អ្នកជំនាញម្នាក់អះអាងដឹងពីយន្ដហោះ MH370 ថានៅកន្លែងណា
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 19, 2015
- ប្រធានបទ: បាត់យន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
១ឆ្នាំ២ខែ បានកន្លងផុតទៅ ការបាត់ខ្លួននៃយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ MH370 នៅតែមិនមានការបកស្រាយ ឲ្យដឹងច្បាស់លាស់ យ៉ាងដូចម្ដេច ឬយ៉ាងណានោះនៅឡើយ។ តួយន្ដហោះប៊ូអីង (Boeing 777) ទាំងមូល ក៏នៅមិនទាន់បានរកឃើញ ហើយអាជ្ញាធរនៃប្រទេសម្ចាស់យន្ដហោះវិញ ដែលបានប្រកាសថា ករណីយន្ដហោះនេះ ជាឧប្បត្តិហេតុនោះ ក៏ដូចជាមិនសូវ បានធ្វើអត្ថាធិប្បាយ ឲ្យមានតម្លាភាព ខ្លាំងក្លានោះដែរ។
តែសម្រាប់អ្នកជំនាញបារាំង ខាងអាកាសចរណ៍ លោក អេនដ្រេ មីលណេ (Andre Milne) វិញ បានចេញមកអះអាងថា លោកបានដឹង ពីកន្លែងដែលយន្ដហោះមួយនេះ កំពុងស្ថិតនៅ។ នៅក្នុងវីដេអូខាងលើនេះ លោកបានអំពាវនាវ ស្វែងរកការរៃអង្គាស ដើម្បីយកថវិកា ទៅផ្គត់ផ្គង់ការស្រាវជ្រាវ របស់លោក និងក្រុមការងារ។
លោក អេនដ្រេ មីលណេ ជាអ្នកជំនាញមួយរូប ធ្វើការនៅក្នុងផ្នែកបច្ចេកវិទ្យា អាកាសចរណ៍យោធា របស់ប្រទេសបារាំង។ នៅក្នុងវីដេអូ ដែលលោកអះអាង ពីសំណុំរឿងនេះច្បាស់ លោក មីលណេ បានអះអាងថា៖ «នៅក្នុងតំបន់រវាង ប្រទេសម៉ាឡេស៊ី និងឥណ្ឌា មិនដែលមានការរុករុកណាមួយ ត្រូវបានធ្វើឡើង នៅឡើយ។ (...) ខ្ញុំសូមឲ្យមានការចូលរួម ជាវិភាគទានរបស់លោកអ្នក ដើម្បីបង្ហាញឲ្យគេដឹង ពីហេតុភេទដែលបានកើតឡើង ចំពោះយន្ដហោះ MH370។»
ផ្ទុយពីការអះអាង ជាផ្លូវការ ដែលនិយាយថា យន្ដហោះបានហោះ ទៅភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះ លោក មីលណេ បានយល់ថា យន្ដហោះមួយនេះ បានហោះទៅភាគខាងជើងវិញ ដោយសារមានការរកឃើញ នូវស្លាកស្នាមតួយន្ដហោះ ដែលគ្មានអត្តសញ្ញាណមួយ នៅបាតសមុទ្រ។ ជាមួយនឹងសាក្សីជាច្រើននាក់ លោក មីលណេ បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃកើតហេតុនោះ បណ្ដាជននៅក្នុងតំបន់ បានឃើញយន្ដហោះ ប៊ូអីង ហោះកាត់ប្រជុំកោះ ម៉ាឌីវ មុននឹងផ្លាស់ប្ដូរទិសដៅ ទៅកាន់ឈូងសមុទ្រ បឹងហ្គាល់ (Bengale) ដែលជាតំបន់ដែលលោក អះអាងពីការរុករក។
បើតាមលោក មីលណេ ករណីយន្ដហោះនេះ គឺឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រសិនបើនរណាម្នាក់ ព្យាយាមធ្វើឲ្យបាត់ខ្លួន នូវអ្នកដំណើរ និងបុគ្គលិកបម្រើទាំងអស់ នៅលើយន្ដហោះ។ លោកបានស្នើ ឲ្យមានការចូលរួម ជាវិភាគទាន ដើម្បីផ្ដល់លទ្ធភាព ជូនលោក អាចដឹកនាំការរុករក ដោយផ្អែកលើទិន្នន័យ នៃសិក្សាស្រាវជ្រាវខាងលើ។
អ្វីដែលសំខាន់ នៅពេលនេះ គឺត្រូវរង់ចាំមើល ថាតើការអះអាងរបស់លោក នឹងមានភាពហ្មត់ចត់របស់វា ដល់កម្រិតណា។ ប៉ុន្តែ ដើម្បីដឹងបន្ថែម ពីករណីរបស់យន្ដហោះ MH370 ទូរទស្សន៍បារាំងប៉ុស្ដ៍លេខ ២ បានធ្វើបទយកការណ៍មួយ (ជាភាសាបារាំង) យ៉ាងលំអិត ដូចខាងក្រោម៖