បក្សទាំងពីរ បង្ហើបការខ្វែងគំនិតគ្នា មុនការចរចាកំពូល
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្រោមមូលដ្ឋានផលប្រយោជន៍រួមរបស់ជាតិ និងប្រជារាស្រ្ត បានប្តេជ្ញាដូចគ្នាថា នឹងទម្លាយភាពជាប់គាំងផ្នែកនយោបាយឲ្យបាន ត្រឹមការចរចាកម្រិតកំពូលនៅវិមានព្រឹទ្ធសភានៅថ្ងៃស្អែកក៏ដោយ ក៏លទ្ធផលវិជ្ជមាននៅតែជាមន្ទិលសង្ស័យនៅឡើយ ព្រោះគណបក្សទាំងពីរបានបង្ហើបឲ្យឃើញពីការខ្វែគំនិតគ្នា លើចំណុចគន្លឹះនៃការជាប់គាំងនយោបាយ តាំងពីមុនការចរចាទៅទៀត។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)
ការបោះឆ្នោត - សមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានបង្ហើបប្រាប់ការសែតក្នុងប្រទេសថា គណបក្សប្រជាជនកម្ពុជា ផ្តល់រូបមន្តពីរយ៉ាង ក្នុងការផ្លាស់ប្ដូរ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដល់គណបក្សសង្រ្គោះជាតិ ជាជម្រើស គឺទី១ តាមរូបមន្ត គណបក្សប្រជាជនកម្ពុជា ៣ រូប រីឯគណបក្សសង្គ្រោះជាតិ ២ រូប។ ហើយរូបមន្តទី២-តាមរូបមន្ត គណបក្សប្រជាជនកម្ពុជា ៤ រូប រីឯគណបក្សសង្គ្រោះជាតិ ៣ រូប។ ហើយសង្កត់ធ្ងន់ថាក្នុងរូបមន្តទាំងពីរ ខាងលើនេះ គឺគណបក្សប្រជាជនកម្ពុជាជាប្រធាន ហើយអនុប្រធាន បានទៅលើគណបក្សសង្គ្រោះជាតិ ។
តែសម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់មុនការចារចាថ្ងៃស្អែកនេះថា គណបក្សសង្រ្គោះជាតិ បានស្នើឲ្យមានការផ្លាស់ប្ដូរ សមាសភាព គ.ជ.ប នេះ ដែលគណបក្សសង្រ្គោះជាតិវាយតម្លៃថាគ្មានភាពឯករាជ្យ ដោយលំអៀងទៅរកគណបក្សប្រជាជនកម្ពុជានោះ ត្រូវតែមានសមាសភាព៩រូប ដែលមកពីខាងសង្គមស៊ីវិល៣រូប គណបក្សប្រជាជនកម្ពុជាស្នើ៣រូប និងគណបក្សសង្គ្រោះជាតិស្នើ៣រូប។
ការរំលិចឲ្យឃើញពីគោលជំហរផ្ទុយគ្នា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ លើចំណុចស្នូលនៃការចរចាបាននាំឲ្យមានការព្រួយបារម្ភ ពីលទ្ធផលអវិជ្ជមានក្រោយការចរចាថ្នាក់កំពូល របស់គណបក្សទាំងពីរ។ តែក្តីសង្ឃឹមនៅតែមាន ត្បិតលោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានព្រលយឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នេះថា៖ «ក្នុងកិច្ចចរចានៅថ្ងៃស្អែកនេះ គណបក្សប្រជាជនកម្ពុជា នឹងពិនិត្យលើរូបមន្តថ្មី របស់គណបក្សសង្គ្រោះជាតិ ក្នុងការកែទម្រង់ គ.ជ.ប។»
គួរកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលបានចរចានយោបាយជាបន្តបន្ទាប់ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយជិតមួយឆ្នាំមកនេះ បានដើរដល់ភាពទាល់ច្រកចុងក្រោយ ត្រឹមគណបក្សសង្រ្គោះជាតិ ទាមទាររូបមន្តពីរភាគបី រីគណបក្សប្រជាជនកម្ពុជា ទាមទាររូបមន្តហាសិបបូកមួយ នៃសំឡេងសមាជិកសភា ដើម្បីអនុម័តសមាសភាព នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
បន្ទាប់ពីមិនអាចរកឃើញចំណុចស្របគ្នា ហើយគណបក្សទាំងពីរ(គណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ) បានសម្រេចដើរចេញពីតុចរចា ដែលហុចឱកាសឲ្យមាន ការផ្ទុះអំពើហិង្សានយោបាយជាថ្មី យ៉ាងជ្រាលជ្រៅ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានប្តេជ្ញាដូចគ្នាថា នឹងបន្តការចរចាកម្រិតកំពូលជាថ្មីនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នេះ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយឲ្យបានឆាប់៕