ផៃ ស៊ីផាន៖ កម្ពុជា​មិន​ចូល​រួម​ស្វែង​រក​យន្តហោះបាត់​ខ្លួន ព្រោះ​គេ​មិន​សុំ

គិតរហូតមកដល់ម៉ោងនេះ យ៉ាងហោចណាស់ក៏មានប្រទេស១០ដែរ បានប្រកៀកស្មាគ្នា ចូលរួមប្រតិបត្តការ ហើយ​កំពុងពង្រីកវង់ប្រតិបត្តិការ តាមស្វែងរកយន្តហោះ ធុនប៊ូអ៊ីង៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលបាន​បាត់​ខ្លួនជាង៩០ម៉ោងទៅហើយ ជាមួយអ្នកដំណើរជាង២០០រយនាក់ នៅសមុទ្រចិនខាងត្បួង។ ក្នុងចំណោមប្រទេស​ដែលចូលរួមរុករក យន្តហោះបាត់ខ្លួននោះ ក៏មានប្រទេសមកពីតំបន់ឆ្ងាយ និងប្រទេសជិតខាងកម្ពុជាផងដែរ តែ​កម្ពុជាដែលជាប្រទេសស្ថិតនៅជិតតំបន់កើតហេតុ បែរជាមិនទាន់សហការស្វែងរកជាមួយបណ្តាប្រទេសទាំងនោះ នៅឡើយទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គិតរហូតមកដល់ម៉ោងនេះ យ៉ាងហោចណាស់ក៏មានប្រទេស១០ដែរ បានប្រកៀកស្មាគ្នា ចូលរួមប្រតិបត្តការ ហើយ​កំពុងពង្រីកវង់ប្រតិបត្តិការ តាមស្វែងរកយន្តហោះ ធុនប៊ូអ៊ីង៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលបាន​បាត់​ខ្លួនជាង៩០ម៉ោងទៅហើយ ជាមួយអ្នកដំណើរជាង២០០រយនាក់ នៅសមុទ្រចិនខាងត្បួង។ ក្នុងចំណោមប្រទេស​ដែលចូលរួមរុករក យន្តហោះបាត់ខ្លួននោះ ក៏មានប្រទេសមកពីតំបន់ឆ្ងាយ និងប្រទេសជិតខាងកម្ពុជាផងដែរ តែ​កម្ពុជាដែលជាប្រទេសស្ថិតនៅជិតតំបន់កើតហេតុ បែរជាមិនទាន់សហការស្វែងរកជាមួយបណ្តាប្រទេសទាំងនោះ នៅឡើយទេ។


យន្ដហោះអ៊ែរប៊ូស អា៣៨០ ដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ (រូបថតឯកសារ)

បាត់យន្ដហោះ - ឆ្លើយតបទៅនឹងបញ្ហានេះ លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានពន្យល់ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១២ ខែមីនា នេះថា កម្ពុជាមិនមានការរើសអើងក្នុងការចូលរួមជួយសង្រ្គោះ​ជាមួយប្រទេសជិតខាងនោះទេ ហើយប្រទេសកម្ពុជានឹងជួយសង្រ្គោះតាមសមត្ថភាព និងលទ្ធភាពដែលខ្លួនមាន ហើយក៏ត្រូវស្របនឹងច្បាប់អន្តរជាតិផងដែរ។

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដដែលនេះបញ្ជាក់ថា៖ «ក្នុងការងាររដ្ឋ យើងមិនអាចធ្វើតាមការស្ម័គ្រចិត្ត​របស់​យើងបានទេ។ ការចូលរួមជាលក្ខណៈអន្តរជាតិ ត្រូវមានបែបបទច្រើន។ យើងត្រៀមលក្ខណៈចូលរួម ព្រោះយើង​ជាសមាជិកសហត្ថលេខីនៃអាស៊ាន ស្តីពីការរុករក និងសង្រ្គោះ ប៉ុន្តែយើងអត់ទាន់ទទួលបានសេចក្តីស្មើសុំពី​ប្រទេសរងគ្រោះនៅឡើយទេ យើងនឹងជួយបើមានការស្មើសុំ យើងមិនរើសអើងទេ។»

