4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ មាន​ជំងឺ​«រោគ​ចិត្ត»?

ជំនួយការបើកបរយន្ដហោះ អ៊ែរប៊ូស (Airbus A320) របស់ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings‬) ដែលបានជួបគ្រោះធ្លាក់ កាលពីបីថ្ងៃមុន ត្រូវបានគេដឹងថា មានជំងឺផ្លូវចិត្តដ៏ខ្លាំងមួយ កើតតាំងពី៦ឆ្នាំមកហើយ។ យុវជនអាយុ២៨ឆ្នាំរូបនោះ បាន​ស្ថិត​ក្រោម​ការ​ព្យាបាលជាប្រចាំ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៧ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 27, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួយការបើកបរយន្ដហោះ យុវជន អេដ្រៀស៍ លូប៊ីស្ស៍ (Andreas Lubitz) បានឆ្លងកាត់ «នូវដំណាក់កាល នៃភាព​អស់​សង្ឃឹម ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ នៅឆ្នាំ២០០៩ ហើយបានស្ថិតក្រោម ការព្យាបាលជាប្រចាំ»។ នេះបើតាម​សារព័ត៌មាន  Bild ដែលបានចូល ទៅពិគ្រោះឯកសារផ្លូវការជាច្រើន របស់អាជ្ញាធរ អាកាសចរណ៍ស៊ីវិល អាល្លឺម៉ង់ (Luftfahrtbundesamt, LBA) ក្នុងថ្ងៃសុក្រនេះ ទាក់ទងនឹងការធ្លាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ។

ជាមួយនឹងការបញ្ជាក់ថា ឯកសារផ្លូវការទាំងនោះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ លូហ្វថានសា (Lufthansa ក្រុមហ៊ុនមេ គ្រប់គ្រងពីលើ ក្រុមហ៊ុន ហ្សែរមេនវីង) បញ្ជូនមកឲ្យខ្លួននោះ សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃមួយនេះ បាន​បន្តអះអាងទៀតថា តាំងពីឆ្នាំនោះមក យុវជនអាយុ២៨ឆ្នាំ បានត្រូវដាក់ឲ្យស្ថិតនៅក្រោម ការព្យាបាល​យ៉ាង​ពិសេស និង​ការ​ត្រួត​ពិនិត្យផ្នែកវេជ្ជសាស្ត្រ ជាប្រចាំ។

ហែកក្រដាសវេជ្ជបញ្ជា...

ប្រព័ន្ធយុត្តិធម៌បារាំង បានបង្ហាញជាសាធារណៈ កាលពីថ្ងៃព្រហស្បត្តិ៍ ថាជំនួយការបើកបរយន្ដហោះ បានប៉ុនប៉ង​បង្ហោះ​យន្ដហោះ Airbus A320 ទៅបំបុកភ្នំ ក្នុងតំបន់ជួភ្នំអាល៍ (Alpes - ភាគខាងត្បូងប្រទេសបារាំង) ដែលធ្វើឲ្យ​មនុស្ស ១៤៩នាក់ ផ្សេងទៀត នៅលើយន្ដហោះ ស្លាប់ទៅជាមួយខ្លួន។ ការចូលទៅឆែកឆេរ គេហដ្ឋានទាំងពីរ របស់​ជំនួយ​ការយន្ដហោះនោះ ត្រូវបានធ្វើភ្លាមៗ នៅក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍។ នៅពេលនោះ ក្រុមអាជ្ញាធរ បានរកឃើញ ក្រដាស​ស្នាម​ជា​ច្រើន​ទៀត ដែលបញ្ជាក់ថា យុវជន អេដ្រៀស៍ លូប៊ីស្ស៍ ត្រូវបានគ្រូពេទ្យ បញ្ឈប់មិនឲ្យចេញ ទៅ​ធ្វើការ​បើកបរទេ ក្នុងថ្ងៃអង្គារ (ថ្ងៃដែលយន្ដហោះជួបគ្រោះ)។ ក្រដាសស្នាមទាំងនោះ ត្រូវបានហែកចោល ដាក់ក្នុង​ធុង​សម្រាម ក្នុង​គេហដ្ឋាន​មួយកន្លែង របស់យុវជន ជំនួយការបើកបរយន្ដហោះ។

អគ្គនាយកក្រុមហ៊ុន លូហ្វថានសា លោក កាស្ទែន ស្ព័ហ្វ (Carsten Spohr) បានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ដែរថា អេដ្រៀស៍ លូប៊ីស្ស៍ បានឈប់ពីការហ្វឹកហាត់ នៃការបើកបរយន្ដហោះ នៅឆ្នាំ២០០៨ ក្នុងរយៈពេលមួយ តែមិន​បាន​ពន្យល់​លំអិត ពីករណីនេះទេ។ បន្ទាប់មក យុវជននេះ បានត្រឡប់មកហ្វឹកហាត់វិញ និងបានបញ្ចប់ការហ្វឹកហាត់នោះ មុន​នឹង​ចូល​មក​កាន់​ចង្កូតយន្ដហោះ Airbus A320 នៅឆ្នាំ២០១៣។

ជំងឺអស់សង្ឃឹម និងរោគដង្ហក់

បើតាមសារព័ត៌មាន Bild ដដែល បានរាយការណ៍ឲ្យដឹងទៀតថា នៅពេល ដែលការហ្វឹកហាត់ ត្រូវបានផ្អាកនោះ គឺ​ជា​ពេលដែល យុវជននេះ មានជំងឺអស់សង្ឃឹម និងរោគដង្ហក់។

សារព័ត៌មានបានបន្ថែមទៀតថា អ្នកជំនាញខាងរោគចិត្តមួយរូប នឹងត្រូវចូលទៅពិនិត្យ រាល់ឯកសារទាំងអស់ នៅ​ក្នុង​ថ្ងៃសុក្រនេះ ពីអាជ្ញាធរអាល្លឺម៉ង់ ដែលទទួលខុសត្រូវ ខាងការត្រួតពិនិត្យ លើការដឹកជញ្ជូនផ្លូវអាកាស។ ឯកសារ​ទាំង​នោះ ក៏នឹងត្រូវប្រមូលយក ដោយប្រព័ន្ធយុត្តិធម៌អាល្លឺម៉ង់ ហើយត្រូវបញ្ជូនជាបន្ទាប់ មកឲ្យក្រុមអ្នកស៊ើបអង្កេតបារាំង។

ការរកឃើញថ្មីៗនេះ បានធ្វើឲ្យ ការធ្លាក់យន្ដហោះលើកនេះ ក្លាយជាគ្រោះថ្នាក់យន្ដហោះ ដ៏ការតក់ស្លុតរន្ធត់ចិត្ត ជាង​ពេលណាៗទាំងអស់ នៅជុំវិញទ្វីបអ៊ឺរ៉ុប។ ក្រុមគ្រួសាររបស់ជនរងគ្រោះ កំពុងសម្ដែងការក្ដៅក្រហាយ កាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានបង្ហាញ ជាបន្តបន្ទាប់ នូវអ្វីដែលគេបានរកឃើញ ជាពិសេស ពីអ្វី ដែលគេរក​គិត​មិន​យល់​ថា ហេតុអ្វីបានជាបណ្ដោយ មនុស្ស«រោគចិត្ត»ម្នាក់ ទៅកាន់ចង្កូតយន្ដហោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...