ក្រុម​​សន្តិសុខ​​ខណ្ឌដែល​​ប្រើ​អំពើ​ហិង្សា មិន​ស្ថិត​​ក្រោម​​បញ្ជា​​របស់​ខណ្ឌ​ទេ

វាចម្លែកណាស់ នៅពេលដែលឮសូរនិយាយថា ក្រុមសន្តិសុខក្រោមការគ្រប់គ្រងរបស់ខណ្ឌ ដែលមានវត្តមាន និង​បានប្រើប្រាស់អំពើហិង្សាវាយតប់ ទៅលើក្រុមពលរដ្ឋ និងអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យនោះ បែរជា​ត្រូវបានបដិសេធ ថាមិនស្ថិតក្រោមការបញ្ជាររបស់ខណ្ឌឡើយ។ តែយ៉ាងណាក៏ដោយ ក៏នេះជាការអះអាងរបស់​លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។ តែលោកបានបកស្រាយផ្សេងថា មានកម្លាំងសន្តិខុសខណ្ឌចំនួន​ប្រាំ ដែលទទួលបញ្ជាផ្ទាល់ ពីខាងសាលាក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ដែលជាយុទ្ធនាការឃោសនាដំបូង នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាចម្លែកណាស់ នៅពេលដែលឮសូរនិយាយថា ក្រុមសន្តិសុខក្រោមការគ្រប់គ្រងរបស់ខណ្ឌ ដែលមានវត្តមាន និង​បានប្រើប្រាស់អំពើហិង្សាវាយតប់ ទៅលើក្រុមពលរដ្ឋ និងអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យនោះ បែរជា​ត្រូវបានបដិសេធ ថាមិនស្ថិតក្រោមការបញ្ជាររបស់ខណ្ឌឡើយ។ តែយ៉ាងណាក៏ដោយ ក៏នេះជាការអះអាងរបស់​លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។ តែលោកបានបកស្រាយផ្សេងថា មានកម្លាំងសន្តិខុសខណ្ឌចំនួន​ប្រាំ ដែលទទួលបញ្ជាផ្ទាល់ ពីខាងសាលាក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ដែលជាយុទ្ធនាការឃោសនាដំបូង នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។


ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

ច្បាប់ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូក្នុងថ្ងៃទី៥ ខែឧសភានេះ នៅសាលាខណ្ឌទួលគោក លោក ឯក ឃុនដឿន អភិបាលខណ្ឌ បានបញ្ជាក់ថាថ្វីត្បិតតែ សន្តិសុខទាំងនោះជារបស់ខណ្ឌក៏ពិតមែន តែមិន​ស្ថិតក្រោមការបញ្ជារបស់ខណ្ឌ(របស់លោក)ទេ។ រាល់ការបញ្ជាទាំងអស់ ត្រូវស្ថិតក្រោមការទទួលខុសត្រូវ​ដោយ​ផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញ។

គេសង្កេតឃើញថាកងកម្លាំងសន្ដិសុខថ្មី ដែលកើតចេញពីក្រុមសណ្តាប់ធ្នាប់ខណ្ឌទាំងនោះ មិនមានថ្មីដៃអន់​ជាង​ក្រុមសន្តិសុខ​ក្រុមហ៊ុន ឬសន្តិសុខរបស់ខណ្ឌដូនពេញប៉ុន្មានដែរ។ ព្រោះក្នុងយុទ្ធនាការឃោសនាក្រុមប្រឹក្សាឃុំ​សង្កាត់សម្រាប់ថ្ងៃទីមួយ យ៉ាងហោចណាស់ក្រុមទាំងនោះ បានសហការគ្នាយ៉ាងស្អិតរមួតជាមួយក្រុមសន្តិសុខ បានវាយទៅលើពលរដ្ឋដែលប្រមូលគ្នាមកជួបជុំ និងអ្នកសាព័ត៌មាន។