ការថ្លែងរបស់លោក ផៃ ស៊ីផាន បន្ទាប់ពីមានការលើកឡើងជាច្រើន រិះគន់រដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្នុងសភាព​ស្ងប់ស្ងៀម មិនចូលរួមក្នុងយុទ្ធនាការជួយសង្គ្រោះយន្ដហោះដែលបាត់ខ្លួននេះ។ លោក ផៃ ស៊ីផាន នៅលើទំព័រ​ហ្វេសប៊ុកដែលដាក់ឈ្មោះថា អង្គភាពប្រតិកម្មរហ័ស បានសរសេរថា នោះជា«ការឆ្លៀតឱកាស កេងចំណេញផ្នែក​នយោបាយ»។ ប៉ុន្តែសម្រាប់ក្រុមអ្នករិះគន់វិញ មិនត្រឹមតែនិយាយថារដ្ឋាភិបាលកម្ពុជា មិនមាននយោបាយជួយ​ឈឺឆ្អាលយកអាសារនរណានោះទេ តែបានបរិហារពីប្រព័ន្ធការងារ ក្នុងវិស័យកងទ័ពជើងទឹកកម្ពុជា ដែលគ្មានភាព​ជឿនលឿន គ្មានសម្ភារៈគ្មានថវិកា ដែលពួកគេបានវាយប្រហារថា ជាលទ្ធផលនៃអំពើពុករលួយ។ តែផ្ទុយទៅវិញ គេបែរជាឃើញរដ្ឋាភិបាល ពង្រឹងកងកម្លាំងដើម្បីទុក វាយបង្ក្រាបបាតុកម្មដោយសន្ដិវិធីរបស់អ្នកតវ់ា។

ប្រភពពីទាហានជើងទឹកមួយរូប ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រហូតមកដល់ពេល​នេះ​កងទ័ពជើងទឹកកម្ពុជា មិនទាន់មានសម្ភារៈទំនើបដូចជា នាវាជួយសង្រ្គោះ និងឧត្ថម្ភាគចក្រសង្រ្គោះ សម្រាប់​ប្រើ​ប្រាស់ក្នុងគ្រាអាសន្ននៅលើលំហសមុទ្រនៅឡើយ។ តែសម្រាប់លោក ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កន្លងមក បានអះអាងថា កងទ័ពជើងទឹកកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន រាប់ចាប់​ពីការជួយសង្រ្គោះ និងការពារអធិបតេយ្យភាពជាតិ។

គួរកត់សម្គាល់ថា យន្តហោះប៉ូអ៊ីង ៧៧៧ ជើងហោះហើរ MH370 ដែលត្រូវហោះពីរដ្ឋធានីកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ីទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន បានបាត់ខ្លួនជាមួយអ្នកដំណើរជាង២៣៩នាក់ ភាគច្រើជាជនជាតិចិន ជាង៩០ម៉ោងមកហើយ។ ក្រោយការបាត់យន្តហោះពីប្រព័ន្ធរ៉ាដា ដែលគេសង្ស័យថាយន្តហោះត្រូវធ្លាក់ នៅក្បែរ​តំបន់កោះត្រល់នោះមក មានប្រទេសយ៉ាងតិច៩ មានអាមេរិក ថៃ វៀតណាម ចិន ម៉ាឡេស៊ី ជប៉ុន ជាដើម បាន​បញ្ជូននាវា និងយន្តហោះយ៉ាងតិច៨០គ្រឿង ចូលរួមរុករក និងជួយសង្រ្គោះជនរងគ្រោះ តែរហូតមកដល់ពេលនេះ យន្តហោះនៅតែមិនទាន់ត្រូវបានរកឃើញ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...