តំណាង​រាស្ត្រ​បក្ស​ប្រឆាំង «គ្មាន»​អភ័យ​ឯកសិទ្ធិ? នី ចរិយា ពន្យល់

ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក មានការជជែកគ្នាច្រើន ទៅលើ«អភ័យឯកសិទ្ធិ» នៃ​បេក្ខជនជាប់ឆ្នោត របស់គណបក្សជាប់ឆ្នោត។ អ្នកខ្លះថា«មាន» និងអ្នកខ្លះទៀតថា«គ្មាន» ទាក់ទងទៅនឹង​«អភ័យ​ឯកសិទ្ធិអ្នកតំណាងរាស្រ្ត» ក្រោយការបោះឆ្នោតសកល ឬបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមក។ មន្ត្រីជំនាញផ្នែក​ច្បាប់របស់អង្គការសង្គមស៊ីវិលមួយរូប បានបកស្រាយពីបញ្ហានេះ ដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក មានការជជែកគ្នាច្រើន ទៅលើ«អភ័យឯកសិទ្ធិ» នៃ​បេក្ខជនជាប់ឆ្នោត របស់គណបក្សជាប់ឆ្នោត។ អ្នកខ្លះថា«មាន» និងអ្នកខ្លះទៀតថា«គ្មាន» ទាក់ទងទៅនឹង​«អភ័យ​ឯកសិទ្ធិអ្នកតំណាងរាស្រ្ត» ក្រោយការបោះឆ្នោតសកល ឬបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមក។ មន្ត្រីជំនាញផ្នែក​ច្បាប់របស់អង្គការសង្គមស៊ីវិលមួយរូប បានបកស្រាយពីបញ្ហានេះ ដូចខាងក្រោម។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

អភ័យឯកសិទ្ធិសភា - មានការពិបាក​ច្រើន​ក្នុងការពិចារណាថា តើអភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្រ្ត ក្រោយការ​បោះឆ្នោត អាចនឹងទទួលបាននៅពេលណាពិតប្រាកដ បន្ទាប់ពីបានបញ្ចប់ការបោះឆ្នោតជាសកលរួចមក។

ថ្លែងក្នុងសន្និសីទកាសែតមួយ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២១ ខែកក្កដានេះ ប្រធានផ្នែកសិទ្ធិមនុស្ស និង​ច្បាប់​នៃអង្គការអាដហុក លោក នី ចរិយា បានបង្ហាញនូវលក្ខខណ្ឌ នៃជម្រើសពីរយ៉ាងក្នុងការពិចារណាទៅលើ «អភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្រ្ត»ថា កើតមានឡើងនាពេលណាឲ្យពិតប្រាករដ្ឋនោះ។

លោកបង្ហាញពីជម្រើសទីមួយថា ប្រសិនបើតំណាងរាស្រ្តទាំងអស់មានអភ័យឯកសិទ្ធិ បន្ទាប់ពីការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដោយប្រជាពលរដ្ឋកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងបន្ទាប់មកមានសេចក្តីប្រកាស​ព័ត៌មាន​មួយ របស់រដ្ឋសភាកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ទទួលស្គាល់លើថារដ្ឋសភាបង្កើតឡើង ដោយមានតំណាង​រាស្រ្តទាំង១២៣រូប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ ដូច្នេះរាល់ការចាប់ខ្លួន ការឃុំខ្លួន ឬការកោះហៅ​តំណាងរាស្រ្ត ដោយស្ថាប័នតុលាការ គ្មានការ«ព្យួរ»នូវអភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្រ្តជាមុននោះទេ ជាករណី​«ខុសច្បាប់»។

ផ្ទុយមកវិញ អ្នកតំណាងរាស្រ្តទាំងអស់ ពិសេសតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមរយៈការមិនបានចូលស្បថ ឬការធ្វើពហិការមិនចូលរដ្ឋសភាជាដើម ហើយត្រូវ​បានចាត់ទុកថា «គ្មានអភ័យឯកសិទ្ធិ» សភា។ លោកបន្តថា ការមិនស្បថ ឬមិនចូលសភានេះ មិនចោទជាបញ្ហា​ខុស​និងត្រូវនោះទេ តែអ្វីសំខាន់នៅត្រង់ថា តើស្របតាមរដ្ឋធម្មនុញ្ញ ឬមិនស្រប? បើដូចអ្វី ដែលមន្រ្តីនៃគណបក្ស​ប្រជាជន​កម្ពុជា ឬមន្រ្តីរដ្ឋាភិបាលធ្លាប់បានអះអាងថា មិនមែនជាតំណាងរាស្រ្តស្របច្បាប់ ព្រោះតែមិនបានស្បថ​នោះ មានន័យថា អ្នកតំណាងរាស្រ្តទាំង៥៥រូប នៃគណបក្សសង្គ្រោះជាតិ ពិតជា«គ្មានអភ័យឯកសិទ្ធិ» ទេ។ ដូច្នេះ​រាល់ការឃាត់ខ្លួន ការចាប់ខ្លួន ការឃុំខ្លួន និងការកោះហៅបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត ចូលទៅកាន់តុលាការ នោះជាការ«ត្រឹមត្រូវ»។

