«មិន​ជឿ​ថា​ប្អូន​ខ្ញុំ​នៅ​លើ​យន្ដហោះ AirAsia លុះ​ឃើញ​រូប​ថត... ស្រក់​ទឹក​ភ្នែក»

នាងមិនបានជឿ និងមិនចង់ជឿសូម្បីតែមួួយវិនាទី ថាប្អូនរបស់នាងបានស្ថិតនៅក្នុងយន្ដហោះ អ៊ែរប៊ូស (Airbus) របស់​ក្រុមហ៊ុន អ៊ែរអេសៀ (AirAsia) ដែលបានធ្លាក់ចូលសមុទ្រកាលពី ថ្ងៃអាទិត្យមុន។ រហូតលុះត្រាមកទល់ពេលនាង បាន​ឃើញ​រូបថត​ចុង​ក្រោយ​មួយ ដែលប្អូនរបស់នាងបានថតដោយខ្លួនឯង នៅពេលចូលអង្គុយក្នុងយន្ដហោះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៤​ មករា ២០១៥
  • កែប្រែចុងក្រោយ: January 05, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កញ្ញា យុនីតា ស៊ីវ៉ាល់ (Yunita Syawal) យុវតីជាតិ​ឥណ្ឌូនេស៊ី​មួយ​រូប​អាយុ​២៥​ឆ្នាំ ដែល​រស់​នៅ​រដ្ឋធានី ចាការតា បាន​ដឹង​ដំណឹង​ពី​គ្រោះថ្នាក់​យន្ដហោះ តែមិនបាន​គិត​សោះ​ឡើយ​ថា ដំណឹង​នេះ​មាន​ជាប់​ទាក់​ទង​ដល់​រូប​នាង។ រហូត​ដល់​មួយ​រយៈ​ពេល​ក្រោយ​មក ទើប​​នាង​ទប់​អារម្មណ៍​ខ្លួន​លែង​បាន បន្ទាប់​ពី​នាង​ទទួល​បាន​រូប​ថត​ចុង​ក្រោយ​មួយ​សន្លឹក ដែល​មិត្តភ័ក្រ​របស់​ប្អូន​នាង ទទួល​បាន​ហើយ​បាន​បញ្ជូន​បន្ត​មក​នាង។

រូបថតដែលថតពីស្នាមញញឹម​ចុង​ក្រោយ របស់​ប្អូន​ប្រុស​របស់​នាង បាន​ក្លាយ​ជា​សារ​ផ្ដាច់​ព្រលឹង ដែល​ធ្វើ​ឲ្យ​នាង យុនីតា ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ នាង​បាន​ទូរស័ព្ទ​ទៅ​ម្ដាយ​ឪពុក​នាង ហើយ​ពួក​គាត់​ក៏​បាន​អះអាងដែរ​ថា ប្អូន​ប្រុស​នាង ពិត​ជា​បាន​ចាក​ចេញ​ទៅ ដោយ​ជិះ​យន្ដហោះ QZ8501 ពិត​ប្រាកដ។ នាង​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា៖ «រឿង​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង ស៊ូរ៉ាបាយ៉ា ជា​បន្ទាន់»។

ក្រុង ស៊ូរ៉ាបាយ៉ា ជាទីក្រុងទីពីរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរដ្ឋធានី ចាការតា ហើយក៏ជាទីក្រុង​ដែល​យន្ដហោះ អ៊ែរអេសៀ ដឹកមនុស្ស១៦២នាក់ បានងើបខ្លួនហោះចេញ កាលពីព្រឹកថ្ងៃអាទិត្យ ឆ្ពោះទៅប្រទេស​សាំងហ្គាពួរ ទិសដៅទេសចរណ៍ ដែលយុវជន ហេនដ្រា ហ្គូណាវ៉ាន់ ស៊ីវ៉ាល់ (Hendra Gunawan Syawal) អាយុ២៣ឆ្នាំ ប្អូនប្រុសរបស់នាង យុនីតា ចង់ទៅដើរកំសាន្ដនាពេលបុណ្យចូលឆ្នាំសកល ជាមួយនឹង​មិត្តភ័ក្រ​បីនាក់ទៀត។ ពួកគេឆ្លៀតពេល ឡើងទៅដល់លើយន្ដហោះ បានថតរូបដោយខ្លួនឯងមួយសន្លឹក ដើម្បីផ្ញើរ​ទៅបង្អួតមិត្តភ័ក្រផ្សេងទៀត។

