កែម ឡី៖ ការឲ្យគោរមងារជា«សម្តេច» ជាការ«ទំរើសបុគ្គល»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 16, 2015
- ប្រធានបទ: គោរមងារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខុសប្លែងពីការតែងតាំង គោរមងារជា«សម្តេច» ឬ«ឧកញ្ញា» សម្រាប់ប្រទេសកម្ពុជា ដែលកើតមាន តាំងតែពីសង្គមចាស់ ទៅលើជនណាម្នាក់ លុះណាតែជននេះ មាន«ស្នាដៃពិតប្រាកដ»នោះ ក្នុងសម័យបច្ចុប្បន្ន ការតែងតាំងគោរមងារទាំងពីរនេះ មិនបានឆ្លុះបញ្ជាំង តាមរយៈស្នាដៃនៃបុគ្គលនោះឡើយ។ តែការតែងតាំងគោរមងារផ្សេងៗ ដល់បុគ្គលណាម្នាក់ ព្រោះការតែងតាំងនោះ ត្រូវបានធ្វើឡើង ក្នុងលក្ខណៈ«ទំរើសបុគ្គល ឬបែបនយោបាយ» ប៉ុណ្ណោះ។ នេះជាការអះអាងឡើង របស់អ្នកស្រាវជ្រាវបញ្ហាសង្គម ដ៏ល្បីឈ្មោះ លោក កែម ឡី។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសព្រះរាជទាន គោរមងារ«សម្ដេច» ដល់ថ្នាក់ដឹកនាំកំពូលពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធិសភាថ្មី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រកម្ពុជា ចេញដោយឡែកពីគ្នា តែនៅក្នុងថ្ងៃតែមួយនោះ បានប្រោសប្រទានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានគោរមងារជា «សម្ដេចក្រឡាហោម ស ខេង» និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរមងារជា «សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ»។
ប៉ុន្តែការតែងតាំង ផ្ដល់គោរមងារ ឡើងជា«សម្ដេច» ទៅឲ្យជនទាំងឡាយណា នៅក្នុងសម័យនេះ ត្រូវបានលោក កែម ឡី វាយតម្លៃឡើងថា មិនបានផ្ដោតសំខាន់ ទៅលើគុណសម្បត្តិ ឬគុណតម្លៃ ស្នាដៃនៃបុគ្គលនោះ ហើយក៏មិនបានសម្លឹងមើល ពីទំហំនៃការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋនោះដែរ។
«សម្ដេច ឬឧកញ៉ា តែសម្បក»
លោកបណ្ឌិត កែម ឡី បានពន្យល់ តាមរយៈទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការតែងតាំង«គោរមងា» ពិតជាមានតម្លៃណាស់ សម្រាប់បុគ្គលម្នាក់ សូម្បីតែបុគ្គលផ្ទាល់ ដែលត្រូវបានគេតែងតាំងនោះ ក៏អាចនឹងមានមោទនភាពផ្ទាល់ខ្លួនផងដែរ នូវអ្វីដែលខ្លួនបានធ្វើ សម្រាប់ប្រជាជាតិ និងជាតិខ្លួន។ តែផ្ទុយមកវិញ បើបុគ្គលនោះ ជាអ្នកបំផ្លាញផលប្រយោជន៍ជាតិ សង្គម ឬពលរដ្ឋរបស់ខ្លួនឯង ដូចជាករណីកាប់បំផ្លាញព្រៃឈើ ឬមានបាតដៃប្រឡាក់ឈាម ជាដើមនោះ តើ«គោរមងា» ជា សម្តេច ឬឧកញ៉ា នឹងមានប្រយោជន៍អ្វីសម្រាប់សង្គម ជាតិ និងឧត្តមគតិខ្លួនឯន? ថាតើមានទំហំប៉ុន្មាន? ឬទំហំនៃចំណុចវិជ្ជមាន នៃបុគ្គលនោះ នាពេលកន្លងមកជាដើម ពិតជាមានកិត្តិយស ឬមានតម្លៃសម្រាប់បុគ្គល ដែលត្រូវបានតែងតាំងទេ?
