ជាម យៀប៖ កម្ពុជាជំពាក់គុណវៀតណាម តែមិនឲ្យបាត់ដីទៅវៀតណាម
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 06, 2014
- ប្រធានបទ: អធិបតេយ្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អធិបតេយ្យជាតិ - «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណឲ្យដីទៅគេប៉ិនគ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំងស្រុង»។ នេះជាការបញ្ជាក់របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤។
នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤ ជាថ្ងៃដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងនៅចំពោះមុខអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ នៅខេត្តក្រចេះ ថា៖ «បើឲ្យមេដឹកនាំបច្ចុប្បន្នធ្វើដូចសព្វថ្ងៃ បួនដប់ឆ្នាំទៀតប្រទេសនឹងរលាយ។ ព្រំដែនកម្ពុជា នៅស្រុកស្នួល យួនចូលដប់គីឡូ បងប្អូន គេមកបោះបង្គោលព្រំដែនលើដីខ្មែរ យកដែនសមុទ្រ និងកោះខ្មែរ។ (...) ខ្ញុំអត់ព្រមទេ។»
ប្រធានគណបក្សជំទាស់រូបនេះបន្ថែមថា អ្នកគ្រប់គ្រងប្រទេសបច្ចុបន្នបានបង្ខិតព្រំដែនថយក្រោយ ខណៈប្រទេសវៀតណាមបានបង្ខិតចូលមកកាន់តែជ្រៅ ដែលធ្វើឲ្យផ្ទៃដីប្រទេសកម្ពុជា កាន់តែរួមតូច។ លោកសម រង្ស៊ី បញ្ជាក់ថា៖ «មេដឹកនាំយើងជំពាក់គុណយួន អត់ហ៊ានតតាំងជាមួយយួន។ ញ្ចឹងមានតែគណបក្សសង្រ្គោះជាតិ ដែលអត់ជំពាក់គុណយួន ហើយហ៊ានតតាំងជាមួយយួនការពារទឹកដី។»
តែការបរិហាររបស់លោកសម រង្ស៊ី ត្រូវបានលោក ជាម យៀប រិះគន់ថាលោកសម រង្ស៊ី និងបក្ខពួកមិនបានដឹង ពីបញ្ហាព្រំដែនឲ្យបានពិតប្រាកដនោះទេ ហើយចេះតែបកស្រាយដើម្បីកេងចំណេញនយោបាយ។ លោក ជាម យៀប ក៏បានអះអាងដែរថា ក្រុមមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន មានអ្នកមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ហើយក៏ជាកូនខ្មែរស្នេហាជាតិ ដូច្នេះមិនឲ្យបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជា នោះទេ។
លោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា កន្លងមកបានលើកឡើងថា គេមិនត្រូវបកស្រាយថាវៀតណាមមានគុណលើកម្ពុជា ហើយបំភ្លេចថាកម្ពុជាក៏មានគុណលើវៀតណាម ក្នុងសម័យសង្រ្គាមដូចគ្នាផងដែរ។ លោកសុខ ទូច ក៏បានអះអាងដែរថា កម្ពុជាមានប្រៀបមូលដ្ឋានផ្លូវច្បាប់ និងកត្តាផ្សេងៗទៀត ជាច្រើន ដើម្បីប្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ ទាមទារកោះត្រល់ពីប្រទេសវៀតណាមមកវិញ៕