តែភាពក្អាកក្អាយរបស់ក្រុមយុវជន បានកើតឡើងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះបន្ទាប់ពីបានងើបខ្លួន​ផុតពីដីបាន៤២នាទី យន្ដហោះបានជួបខ្យល់ព្យុះ ធ្លាក់នៅកណ្ដាលសមុទ្រហ្សាវ៉ា (Java) ហើយក៏បាត់​ដំណឹង​សូន្យ​ឈឹង​តែម្ដង រហូតមកដល់ពេលនេះ។ តែវាការបាត់ដំណឹង ដែលនាង យុនីតា ពិបាកនឹងទ្រាំទ្រ ព្រោះថា​ប្អូន​ប្រុស​របស់នាង តែប្រាប់នាងឲ្យដឹងគ្រប់ដំណើរ ដើរទៅណាមកណារបស់ខ្លួន។ នាងបន្តរៀបរាប់​ទាំង​ស្រក់​ទឹកភ្នែក​ថា៖ «វាបានទូរស័ព្ទមកខ្ញុំថា វាបានចេញទៅដើរលេងនៅកន្លែងមួយ ហើយសួរខ្ញុំចង់បានអ្វី ក្រែង​លោ​វា​អាច​យក​មក​ផ្ញើរខ្ញុំបាន។ វាបានទូរស័ព្ទមកខ្ញុំនៅមុនមួយថ្ងៃ តែវាមិនបាននិយាយប្រាប់ខ្ញុំ ពីដំណើរទៅ​លេង​ប្រទេស​សាំងហ្គាពួរ​ទេ។»

នាង យុនីតា បានមកដល់ក្រុងកំណើត ស៊ូរ៉ាបាយ៉ា វិញ តែនាងត្រូវរងចាំដំណឹង មកដល់ឥឡូវពេញមួយ​សប្ដាហ៍ ដែលហាក់ដូចជាមួយឆ្នាំ។ ក្នុងប៉ុន្មានថ្ងៃដំបូង នាងទៅរង់ចាំដំណឹងជាមួយនឹងក្រុម​គ្រួសារអ្នក​ដំណើរ​ផ្សេង​ទៀត ដើម្បីចាំស្ដាប់ដំណឹងពីយន្ដហោះ។ ប៉ុន្តែបន្ទាប់ពីបំណែកយន្ដហោះត្រូវបានរកឃើញ ក្ដីសង្ឃឹម​ចុង​ក្រោយ មាន​តែ​ធ្វើ​យ៉ាង ត្រូវទៅរកសាកសពប្អូនរបស់នាង ដើម្បីយកមកធ្វើបុណ្យប៉ុណ្ណោះ។

ស្គាល់ដោយសារសក់

ពីក្នុងចំណោមសាកសពទាំង៣១ ដែលបានត្រូវស្រង់ពីក្នុងទឹក ក្នុងដំណាក់កាលដំបូងកាលពីថ្ងៃសៅរ៍ នាង យុនីតា បានស្គាល់ភ្លាមថា សាកសពមួយនោះគឺជាប្អូនរបស់នាង។ នាងអាចចំណាំបាន នៅត្រង់សក់ក្បាល ដែលយុវជន ហេនដ្រា តែងតែកាត់យកម៉ូដ និងជាពិសេស ហេនដ្រា បានទៅកាត់សក់នេះនៅមួយថ្ងៃមុន រួចបានថតរូបផ្ញើរមកនាង។ ជាមួយនឹងដំណក់ទឹកភ្នែកដ៏ជន់ជោរ យុនីតា បានរៀបរាប់ទៀតថា៖ «មុនដំបូង យើងនៅតែសង្សឹមថា វាប្រាកដជានៅរស់។ តែឥឡូវនេះអ្វីៗ បានហួសអស់ទៅហើយ។ យើងបានរក​ឃើញ​សាកសព គឺប្រាកដហើយថា វាពិតជាបានទៅបាត់មែន។»

ក្ដារមឈូសសព ហេនដ្រា ត្រូវបានរៀបចំរួចជាស្រេច នៅក្នុងសាលធ្វើបុណ្យ ដែលអមនៅក្បែរ ដោយ​រូប​ថត​ពោរពេញដោយស្នាមញញឹម របស់យុវជនដែលជាកូនទីប្រាំក្នុងគ្រួសារ។ នៅមិនឆ្ងាយពីមឈូស មានផ្ទាំង​សារមរណ​ទុក្ខ​ជាច្រើន ត្រូវបានយកមកដាក់តំរៀប ដើម្បីជួយរំសាយទុក្ខរបស់ក្រុមគ្រួសារ។ ពីក្នុង​ចំណោម​នោះ ក៏​មាន​សារមរណទុក្ខមួយរបស់ក្រុមហ៊ុន អ៊ែរអេសៀ ដែរ ដែលសរសេរមានន័យថា៖ «យើងសូម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​របស់អ្នក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...