ក្រុមប៉ារីស កំពុងរៀបគម្រោង«២៥០លានអ៊ឺរ៉ូ» ដើម្បីទិញ ម៉េស៊ី?
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី០៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 05, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ ដំណឹង«ទិញ»កីឡាករ ម្ចាស់បាល់មាសដ៏ល្បីឈ្មោះរូបនេះ មកទាត់ឲ្យក្រុមប៉ារីស មិនមែនទើបតែកើតមានទេ។ ប៉ុន្តែនៅចុងសប្ដាហ៍កន្លងមកនេះ សារព័ត៌មានកីឡា Mundo Deportivo របស់ប្រទេសអេស្ប៉ាញ បានយកព័ត៌មាននេះមកចុះផ្សាយក្នុងទំព័រទីមួយរបស់ខ្លួន ដោយលើកភស្ដុតាងជាច្រើនមកបញ្ជាក់ ជាពិសេសបានសរសេរថា ក្រុមប៉ារីស (PSG) ត្រៀមនឹងសង់«ស្ពានមាស»ដ៏ធំមួយ សម្រាប់ឲ្យកីឡាករ លីយ៉ូនែល ម៉េស៊ី ឆ្លងមករកខ្លួន។
សារព័ត៌មានបានបញ្ជាក់ថា ដំបូង ក្រុមប៉ារីសធ្លាប់បានព្យាយាមយក ម៉េស៊ី ឲ្យមកទាត់ឲ្យខ្លួន តាំងពីរដូវក្ដៅកន្លងទៅដែរ ប៉ុន្តែត្រូវបានក្រុមកីឡាករសំដែងការមិនពេញចិត្ត និងជាពិសេសត្រូវបានឪពុករបស់ម៉េស៊ីបដិសេធ។ ប៉ុន្តែក្រុមប៉ារីស មិនបានអស់សង្ឃឹមទេ តែនៅព្យាយាមសារជាថ្មីទៀត ទាញយកកីឡាករនេះមកទាត់ឲ្យខ្លួន នៅអំឡុងឆ្នាំ២០១៦ខាងមុខ បន្ទាប់ពីកិច្ចសន្យា ដែលក្រុមនេះធ្វើជាមួយកីឡាករខ្សែប្រយុទ្ធសព្វថ្ងៃ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) នឹងត្រូវចប់សព្វគ្រប់។
កាសែតដដែលបានសរសេរទៀតថា នាយកក្រុមប៉ារីស លោក ណាសេ អាល់ឃេឡៃហ្វី មិនដែលលាក់លៀមពីគំនិតរបស់លោក ក្នុងការជំនួសកីឡាករ ស្លាតាន់ ដោយកីឡាករ ម៉េស៊ី នោះឡើយ។ ហើយដើម្បីសម្រេចបំណងនេះ នាយកក្រុមប៉ារីសដែលជាមហាសេដ្ឋីពីប្រទេសកតាផងនោះ ត្រៀមនឹងចំណាយប្រាក់មិនតិចជាង ២៥០លានអ៊ឺរ៉ូ ដើម្បីទាក់កីឡាករ ម៉េស៊ី ឲ្យមកចូលក្នុងក្រុមរបស់ខ្លួន។ ហើយលោក ណាសេ ក៏ធ្លាប់បញ្ជាក់ច្បាស់ៗដែរថា ក្រុមប៉ារីសត្រូវតែជាក្រុមទីមួយ ដែលចាប់អារម្មណ៍ពីការចាកចេញណាមួយ របស់កីឡាករ ម៉េស៊ី ពីក្រុមបាសឺឡូន។ ប៉ុន្តែធ្វើយ៉ាងណា ដើម្បីទាក់ទាញឲ្យកីឡាករចេញពីក្រុមបាសឺឡូននោះ វាជារឿងមួយដោយឡែក ព្រោះកីឡាកររូបនេះ បានធំពេញរូបរាងមានអាជីពល្បីឈ្មោះ ក៏ដោយសារក្រុមបាល់ទាត់មួយនេះដែរ។