អ្នកស្រាវជ្រាវបញ្ហាសង្គម បានលើកមកបកស្រាយ ពីគោរមងារមុនៗ ដូចជាករណីសម្តេច ជូន ណាត ដែលគេទទួលស្គាល់ថា ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ តាមរយៈការរៀបចំ ឲ្យមានជា«វចនានុក្រមភាសាខ្មែរ» ដែលអាចយកមកប្រើប្រាស់ ជាប្រយោជន៍សង្គមដ៏ធំធេង។ រីឯសម្តេច បវសេដ្ឋា សឺន សាន ជាមនុស្សម្នាក់ បានចូលរួមក្នុងការតស៊ូ ជាមួយសម្តេច សីហនុ ដើម្បីទាមទារឯករាជ្យភាព ពីបារាំងដ៏ពិតប្រាកដ និងតស៊ូជាមួយប្រទេសវៀតណាម ក្នុងរឿងទឹកដីកម្ពុជាក្រោមជាដើម។ ហើយការតែងតាំងសម្តេច ជួន ណាត និងសម្តេចបវសេដ្ឋា សឺន សាន មានការគាំទ្រ និងពេញចិត្តពី សំណាក់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស រហូតដល់ថ្នាក់អន្តរជាតិទៀតនោះ វាពិតជាកិត្តិយស នៃបុគ្គលដែលត្រូវបានតែងតាំង។
អ្វីទៅ ជាកិត្តិយសសម្រាប់បុគ្គល ដែលមានគោរមងារ ជាសម្ដេច ឬឧកញ៉ា?
លោក កែម ឡី បានបញ្ជាក់ថា បើតែងតាំងមនុស្សល្ព មានស្នាដៃ នោះជាកិត្តិយសមួយ។ តែបើការតែងតាំងបុគ្គល ដែលគ្មានស្នាដៃ ឬអ្នកដែលធ្លាប់បង្ក ភាពអវិជ្ជមានច្រើនដល់សង្គម នោះក៏ជាកិត្តិយសគាត់ដែរ ពេលដែលតែងតាំងខុសនោះ។ លោកបានសង្កត់ធ្ងន់ថា៖ «តើអ្នកដឹកនាំណា ដែលផលិតនូវចំណុចវិជ្ជមានច្រើន។ អ្នកដឹកនាំមានអ្នកខូច មានអ្នកល្អ។ (...) តាំងពី៧៩មក អ្នកដឹកនាំខ្លះ គិតតែពីប្រយោជន៍ខ្លួន កាប់ព្រៃឈើ បក្សពួកនិយម ពុករលួយ បង្កើតរឿងរ៉ាវច្រើនក្នុងសង្គម ព្រោះតែមានថានៈខ្ពស់។ (…) យើងមិនបានមើលចំណុចនេះ ហើយគ្មានលក្ខ័ណត្រឹមត្រូវ ការផ្តល់គោរមងារ ក៏មិនមានការកើតសរសើរ ពីពលរដ្ឋ។ បើខ្ញុំ មិនឲ្យតម្លៃទេ។ នេះគ្រាន់តែជា “ទំរើសបុគ្គល” មានលក្ខណៈនយោបាយ។ (…) ការតែងតាំងទាំងនោះ គ្រាន់តែជាការគួរសម ដែលមិនបានមើលឃើញ ពីស្នាដៃពិតប្រាកដណានោះឡើយ។»
តាមគំនិតរបស់លោក ដែលជាអ្នកវិភាគសម្ដីជ្រៅ បានលើកឡើងថា ចង់ឲ្យសង្គមជាតិទាំងមូល មើលឃើញស្នាដៃ«ពិត»ក្នុងការតែងតាំង។ មិនថាកម្មករ កសិករ ប្រជាពលរដ្ឋ មកពីរដ្ឋាភិបាល គណបក្សក្នុងរដ្ឋាភិបាល ឯកជន ឬបុគ្គលមកពីបក្សប្រឆាំង មកពីសង្គមស៊ីវិល ត្រូវសំលឹងមើល មនុស្សល្អបំផុតក្នុងសង្គម ហើយធ្វើការតែងតាំង នោះនាំឲ្យបុគ្គលនោះ នឹងមានកិត្តិយសក្នុងសង្គម និងជាគំរូល្អសម្រាប់កូនខ្មែរផង៕