ម៉ាឡេស៊ី​ស្នើ​បង្កើត​តុលាការ​ពិសេស រឿង​បាញ់​យន្ដហោះ​MH17

ប្រទេសម៉ាឡេស៊ី នឹងដាក់សំណើរ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងពេលដ៏ខ្លីខាងមុខនេះ គម្រោង​ឲ្យ​បង្កើត​តុលាការ​ពិសេសមួយ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវ ក្នុងការធ្វើឲ្យយន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ី​អ៊ែរឡាញ​ធ្លាក់ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤កន្លងទៅ នៅក្នុងភាគខាងកើត នៃប្រទេសអ៊ុយក្រែន។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 03, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក វ៉ាមបង់ ប៊ិនអ៊ីប្រាហីម (Ramlan bin Ibrahim) បានថ្លែងកាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញថា គម្រោងស្នើសុំ ក៏ដូចជាលក្ខន្តិកៈ នៃតុលាការ​​ពិសេស​មួយ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះ MH17 នឹងត្រូវបានដាក់ទឲ្យ​សមាជិក នៃ​​ក្រុម​ប្រឹក្សាសន្តិសុខ របស់អង្គការប្រជាជាតិ នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការបោះឆ្នោតសម្រេច នៅ​ចុង​​ខែ​​កក្កដា។

គម្រោងនេះ មានការចូលរួមពីសំណាក់ ប្រទេសអូស្ត្រាលី ប៊ែលហ្សិក ហូឡង់ (ដែលសុទ្ធសឹង ជាប្រទេស​មាន​ពលរដ្ឋរងគ្រោះ នៅក្នុងយន្ដហោះនោះ) និងប្រទេសអ៊ុយក្រែនផង។ ប៉ុន្តែបានប៉ះទង្គិចយ៉ាងខ្លាំងក្លា ជាមួយ​នឹងប្រទេសរ៉ូស្សី ដែលបានគាំទ្រ ក្រុមនិយមបំបែកទឹកដី នៅភាគខាងកើតអ៊ុយក្រែន តំបន់ដែលយន្ដហោះ ត្រូវបានបាញ់ធ្លាក់។

លោកអនុរដ្ឋមន្ត្រីការបរទេសរ៉ូស្សី លោក ហ្គេនណាឌី ហ្គាទីឡូវ (Guennadi Gatilov) បានប្រតិកម្មមុននេះ ថា​តុលាការណាក៏ដោយ ដែលគ្រោងនឹងបង្កើតឡើងនោះ ជាភាពមិនសមស្រប និងខ្ជះខ្ជាយ ហើយថា យ៉ាង​ហោច​ណាស់ ក៏គេត្រូវរងចាំដល់ការស៊ើបអង្កេត លើករណីនេះ ត្រូវបានបញ្ចប់រួចរាល់ដែរ។

ប៉ុន្តែសម្រាប់លោក ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីវិញ បានប្រកាសនៅមុខ ក្រុមប្រឹក្សាសន្តិសុខអ.ស.បថា នឹងធានា​នូវភាពស្របច្បាប់ ពីការផ្ដន្ទាទោស ដោយប្រព័ន្ធយុត្តិធម៌ ទៅលើអ្នកទទួលខុសត្រូវ ឲ្យមានការធ្លាក់​យន្ដហោះ។ នៅក្នុងចំណោមតំណាងការទូត មកពីប្រទេសសមាជិកក្រុមប្រឹក្សានោះ ប្រទេសរ៉ូស្សី នៅតែ​មិន​លើក​ចេញ នូវការជំទាស់របស់ខ្លួនដដែល។

យន្ដហោះប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាញ់ទម្លាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន ខណៈពេលដែលមាន ការប្រយុទ្ធតទល់គ្នាយ៉ាងខ្លាំងក្លា រវាង​ក្រុម​អ្នក​និយមបំបែកទឹកដី លំអៀងទៅប្រទេសរ៉ុស្សី និងកងទ័ពរបស់រដ្ឋាភិបាលអ៊ុយក្រែន។ អ្នក​ដំណើរ​នៅលើ​យន្ដហោះ ចំនួន២៩៨នាក់ បានស្លាប់ទាំងអស់ ក្នុងនោះភាគច្រើន ជាជនជាតិហូឡង់។

ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានអះអាងថា យន្ដហោះត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចប្រឆាំង​អាកាស បាញ់ចេញពីដី ដែលប្រទេសរ៉ូស្សីបានឧបត្ថម្ភ ទៅឲ្យពួកនិយមបំបែកទឹកដី។ រីឯប្រទេសរ៉ូស្សីវិញ បាន​ចោទប្រកាន់ថា ការបាញ់យន្ដហោះ ជាទង្វើរបស់កងទ័ព របស់ប្រទេសអ៊ុយក្រែន។ អ្នកដែលទទួលបន្ទុក ស៊ើប​អង្កេតក្នុង​រឿង​នេះ ជាអាជ្ញាធររបស់ប្រទេសហូឡង់ ដែលកំពុងបន្តធ្វើនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...