ករណីផ្ទុយគ្នាទាំងពីខាងលើនេះ ត្រូវបានប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក រូបនេះ បានលើកជាឧទាហរណ៍ថា ប្រសិនបើបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិទាំង៥៥រូប «មិន»មានអភ័យឯកសិទ្ធិទេ បើយោងតាមរដ្ឋធម្មនុញ្ញ មានន័យថា រដ្ឋាភិបាលសព្វថ្ងៃជា រដ្ឋាភិបាលចាំផ្ទះ ឬជា​រដ្ឋសភាដែលមិនទាន់ពេញលក្ខណៈនៅឡើយ។

លោកបានបកស្រាយបន្ថែម លើរដ្ឋាភិបាលបច្ចុប្បន្ននេះទៀតថា «ជារដ្ឋាភិបាលចាំផ្ទះ មិនមានសិទ្ធិ​សម្រេចអ្វី​ទាំង​អស់។ អ្វីដែលរដ្ឋសភាបានសម្រេចកន្លងមក ដូចជាច្បាប់ទាំងបី(ពាក់ព័ន្ធនឹងតុលាការ) ច្បាប់ផ្សេងៗទៀត ទាំងច្បាប់​ថវិកាក៏ខុសច្បាប់ដែរ។» ជាមួយនិងការបកស្រាយខាងលើ លោកបានស្នើឲ្យអ្នកនយោបាយធ្វើការជ្រើសរើស ពិសេស​ចំពោះគណបក្សកាន់អំណាច អាចជ្រើសរើសជំរើសណាមួយ នៃជម្រើសទាំងពីរខាងលើ។

លោកបានធ្វើការបញ្ជាក់បន្ថែមថា បើធ្វើការជ្រើសរើសយកលក្ខខណ្ឌទីពីរ លោកចាត់ទុកថា រដ្ឋសភាក៏ដូចជា​រដ្ឋាភិបាល នៅមិនទាន់គ្រប់លក្ខណៈ តាមរដ្ឋធម្មនុញ្ញនៅឡើយ។ តែបើជ្រើសរើសនូវលក្ខខណ្ឌទីមួយវិញ មានន័យ​ថារាល់ការចាប់ខ្លួន ការចោទប្រកាន់ទៅលើបេក្ខជនអ្នកតំណាងរាស្រ្តជាប់ឆ្នោត ជារឿង«ខុស»ច្បាប់។

យ៉ាងណាក៏ដោយ លោក នី ចរិយា បានបញ្ជាក់ថា ករណីទាំងនេះ ជាភារកិច្ច និងជាតួនាទីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវធ្វើការបកស្រាយ មិនមែនជាតួនាទីនិងភារកិច្ចរបស់អង្គការសង្គមស៊ីវិលនោះទេ។ តែអ្វីដែលបានបង្ហាញ​ខាងលើនេះ លោកបានបញ្ជាក់ថា គ្រាន់តែជាការលើកឡើង ដោយផ្អែកលើទិដ្ឋភាពជាក់ស្តែង​នៃការអនុវត្តរបស់​រដ្ឋាភិបាល ផ្អែកតាមទិដ្ឋភាពច្បាប់ដែលមានជាធរមាន។

ជាងនេះទៅទៀត លោកក៏បានបង្ហាញថា ការដែលអាចផ្តល់«សុពលភាព»ទៅឲ្យរដ្ឋសភាបាន លុះត្រាតែគោរព​តាម​គោលការណ៍ យ៉ាងហោចណាស់ប្រាំមួយចំណុច ក្នុងគោលការណ៍ទាំងប្រាំពីរ ទើបស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ ហើយតំណាងរាស្រ្តទាំងអស់(១២៣រូប) ក៏នឹងមានសុពលភាព ជាអ្នកតំណាងរាស្រ្តពិតប្រាកដ ឯរដ្ឋសភាជាតិវិញ​ក៏​គ្រប់លក្ខណៈ នោះរដ្ឋាភិបាល ក៏ជារដ្ឋាភិបាលមួយដែលស្របច្បាប់ដែរ។

តែផ្ទុយមកវិញ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បានមើលឃើញថា សូម្បីតែគោលការណ៍ទីមូយ ក្នុងចំណោម​គោលការណ៍ទាំងប្រាំពីរ មិនទាំងអាចអនុវត្តបានផង ដូច្នេះសភានោះ ជាសភាមួយ ដែលគ្មានសភាពពេញ​លក្ខណៈ​ដែរ។ ដូច្នេះលោកលើកជាចំណោទថា៖ «តើរាល់ការចាប់ ការចង(តំណាងរាស្រ្ត) មិនដឹងថាអនុវត្តតាមវិធាន​អ្វី​នោះទេ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...