កែម ឡី៖ ងារ«ស្រ្តីទី១»នៅកម្ពុជា គួរបានទៅស្រ្តីតស៊ូដើម្បីសិទ្ធិសេរីភាព
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី មីនា ២០១៥
- កែប្រែចុងក្រោយ: March 27, 2015
- ប្រធានបទ: វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មាន និងទូរទស្សន៍ក្នុងស្រុកមួយចំនួនធំ បានប្រើប្រាស់នូវពាក្យ «ស្រ្តីទី១» ដោយសំដៅលើ ភរិយាប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងភរិយានាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ តែមិនមែនមានតែ ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះទេ បើទោះបីលោក ហ៊ុន សែន ខ្លួនលោក ក៏បានហៅភរិយាលោក ថាជា«ស្ត្រីទី១»ដែរ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យបរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នាវិទ្យាស្ថានជាតិអប់រំ ក្នុងព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា៖ «ប៉ុន្មានថ្ងៃមុននេះ គឺលោក ជំទាវទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា មកកម្ពុជា ក្រោមប្រធានបទរុញស្រ្តីឲ្យរៀន។ (…) គេក៏ស្រ្តីទី១ យើងក៏ស្រ្តីទី១។»
តើអ្វីជា«ស្រ្តីទី១»? ហេតុអ្វីបានកើតចេញ នួវពាក្យ«ស្រ្តីទី១»នេះឡើង? តើពាក្យ«ស្រ្តីទី១»នៅកម្ពុជា មានប្រភព និងដើមកំណើតពីណា? ពេលណា? និងហេតុអ្វី? តើអ្នកណាមួយ គួរទទួលបាន នូវងារជា«ស្រ្តីទី១»នេះ? ដើម្បីយល់ជ្រាបពីបញ្ហា និងនិយមន័យចំពោះពាក្យថា «ស្រ្តីទី១» សម្រាប់កម្ពុជានោះ លោក កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវ បញ្ហាសង្គម បានធ្វើការពន្យល់ និងបកស្រាយពាក់ព័ន្ធ នឹងពាក្យថា ស្រ្តីទី១ នេះ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដូចតទៅ។
ក្នុងបរិបទជាក់ស្តែងនៅកម្ពុជា លោក កែម ឡី បានឲ្យនិយមន័យស្រ្តី ដែលត្រូវទទួលបានងារជា «ស្រ្តីទី១»នេះ ចង់សំដៅលើស្រ្តី ដែលមានស្នាដៃខ្ពស់ខ្ពស់ ដែលក្នុងនោះភាគច្រើន ដូចជាភរិយាថ្នាក់ដឹកនាំ ដែលមានស្នាដៃ និងកើតចេញពីឆន្ទះ របស់ប្រជាពលរដ្ឋពេញលេញ ហើយបានធ្វើអ្វីមួយ ដែលទទួលបានផលសម្រេចខ្ពស់។
រីឯការលើក ឬចាត់ទុកអ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា«ស្ត្រីទីមួយ»នៅកម្ពុជា ត្រូវបានលោក កែម ឡី ហៅថា ជាការលើកដំកើងមួយ ដែលគ្មានលក្ខខណ្ឌត្រឹមត្រូវ។ លោកបានបន្ថែមថា បើដូច្នេះមែន គួរណាស់ធ្វើការសម្លឹងមើល ទាំងភរិយារបស់ប្រធានរដ្ឋសភា និងព្រឹទ្ធសភា ដែលពួកគាត់មានឋានៈ នឹងតំណែងខ្ពស់ ជាងនាយករដ្ឋមន្រ្តីនោះវិញ។
បើតាមគំនិតរបស់អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ ដើម្បីផ្តល់នូវការគោរព និងអាចចាត់ទុកបាន ជា «ស្រ្តីទី១» នោះ គួរណាស់ ត្រូវបានទៅលើស្រ្តី ដែលបានព្យាយាមពុះពារ តស៊ូនូវរាល់ឧបសគ្គ ក្នុងការទាមទារសិទ្ធិសេរីភាព និងការរស់នៅ បានសមរម្យរបស់ខ្លួន ក្រោមការគាបសង្កត់ ពីបុគ្គលមានប្រាក់ ឬមន្រ្តីមានអំណាច មួយចំនួននោះទៅវិញទេ។ លោក បាននិយាថា៖ «ស្រ្តីទី១ ត្រូវហៅ ទេព វន្នី យ៉ោម បុប្ផា អ្នកនៅឡពាងឯណោះ ទើបអាចក្លាយជាស្រ្តីទីមួយ។»
យ៉ាងណាក៏ដោយ ចំពោះពាក្យថា «ស្រ្តីទី១» ដែលបានលើកឡើង នាពេលមានវត្តមានអ្នកស្រី មីឆែល អូបាម៉ា នៅកម្ពុជា ដោយមានការស្វាគមន៍ ពីអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលគេបានចាត់ទុកថា ជាស្រ្តីទី១ នៅកម្ពុជាដែរនោះ នេះគ្រាន់តែជាងារ សម្រាប់«នយោបាយ» និងគ្រាន់តែជាការលើកឡើង របស់អ្នកដែលមានចេតនា «អែបអប» និងជាវប្បធម៌លើកជើង នៃបុគ្គលមួយចំនួន នៅកម្ពុជាប៉ុណ្ណោះ។
លោក កែម ឡី បានបញ្ជាក់ទៀតថា៖ «បើមានព្រះរាជក្រិត្យ មានអនុក្រិត្យ មានច្បាប់ផ្តល់ជាងារនោះ មិនអ្វីទេ។ តែបើគ្រាន់តែនាំគ្នានិយាយនោះ វាជាវប្បធម៌លើកជើង ជាវប្បធម៌ទំនើបបុគ្គល។» លោកមិនបានសំដៅលើបុគ្គល ឬស្ថាប័នណាមួយ ដែលនាំបង្កើត ឬប្រើប្រាស់នូវពាក្យ«ស្រ្តីទី១»នេះឡើយ។ តែលោកបានបញ្ជាក់ថា ករណីនេះភាគច្រើន ប្រភពអាចកើតចេញ ពីអ្នកដែលកេងចំណេញ ឬចង់បានប្រយោជន៏។ លោកថា៖ «គេចេះតែផ្តល់ងារនេះ ងារនោះ ផ្តល់ជាវីរជន ផ្តល់ជាវីរបុរស ផ្តល់ជាបិតាជាតិខ្មែរ។ (…) ងារនេះគ្មានច្បាប់ទេ គេចេះតែហៅតគ្នា។»៕