និស្សិត​ម្នាក់​ស្លាប់​ដោយ​កាត់​ក ក្នុង​ផ្ទះ​ជួល សង្ស័យ​ប្រើ​«ម៉ូទ័រ​កាត់»

និស្សិតឆ្នាំទី៤ ផ្នែកច្បាប់ម្នាក់ នៃវិទ្យាស្ថាន «ខ្មែរជំនាន់ថ្មី» បានស្លាប់ នៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់ជួលមួយ។ ក្រុមគ្រួសាសព បាន​សង្ស័យ​ថា ជារឿងឃាតកម្ម គ្រោងទុកជាមុន។ ក្នុងពេលភ្លាមៗ គេមិនទាន់ទទួលបាន ការបញ្ជាក់យ៉ាងណា ពីមន្ត្រីជំនាញ​នៅ​ឡើយ ដោយ​សារ​សាក​សព នៅមានចំណុច គួរឲ្យសង្ស័យច្រើន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី៣០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 30, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ គួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៥ ត្រង់ចំណុច​ផ្ទះលេខ៩៦ ភូមិ៧ ក្រុមទី១៨ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ណុប ប៊ុនធឿន សព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៃវិទ្យាស្ថាន«ខ្មែរជំនាន់ថ្មី» ត្រូវបានគេឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយ​មាន​របួស ស្ទើរដាច់នៅត្រង់ ក (អារកសម្លាប់)។ ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះអាយុ២៣ឆ្នាំ បាន​ជួល​បន្ទប់​ម្ចាស់​ផ្ទះ ដែលមានរបរជា ជាងក្រឡឹង ក្នុងទីតាំងខាងលើ ដើម្បីស្នាក់នៅ។

លោក ណុប វុទ្ធី ជាបងប្រុសបង្កើត របស់ជនរងគ្រោះបានឲ្យដឹងថា ទោះជាអ្នកណាថា ប្អូនប្រុសលោកធ្វើអត្តឃាត ក៏​លោក​មិនជឿដែរ ព្រោះតាមដែលលោក បានឃើញសាកសព មិនមែនជាការសម្លាប់ខ្លូនឯងទេ។ ម្យ៉ាងទៀតគ្មានកាំបិត ឬ អាវុធ​ណាមួយ នៅជិតសាកសព ដែលបញ្ជាក់ថាធ្វើអត្តឃាតនោះទេ វាហាក់ដូចជារៀបចំគម្រោង ដើម្បីសម្លាប់ប្អូន​របស់​លោក​អញ្ចឹង។ ដូចគ្នានេះអ្នកស្រី ចរិយា ត្រូវជាបងស្រីជីដូនមួយ ជនរងគ្រោះ ក៏បានថ្លែងទាំងសោកសៅដូចគ្នាដែរ ព្រោះ​ស្នាម​របួស មិនដូចជាធ្វើអត្តឃាតទេ ច្បាស់ជាមានអ្នកសម្លាប់ ហើយមិនមែនម្នាក់ទៀត។ អ្នកស្រីបានបញ្ជាក់ថា ស្នាម​ឈាម​ប្រឡាក់​ពេញខ្លូន និងក្នុងបន្ទប់ទឹកជាប់បន្ទប់គេង។

យ៉ាងណាក៏ដោយ ពាក្យសម្តីទាំងអស់ខាងលើ គ្រាន់តែជាការសន្និដ្ឋាន របស់គ្រួសារនៃសពប៉ុណ្ណោះ គេនៅមិនទាន់ មាន​ការបញ្ជាក់ណាមួយ ពីអ្នកធ្វើកោសល្យវិច័យ សាកសពនៅឡើយ។ ក្រុមមន្រ្តីជំនាញ បានបញ្ជាក់ថា សាកសពនៅ​មាន​ចំណុច​សង្ស័យច្រើន។ ភ្លាមៗ នៅបន្ទាប់ពីក្រុមគ្រួពេទ្យ និងនគរបាលជំនាញ ពិនិត្យរួចរាល់ ក៏បានប្រគល់សាកសព ទៅក្រុម​គ្រួសារ​ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិអូត្រេស ស្រុកសំឡូត ខេត្តបាត់ដំបង។


អត្តសញ្ញាណប័ណ្ណនិស្សិត និងការស្លាប់របស់ជនរងគ្រោះ នៅក្នុងបន្ទប់ទឹក។

ទោះជាគ្មានអ្នកណាម្នាក់ បានដឹងពីមូលហេតុ នៃការស្លាប់នេះក៏ដោយ ក៏យ៉ាងហោចណាស់ មនុស្ស៤នាក់ត្រូវ​បាន​ឃាត់​ខ្លូន នៅពេលភ្លាមៗ បន្ទាប់ពីរប៉ូលិសធ្វើកោសល្យវិច័យចប់។ ក្នុងនោះ មានម្ចាស់បន្ទប់ជួលឈ្មោះ ហាក់ វុទ្ធី ជាប្តី​អាយុ​២៤ឆ្នាំ និងឈ្មោះ រឿន រ៉ានី អាយុ២៤ឆ្នាំ ជាប្រពន្ធ និងកូនឈ្នូលពីរនាក់ទៀត ម្នាក់ឈ្មោះ ហេង ចន្ទ័ អាយុ២១ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ ប៊ុន ឡុង អាយុ១៤ឆ្នាំ ដែលអ្នកទាំង៤ បច្ចុប្បន្នប្រកបអាជីវកម្ម និងធ្វើការ ជាជាងក្រឡឹង នៅក្នុងផ្ទះកើត​ហេតុ។

តាមការបញ្ជាក់ចុងក្រោយ របស់នគរបាលជំនាញខណ្ឌទួលគោក បានសន្និដ្ឋានជាបឋមថា ជនរងគ្រោះអាច នឹង​ត្រូវ​បាន​សម្លាប់ដោយ ប្រើ«ម៉ូទ័រកាត់» ជាវត្ថុធ្វើអាជីវកម្មរបស់ម្ចាស់ផ្ទះ។ បច្ចុប្បន្ននគរបាល បានឃាត់ខ្លួនជនសង្ស័យទាំងបួនរូប ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត ពាក់ព័ន្ធជាមួយការស្លាប់នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...