ភ្លេចឆ្កែនៅក្នុងឡានកណ្ដាលថ្ងៃក្ដៅ... ត្រឡប់មកវិញ ហួសពេល!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ បានទាក់ទាញឲ្យប្រព័ន្ធផ្សព្វផ្សាយ ពាសពេញប្រទេសអេស្ប៉ាញ យកមកចុះផ្សាយ យ៉ាងទ្រហឹងអឺងអាប់ ជាពិសេស បានយកវីដេអូខាងលើនេះ យកទៅផ្សាយបន្តថែមទៀត។ គ្រួសារជាតិបារាំងមួយ បានធ្វើដំណើរទៅចូលរួម ក្នុងអាពាហ៍ពិពាហ៍ របស់មិត្តភ័ក្រ ហើយបានឈប់ចូល ទៅក្នុងហាងលក់គ្រឿង សង្ហារឹមមួយកន្លែង នៅតាមដងផ្លូវ ដើម្បីទិញអំណោយ សម្រាប់ពិធីមង្គលការនោះ។
ប៉ុន្តែរឿងដែលអាណោចអាធម បានកើតឡើង ដែលមិននឹកស្មានដល់។ គ្រួសារដែលមានគ្នាពីរនាក់នេះ បានចូលទៅទិញអំណោយ ដោយប្រើរយៈពេល រហូតដល់ទៅ ៤ម៉ោង និងបានទុក (ឬភ្លេច) ឲ្យសុនខជំទង់មួយក្បាល អាយុ១៤ខែ ដែលជិះមកជាមួយ នៅជាប់ក្នុងរថយន្ដ ចតចោលបិទកញ្ចក់ជិត ទាំងកណ្ដាលថ្ងៃចេស។
ភ្នាក់ងារនគរបាលមួយរូប បានធ្វើអន្តរាគមន៍ នៅពេលនោះ ដោយបានគោះបំបែកកញ្ចក់រថយន្ដ ហើយបានយកទឹក មកចាក់ពីលើ និងបញ្ច្រកចូលមាត់ឆ្កែ។ ដូចនៅក្នុងវីដេអូ គេឃើញមនុស្សជាច្រើននាក់ បានស្រក់ទឹកភ្នែក នៅចំពោះការដង្ហក់របស់សត្វឆ្កែ។
ជាអកុសល សត្វឆ្កែមិនអាចទ្រាំទ្ររួច នឹងសីតុណ្ហភាពខាងក្រៅ ជិត៤០អង្សា និងខាងក្នុងរថយន្ដចតចោល ដោយបិទកញ្ចក់ ដែលមានសីតណ្ហភាពក្ដៅជាង ដល់ទៅជិត២ដងនោះទេ។ បន្ទាប់ពីបានយក ទៅដល់គ្លីនិកពេទ្យសត្វមួយ នៅក្បែរនោះ និងបើទោះជាត្រូវបានគ្រូពេទ្យសត្វ ជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏សត្វដ៏កំសត់បានស្លាប់ នៅបីម៉ោងក្រោយមក (ម៉ោងប្រមាណជា២០ ម៉ោងក្នុងស្រុក)។ សុនខបានរងគ្រោះ នឹងកង្វះជាតិទឹកនៅក្នុងខ្លួន ហើយប្រព័ន្ធគ្រឿងក្នុងរបស់វា ត្រូវបានក្រៀមខះ មិនអាចផ្សើម ឲ្យងើបដើរមកវិញបាន។
ការស្ដាយក្រោយ របស់ម្ចាស់វា ជារឿងមួយដែលត្រូវមានវិប្បដិសារី អស់មួយជីវិត។ ប៉ុន្តែមិនមែនតែប៉ុណ្ណឹងទេ ព្រោះប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអេស្ប៉ាញ អាចនឹងចាត់វិធានការ ទៅលើម្ចាស់ឆ្កែទាំងពីរ ពីបទខ្ជីខ្ជាចំពោះសត្វ ដែលខ្លួនចិញ្ចឹមនោះថែមទៀត៕