ត្រាំ គ្មានសិទ្ធិរាំងខ្ទប់អ្នកប្រឆាំង នៅលើបណ្ដាញសង្គមទេ!
លទ្ធភាពនៃការបញ្ចេញប្រតិកម្ម ទៅនឹងសារបង្ហោះ របស់ប្រធានាធិបតី ដោយសរសេរជាសារឆ្លើយតប ឬសារមតិយោបល់ នៅលើបណ្ដាញសង្គម ជាពិសេសបណ្ដាញសង្គមទ្វីសធើរ (Twitter) គឺជាផ្នែកមួយ នៃការអនុវត្តសេរីភាពបញ្ចេញមតិ ដែលត្រូវបានការពារដោយវិសោធនកម្មលើកទីមួយ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ នេះ ជាការសម្រេចឡើង របស់ចៅក្រមសហព័ន្ធ នៃក្រុង ញ៉ូយក អ្នកស្រី «Naomi Reice Buchwald» កាលពីថ្ងៃពុធ សប្ដាហ៍មុន។
ឬបើនិយាយមកវិញ ដោយខ្លី និងងាយយល់ បានសេចក្ដីថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងរំលោភលើរដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ប្រសិនណាជាលោកប្រធានាធិបតី ធ្វើការរាំងខ្ទប់ (Block) នរណាម្នាក់ ពីក្នុងចំណោមប្រិយមិត្ត រាប់លាននាក់ នៃទំព័រទ្វីសធើររបស់លោក បើគ្រាន់តែនរណានោះ សរសេរប្រតិកម្ម ទៅនឹងសាររបស់លោក ទោះជាការរិះគន់ ឬការចំអកក៏ដោយ។
អ្នកស្រីចៅក្រម បានពន្យល់ថា៖ «នៅក្នុងសំនុំរឿងនេះ គេបានស្នើសុំ [...]