យន្ដហោះអ៊ែរប៊ូស អា៣៥០ចេញថ្មី៖ ជោគជ័យនៃការហោះហើរសាកល្បងដំបូង (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការហោះហើរសាកល្បងលើកដំបូង ដែលមានរយៈពេលបួនម៉ោង បានប្រព្រឹត្តិទៅដោយជោគជ័យ ដើម្បីនឹងអនុញ្ញាតឲ្យយន្ដហោះថ្មីប្រភេទអា៣៥០ (A350) នេះ របស់ក្រុមហ៊ុនអ៊ែរប៊ូស (Airbus) អាចដាក់ឲ្យដំណើរការបាន នៅចុងឆ្នាំ២០១៤ខាងមុខ។
យន្ដហោះដឹកអ្នកដំណើរថ្មី របស់ក្រុមហ៊ុនចម្រុះរបស់អ៊ឺរ៉ុប ឈ្មោះហៅថា អ៊ែរប៊ូស បានធ្វើការសាកល្បងជាលើកដំបូងរបស់ខ្លួនដោយជោគជ័យ ដោយបានត្រឡប់មកចុះចត នៅព្រលានយន្ដហោះនៃទីក្រុងទូលូស៍កាលពីថ្ងៃសុក្រវេលាម៉ោង ១៤និង៦នាទី។ ការហោះហើរសាកល្បងនេះ មានរយៈពេលបួនម៉ោង ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ឲ្យដំណើរការ យន្ដហោះទីមួយ នៅចុងឆ្នាំ២០១៤ខាងមុខ។ ចំនួនមនុស្សដែលអាចជិះនៅក្នុងយន្ដហោះនេះ មានចំនួនពី២៧០នាក់រហូតដល់៣៥០នាក់ ហើយវាអាចហោះក្នុងចម្ងាយ១៥០០០គីឡូម៉ែត្រ ដែលសុទ្ធសឹងជាគុណសម្បត្តិយ៉ាងពិសេស ក្នុងការប្រកួតប្រជែង ទល់នឹងយន្ដហោះប្រភេទ៧៧៧ ឬ៧៨៧ នៃក្រុមហ៊ុនប៊ូអ៊ីញ (Boeing) របស់អាមេរិក។
អាកាសយានិកដែលបានកាន់ចង្កូតក្នុងពេលសាកល្បង លោក ភីធើរ ឆេនដ័រ (Peter Chandler) បានថ្លែងប្រាប់ទូរទស្សន៍របស់ក្រុមហ៊ុនអ៊ែរប៊ូស ក្នុងពេលនោះថា «យន្ដហោះថ្មីនេះ មានសភាពរឹងប៉ឹងល្អប្រសើរណាស់»។ សមាជិកម្នាក់ទៀតនៃកម្មវិធីហោះហើរសាកល្បង លោក ហ្វ្រេង ឆាពម៉េន (Frank Chapman) បាននិយាយដែរថា លោករំភើបណាស់ នឹងឃើញយន្ដហោះងើបក្បាលឡើងលើអាកាស បានសម្រេចយ៉ាងល្អដូច្នេះ។
នៅពេលយន្ដហោះ សំកាំងខ្លួនពីលើភ្នំពីរ៉េណេ (Pyrénées) នៅប្រទេសបារាំង អាកាសយានិករូបនោះបានបន្ថែមថា «យើងសង្ឃឹមថា នឹងហោះបានកំពស់៧៥០០ម៉ែត្រ ក្នុងពេលឆាប់ៗនេះ។ តែនៅពេលនេះ យើងគោរពគម្រោងកម្មវិធីរបស់យើងសិន។»
ការហោះហើរសាកល្បងលើកទីមួយនេះ មានរយៈពេលបួនម៉ោង មិនបានបាញ់មុខព្រួញទៅគ្រប់ភាពល្អប្រសើរនៃយន្ដហោះទាំងស្រុង ឬដើម្បីហោះក្នុងកំពស់ខ្ពស់រហូតដល់១០០០០ម៉ែត្រនោះនៅឡើយ។ ប៉ុន្តែការហោះហើរសាកល្បងលើកក្រោយ នឹងអាចធ្វើពី៦ទៅ៧ម៉ោង ដើម្បីមើលឲ្យដឹងពីការបំពាក់បន្ងែម នូវសម្ភារះផ្សេងៗទៀតនៅក្នុងតួយន្ដហោះ។ អ្នកជំនាញមិនបានបញ្ជាក់ថា តើនឹងត្រូវធ្វើនៅពេលណានោះទេ។
សូមបញ្ជាក់ថា មុននឹងធ្វើការហោះហើរសាកល្បងទៅលើអាកាសនេះ អ្នកជំនាញបានចំណាយពេលរាប់សិបពាន់ម៉ោងរួចមកហើយ ក្នុងការសាកល្បងតួរយន្ដហោះនៅលើដី។ ហើយបន្ទាប់ពីការសាកល្បងលើកដំបូងនេះទៅ ក្រុមហ៊ុននឹងផលិតតួយន្ដហោះចំនួន៥គ្រឿងទៀត សម្រាប់ដាក់ឲ្យហោះសាកល្បង នៅគ្រប់លក្ខខ័ណ្ឌទាំងអស់ រាប់ទាំងតំបន់ដែលយន្ដហោះត្រូវហោះកាត់ ដែលចុះត្រជាក់ ឬឡើងក្ដៅខ្លាំងជាទីបំផុតនោះផង។
តួយន្ដហោះគំរូទីពីរ នឹងត្រូវដាក់ឲ្យហោះសាកល្បងនៅរដូចស្លឹកឈើជ្រុះក្រោយនេះ រីឯតួរយន្ដហោះទីមួយដែលមានបន្ទប់ អាចទទួលអ្នកដំណើរបានពិតប្រាកដ នឹងត្រូវដាក់ឲ្យហោះសាកល្បងនៅដើមឆ្នាំ២០១៤ខាងមុខ។ យន្ដហោះ អា៣៥០ ដែលធ្វើពីលោហធាតុស្រាលបំផុតនេះ នឹងស៊ីសាំងតិចជាង២៥% បើប្រៀបធៀបទៅនឹងអ៊ែរប៊ូស អា៣៣០ ឬគូរប្រជែងរបស់វា ប៊ូអ៊ីញ៧៧៧ និងតិចជាង៨% បើប្រៀបធៀបទៅនឹងយន្ដហោះ ៧៨៧ ដែលជាកូនទើបនឹងកើតមួយទៀតរបស់ប៊ូអ៊ីញ៕
សូមទស្សនាវីដេអូខ្លីមួយ ស្ដីសកម្មភាពសាកល្បងរបស់យន្ដហោះប្រភេទថ្មីនេះ៖
ចំណែកវីដេអូនេះ មានរយៈពេលជាង៥ម៉ោង នឹងនិយាយលំអិតពីសកម្មភាពនៃការសាកល្បងនេះ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