តក់ស្លុត ព្រោះយុវជនស្រវឹងធ្លាក់ភ្នែក ច្រឡំទ្វាយន្ដហោះ ថាជាទ្វាបង្គន់!
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកដំណើរជាតិប៉ូឡូញមួយរូប ដែលជិះនៅលើយន្ដហោះ រ៉ៃអានអ៊ែរ (Ryanair) ដែលហោះភ្ជាប់ពីទីក្រុងក្រាខូវី (Cracovie) ប្រទេសប៉ូឡូញ ទៅកាន់រដ្ឋធានី ឌុយប្លាំង (Dublin) ប្រទេសអៀឡង់ បានព្យាយាមបើកទ្វាក្រោយ របស់យន្ដហោះ ព្រោះបានច្រឡំថា ជាទ្វាបង្គន់នៅលើយន្ដហោះ។
យន្ដហោះ របស់ក្រុមហ៊ុន រ៉ៃអានអ៊ែរ។ (រូបថត ឯកសារ)
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។
ជ្រួលច្របល់ - ត្រូវតែបង្កើតឲ្យមានជាបញ្ហា ទើបគេហៅថាសត្វមនុស្ស។ ហើយបើអាចធ្វើបាន គេគួរតែធ្វើការហាមឃាត់ ការផឹកសុរាជាតិស្រវឹង នៅលើយន្ដហោះដែលកំពុងហោះហើរ។ ថូម៉ាស មូឆា (Tomasz Mucha) ជាតិប៉ូឡូញ អាយុ២៦ឆ្នាំ ដែលជាជនពនេតចរមួយរូប គ្មានលំនៅដ្ឋានពិតប្រាកដ បានធ្វើការហោះហើរជាលើកដំបូង ក្នុងជីវិតរបស់ខ្លួន កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ជាមួយនឹងយន្ដហោះ របស់ក្រុមហ៊ុន រ៉ៃអានអ៊ែរ ដែលហោះភ្ជាប់ក្រុង ក្រាខូវី និងរដ្ឋធានី ឌុយប្លាំង។ ដើម្បីបំភ្លេចការភ័យខ្លាច ក្នុងការធ្វើដំណើរថ្មីថ្មោង ជាមួយនឹងយន្ដហោះនោះ យុវជនរូបនេះគិតតែពីសេព សុរា ដែលមានកម្លាំងខ្លាំង (vodka) នៅមុនពេលឡើងយន្ដហោះ។
តែសុរា មិនបានធ្វើឲ្យយុវជននេះ បាត់ភ័យនោះទេ។ ផ្ទុយទៅវិញ វាបានធ្វើឲ្យភ្នែកគាត់ស្រវាំង មើលមិនឃើញទ្វាយន្ដហោះ តែគិតថាជាទ្វាបង្គន់។ យុវជនបានព្យាយាមបើកទ្វាក្រោយ នៃយន្ដហោះប៊ូអីង ៧៣៧ ដោយធាក់ផងទាត់ផង ទៅលើទ្វាដែលមិនរបើកសោះនោះ ក្រោមក្រសែភ្នែកភ័យតក់ស្លុត ពីអ្នកដំណើរទាំងអស់ក្នុងយន្ដហោះ។ ប៉ុន្តែអ្នកបម្រើការលើយន្ដហោះ បានអន្តរាគមន៍ភ្លាមៗ ហើយបាននាំយុវជននេះ ឲ្យត្រឡប់ទៅអង្គុយវិញ។
ផាកពិន័យ ២០០ លីវ
នៅពេលយន្ដហោះចុះចត នៅព្រលានយន្ដហោះនៃរដ្ឋធានីឌុយប្លាំង យុវជននេះត្រូវបានឃាត់ខ្លួន ដើម្បីនាំទៅសាកសួរ។ នៅក្នុងសវនាការ ដែលទើបនឹងធ្វើនៅដើមអាទិត្យនេះ ចៅក្រមបានសួរទៅយុវជនជាតិប៉ូឡូញថា៖ «អ្នកឯងមានដឹងពីទំហំគ្រោះថ្នាក់ ដែលអ្នកបានធ្វើឬទេ?» យ៉ាងណាក៏ដោយ យុវជន ថូម៉ាស មូឆា បានទទួលស្គាល់ពីទំហំគ្រោះថ្នាក់ ហើយបានសារភាពពីទោសកំហុសខ្លួន ដែលបានដាក់ខ្លួន ទៅក្នុងភាពប្រមឹកជ្រុលបែបនេះ។ យុវជន ត្រូវបានផ្ដន្ទោទោស ឲ្យបង់ពិន័យនូវទឹកប្រាក់ ចំនួន២០០ លីវ (លុយអង់គ្លេស) ពីទោសកំហុស នៃការបើកទ្វាបង្គន់យន្ដហោះច្រឡំ៕