេយ្យ និងការគោរពនីតិរដ្ឋ។
អាមេរិក រួមនឹងបណ្ដាប្រទេសធំៗ ផ្សេងទៀត នៅបស្ចឹមលោក ថែមទាំងព្រមានថា ការបោះឆ្នោតជាតិ នៅប៉ុន្មានថ្ងៃខាងមុខ នឹងគ្មានភាពស្របច្បាប់ទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយ ដែលមានការគាំទ្រពីពលរដ្ឋខ្មែរ ប្រមាណជិតពាក់កណ្ដាលប្រទេស ត្រូវបានរំលាយចោល ប្រធានគណបក្សត្រូវបានចាប់ឃុំ និងមន្ត្រីមកពីគណបក្សនេះ ជាង១០០នាក់ ត្រូវបានហាមឃាត់ មិនឲ្យធ្វើនយោបាយនោះ។
ប៉ុន្តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា ដែលគ្រោងបន្តអំណាច ឲ្យបានយ៉ាងហោច ១០ឆ្នាំទៅមុខទៀត បានអះអាងថា ការបោះឆ្នោតនៅកម្ពុជា មិនចាំបាច់មានការទទួលស្គាល់ ពីប្រទេសណាផ្សេង ឬក៏អង្គការសហប្រជាជាតិនោះឡើយ។
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ជីចុះឈ្មោះ អ្នកសង្កេតការបោះឆ្នោត តាំងពីថ្ងៃទី១៨ ខែកក្កដា ដោយបានជូនដំណឹងថា អ្នកសង្កេតការបោះឆ្នោត ដែលជាជនជាតិបរទេស មានប្រមាណជាង២០០នាក់ រួមទាំងអ្នកសង្កេតការណ៍ មកពីប្រទេសចិន កុម្មុយនីស្ដិ៍។ ក្រៅពីនេះ គ.ជ.ប បានទទួលចុះបញ្ជី នូវអ្នកសង្កេតការណ៍ជាតិ ជាច្រើនម៉ឺននាក់ ដែលក្នុងនោះ មានមួយចំនួនធំ ត្រូវបានគេមើលឃើញថា មាននិន្នាការលំអៀង និងដឹកនាំដោយក្រុមស្និត នឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច៕