ថតរូបបង្អួត តែភ្លេចគិតថា ខ្លួនឯង«ស្រាត»ឃើញក្នុងរូប
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 20, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាករណីរំជើបរំជួល រកសើចមិនត្រូវ (សម្រាប់អ្នកឃើញ) និងរកយំក៏មិនត្រូវ (សម្រាប់ម្ចាស់រូប) នៅលើបណ្ដាញសង្គមទ្វីសធើរ ក្នុងរយៈកាលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅទ្វីបអ៊ឺរ៉ុបខាងលិច។ អ្នកសារព័ត៌មាន ល្បីឈ្មោះមួយរូប លោក អូឡាហ្វ៍ កូអេន (Olaf Koens) ជាតិហូឡង់ ដែលធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មាន ឲ្យស្ថានីយ៍ទូរទស្សន៍ «RTL Nieuws» ប្រចាំនៅប្រទេសរ៉ូស្សី បានទម្លាយរូប«អាអូនតូច»របស់ខ្លួន ដោយចៃដន្យ តាមរយៈរូបថតមួយសន្លឹក ដែលលោកបានដាក់បង្ហោះ តាមបណ្ដាញសង្គម។
នៅខណៈពេលដែលលោក ត្រូវចុះបេសកកម្ម ទៅកាន់តំបន់ស៊ីបេរី (Sibérie) អ្នកសារព័ត៌មានវ័យ ៣០ឆ្នាំយើង បានចែករំលែករូបភាពមួយចំនួន ពីសណ្ឋាគារ ដែលលោកបានទៅស្នាក់នៅ។ ប៉ុន្តែក្នុងរូបភាពទាងនោះ មានទូរទស្សន៍មួយដែលលោកបានថត ហើយមិនបានចាប់អារម្មណ៍ ពីរូបចំណាំងផ្លាតចេញពីអេក្រង់ទូរទស្សន៍នោះ ដែលបង្ហាញគេឯង ថាលោក បានស្រាត«ននលគោក»ទាំងស្រុង នៅពេលលោកថតរូប។
បន្ទាប់ពីបានបញ្ជាក់ថា លោកពិតជាទើបនឹងចេញ ពីបន្ទប់ទឹក នៅមុនពេលថតរូបនោះ លោក កូអេន បានលប់រូបថតដ៏ញាប់ញ័រនេះ ចោលចេញពីទំព័រទ្វីសធើរ របស់លោកភ្លាម។ ប៉ុន្តែវាហួសពេលហើយ ព្រោះរឿងអពមង្គល បានកើតរួចជាស្រេច នៅលើបណ្ដាញសង្គម ដែលមានមនុស្សរាប់លាននាក់ អង្គុយសំកុកនៅពីមុខ ជារៀងរាល់វិនាទី។ អ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត បានថតផ្តិតពីអេក្រង់ (PrintScreen) ពីលើរូបភាពរបស់លោក ហើយបានចែករំលែកគ្នាព្រោងព្រាត។សារព័ត៌មានក៏មិនបានបង្អង់នៅស្ងៀមដែរ ដោយបានយករឿងនេះ មកបន្ទរធ្វើជាអត្ថបទ បង្កការសើចក្អាកក្អាយថែមទៀត។
ករណីនេះ បានធ្វើឲ្យលោក កូអេន ឆេះដុំឡើង។ អ្នកសារព័ត៌មានល្បីរូបនេះ បានសរសេរជាយោបល់ នៅលើទំព័រទ្វីសធើររបស់លោកថា៖ «សុទ្ធតែពួកចង្រៃ ដែលយក"ប្រដាប់ភេទ"របស់ខ្ញុំ មកធ្វើជាបច្ចុប្បន្នភាព។ ខ្ញុំគិតថា នឹងនៅ ស៊ីប៊េរី បានយូរបន្តិចទៀត។ (...) ឥឡូវនេះ នាំគ្នាទៅប្រកាចឲ្យអស់ទៅ!»
លើកក្រោយ សុំឲ្យប្រយ័ត្ន ចំពោះរាល់ការចុះផ្សាយ រូបថតណាក៏ដោយ នៅលើបណ្ដាញសង្គម៕