ការទាក់ទាញនេះ មិនមែនថា ក្រុមប៉ារីសមិនមានមធ្យោបាយនោះទេ។ ព្រោះកីឡាករខ្សែបម្រើ អេហ្សេគីអេល ឡាវ៉េហ្សី (Ezequiel Lavezzi) ដែលកំពុងទាត់ឲ្យក្រុមប៉ារីស មិនត្រឹមតែជាជនរួមជាតិ ជាមួយកីឡាករ ម៉េស៊ី ប៉ុណ្ណោះទេ តែថែមទាំងជាមិត្តក្លើម្រាក់ ដ៏ចាស់ខែ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ របស់ក្រុមបាសឺឡូនរូបនេះផង។ ហើយក្រុមប៉ារីស ចង់ប្រើប្រាស់មិត្តភាពនេះ ដើម្បីជានុយភ្ជាប់ចំណងនិស្ស័យឲ្យ ម៉េស៊ី ព្រលែងក្រុមចាស់ចោល ដើម្បីស្រវ៉ាអោបខ្លួន។
ហើយចំពោះ លីយ៉ូនែល ម៉េស៊ី កីឡាករល្បីឈ្មោះវិញ ក៏ដូចជាមានបញ្ហាខ្លះៗ កើតមាននៅខាងក្នុងសមាជិករបស់ក្រុមបាសឺឡូនដែរ។ នោះគឺ ម៉េស៊ី មិនមានភាពរាក់ទាក់ជិតដិត ជាមួយនឹងកីឡាករចំណូលថ្មី ដែលក្រុមបាសឺឡូនទើបនឹងទិញចូលមកនោះប៉ុន្មានទេ។ នៅពេលដែលក្រុមបានសាកសួរពិគ្រោះយោបល់ជាមួយ ម៉េស៊ី ចំពោះកីឡាករចំណូលថ្មីនោះ កីឡាករដ៏ល្បីឈ្មោះរូបនេះ មិនសូវជាចង់ឲ្យមានការទិញចូលនូវកីឡាករថ្មីឡើយ។ បញ្ហានេះបង្កឲ្យមានការក្ដៅក្រហាយ នៅក្នុងក្រុមបាសឺឡូន។
រឿងមួយទៀត ដែលជំរុញឲ្យ ម៉េស៊ី អាចព្រលែងក្រុមចាស់មករកក្រុមថ្មីនោះ ជាវិបត្តិផ្ទាល់ខ្លួនទាក់ទងនឹងការបង់ពន្ធ ដែលបើតាមព័ត៌មានបានឲ្យដឹងថា ម៉េស៊ី ត្រូវលក់ផ្ទះសម្បែង យ៉ាងហោចណាស់ក៏មួយខ្នងដែរ ដើម្បីសងថ្លៃពន្ធដារទៅឲ្យរដ្ឋអេស្ប៉ាញ។
ប៉ុន្តែយ៉ាងណាក៏ដោយ នាយកក្រុមប៉ារីសមិនចង់បង្ហាញថាខ្លួនសម្លឹង ម៉េស៊ី ទាំងស្រក់ទឹកមាត់នោះទេ ព្រោះមិនចង់ឲ្យនាយកក្រុមបាសឺឡូន តម្លើងឬកលក់តម្លើងថ្លៃ កីឡាកររូបនេះ បើទោះជានាយក្រុមបាសឺឡូន ជាមិត្តរបស់ខ្លួនក៏ដោយ។ ប៉ុន្តែក្រុមប៉ារីសទាំងមូល បានសម្រេចចិត្តរួចហើយ ថានឹងយក ម៉េស៊ី មកជំនួស ស្លាតាន់ នាពេលខាងមុខ។ បើការលើកឡើង របស់សារព័ត៌មានអេស្ប៉ាញនេះ ពិតជាមានការពិតមែននោះ ប្រាកដណាស់នឹងធ្វើឲ្យមានការជជែកផ្សេងៗទៀត ច្បាស់ជានឹងកើតឡើងយ៉ាងច្រើន ក្នុងពេលបន្តទៅមុខ៕