ម៉ៅ មុន្នីវណ្ណ នឹងស្នើញត្តិបន្ទោស បើក្រសួងការបរទេសមិនតបរឿងព្រំដែន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី ឧសភា ២០១៥
- កែប្រែចុងក្រោយ: April 30, 2015
- ប្រធានបទ: ព្រំដៃន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានថ្លែងព្រមានដោយប្រហោល ទៅកាន់រដ្ឋមន្ត្រី ក្រសួងការបរទេស លោក ហោ ណាំហុង ថាលោក នឹងស្នើញត្តិបន្ទោសមួយ ដែលគាំទ្រដោយអ្នកតំណាងរាស្ត្រ ចំនួន៣០នាក់ ទៅកាន់រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នៃប្រទេស។
ការថ្លែងរបស់លោកយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីលោក បានស្នើលិខិតមួយច្បាប់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ក្នុងកិច្ចអន្តរាគមន៍ លើករណីកម្លាំងសមត្ថកិច្ច នៃប្រទេសវៀតណាម ដែលបាននាំពលរដ្ឋរបស់ខ្លួន មករំលោភបំពាន និងបាញ់ថ្នាំបំពុល សម្លាប់ដំណាំរបស់ប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥កន្លងមក។
ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងរសៀលថ្ងៃទី៣០ ខែមេសានេះ លោក ម៉ៅ មុន្នីវណ្ណ បានពន្យល់ថា លោកបានស្នើលិខិត ទៅរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីចាត់វិធានការ កោះហៅឯកអគ្គរាជទូត នៃប្រទេសវៀតណាមប្រចាំកម្ពុជា មកសួរនាំរឿងពលរដ្ឋវៀតណាម អមដោយកម្លាំងប្រដាប់អាវុធវៀតណាម ចូលមកបំពាន ទៅលើផលដំណាំ របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងឃុំជុំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប៉ុន្តែមកទល់នឹងពេលនេះ រដ្ឋមន្រ្តីក្រសួងការបរទេស នៅមិនទាន់មានការឆ្លើយតបយ៉ាងណា នៅឡើយ។
អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាមរូបនេះ បានថ្លែងឲ្យដឹងទៀតថា លោកនឹងទុកពេលវេលា សម្រាប់ការឆ្លើយតបដ៏សមស្របមួយ តាមច្បាប់រដ្ឋធម្មនុញ្ញ ដែលបានចែងថា ក្រោយទទួលបានលិខិតហើយ យ៉ាងយូរមួយសប្តាហ៍ រដ្ឋមន្រ្តីត្រូវធ្វើការឆ្លើយតបវិញ។
លោក ម៉ៅ មុន្នីវណ្ណ បានបន្តថា ក្នុងករណីមួយសប្តាហ៍ក្រោយ បើនៅតែគ្មានការឆ្លើយតប នឹងលិខិតរបស់លោកទេ លោកនឹងស្នើលិខិត«រំលឹក»ជាលើកទីពីរ។ ពេលនោះ លោកនឹងអាចធ្វើការសន្និដ្ឋានថា ការមិនឆ្លើយតប របស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាការបំពាន មិនគោរពច្បាប់រដ្ឋធម្មនុញ។ អ្នកតំណាងរាស្ត្រ បានថ្លែងថា៖ «បើគាត់មិនឆ្លើយ មានន័យថា គាត់មិនគោរពរដ្ឋធម្មនុញ្ញ»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កួយ គួង ពាក់ព័ន្ធនឹងការលើកឡើង របស់លោក ម៉ៅ មុន្នីវណ្ណ បានទេ នារសៀលនេះ ដោយពុំមានអ្នកទទួលទូរស័ព្ទ។
ក្នុងថ្ងៃទី២៦ ខែមេសាកន្លងមក សមាជិករដ្ឋសភា ព្រឹទ្ធិសភា នៃគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក ម៉ៅ មុន្នីវណ្ណ ផ្ទាល់ បានចុះទៅពិនិត្យ ជុំវិញករណីកងកម្លាំងសមត្ថកិច្ច របស់ប្រទេសវៀតណាម បាននាំពលរដ្ឋខ្លួនចុះធ្វើសកម្មភាព បាញ់ថ្នាំគីមីបំពុល និងបំផ្លាញផលដំណាំពលរដ្ឋខ្មែរ កាលពីថ្ងៃទី១៩ ខែមេសា នៅចំណុចជាំប្រាំល្វែង ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
លោក ម៉ៅ មុន្នីវណ្ណ បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ខ្ញុំទៅពិនិត្យជាក់ស្តែង វាឃើញទិដ្ឋភាពបែបហ្នឹងមែន ហើយវាប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រាំ៩គ្រួសារ និងដីបង្កបង្កើនផល របស់លោកហ្នឹង (ប្រជាពលរដ្ឋ) ១០ហិកតា។»
យោងតាមលិខិត ចុះថ្ងៃទី២៨ ខេមេសា ឆ្នាំ២០១៥ ដែលចុះហត្ថលេខា ដោយសមាជិកតំណាងរាស្រ្ត រដ្ឋសភា ព្រឹទ្ធសភា បានស្នើរទៅកាន់រដ្ឋសភា ដើម្បីសុំចាត់វិធានការ ចំពោះការរំលោភឈ្លានពាន របស់កងកម្លាំងសមត្ថកិច្ចវៀតណាម មកលើផ្ទៃដីដាំដំណាំ របស់ប្រជាកសិករខ្មែរ។ ហើយលិខិតដដែលនេះ ត្រូវបានប្រធានស្តីទីលោក កឹម សុខា ទទួលនិងបញ្ជូន ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅក្នុងថ្ងៃទី២៨ ខែមេសាដដែល។
ក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា មាត្រា៩៦ បានចែងថា៖ «តំណាងរាស្ត្រមានសិទ្ធិ ដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះ ត្រូវសរសេរ ជាលាយលក្ខណ៍អក្សរ ប្រគល់ជូន តាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើង ដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហា ដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវ របស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធ ដល់នយោបាយទូទៅ របស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬ សរសេរ ជាលាយលក្ខណ៍អក្សរ។ ចម្លើយខាងលើនេះ ត្រូវធ្វើឡើង ក្នុងរយៈពេល ប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។»
មាត្រា៩៨ ថ្មី នៃរដ្ឋធម្មនុញ្ញដដែល បានចែងបញ្ជាក់ ទាក់ទងនឹងញត្តិបន្ទោសថា៖ «ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភា អាចលើកយកមកពិភាក្សាបាន»៕