ក្នុងថ្ងៃទី២ ខែឧសភាកន្លងមកនេះ គេបានសង្កេតឃើញមានកម្លាំងពិសេស«ថ្មី»មួយទៀត ត្រូវបាន​បញ្ចូល​មកអម​ដំណើរជាមួយក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឬរបស់ខណ្ឌទាំងនោះ ជាមួយនឹងបំពង់ទីប ឬដំបងកូនឈើ ក្នុង​សំលៀក​បំពាក់«ឈុតពណ៌គគី»។ ក្រុមថ្មីនេះ ត្រូវបានស្គាល់ថា ជាក្រុមសណ្តាប់ធ្នាប់ប្រចាំខណ្ឌ និងបង្ហាញ​រិទ្ធិ​វាយ​ទៅលើ​ពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយមិនខ្វល់ពីសិទ្ធិមនុស្ស ឬច្បាប់ឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ក្នុងល្ងាចនេះដោយទូរស័ព្ទហៅ​ចូល តែគ្មានការទទួល។ តែថ្មីៗនេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការ​ព្រមាន​ជាចំហ ថានឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបង្រ្កាប ប្រសិនបើគណបក្សនយោបាយណាមួយ មិន​គោរពតាម​ការ​ណែនំារបស់អាជ្ញាធរ ក៏ដូចជាក្រសួងមហាផ្ទៃ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​នោះ។

គួរំលឹកថា សិទ្ធិនៃការជួបជុំ ឬការធ្វើបាតុកម្ម របស់ពលរដ្ឋ ឬកម្មករជាដើម ត្រូវបានធានាស្របតាមច្បាប់។ តែបើគេ​សង្កេតមើលក្នុងប៉ុន្មានឆ្នាំចុងក្រោយ សិទ្ធិ​នេះត្រូវទទួលបានការការពារ ការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន តែ​នៅ​ក្នុង​អំឡុងមុនការបោះឆ្នោតឆ្នាំ២០១៣ប៉ុណ្ណោះ​។ នៅក្រោយការបោះឆ្នោត ស្ថានការ​ណ៍«នយោបាយ»នៅ​កម្ពុជា បានធ្លាក់ក្នុងភាពតឹងតែង ព្រោះ​តែភាព​មិនចុះសម្រុងគ្នាក្រោយការបោះឆ្នោត ការធ្វើពហិការមិនចូលសភា និងការ​ដឹកនាំការតវ៉ាប្រឆាំង របស់​គណបក្ស​​សង្គ្រោះជាតិនោះ បាន​ញាំងឲ្យគណបក្សប្រជាជនកម្ពុជា ដែលប្រកាសខ្លួន​ថា​បានទទួលសម្លេងឆ្នោត​គាំទ្រ​ច្រើនជាង នៅក្នុងរដ្ឋសភា បាន​បង្ខំ​ចិត្តបង្កើតរដ្ឋសភាជាតិ និងរដ្ឋាភិបាលមួយឡើង ដោយ«ឯកបក្ស»។ តាំងពីដើមខែមករា ឆ្នាំ២០១៤ មករដ្ឋាភិបាលថ្មីដឹកនាំ​ដោយមនុស្សដដែល បានជ្រើសរើសការ​បង្ក្រាបទៅលើការតវ៉ាទាំងឡាយ  ដោយបានហៅ​ការតវ៉ាទាំងនោះ ថា​មានបំណងធ្វើឲ្យខូចសណ្ដាប់ធ្នាប់ សន្តិសុខ​សង្គមជាពិសេសទៅលើរដ្ឋាភិបាល ដែលក្រុមខ្លួននិយាយថា«ស្របច្បាប់»។

ការបង្ក្រាបដោយហិង្សាទាំងនោះ ត្រូវបានធ្វើឡើង«ខ្លាំងដៃ» បន្ទាប់ពីការប្រកាសយ៉ាងច្បាស់ ថាឲ្យ«ប្រយ័ត្នបាតដៃ​ទីបី»​ពីនាយក​រដ្ឋមន្រ្តីលោក ហ៊ុន សែន ជាមួយនឹងវត្តមាននៃក្រុមសន្តិសុខក្រុមហ៊ុន និងក្រុមសន្តិសុខខណ្ឌ ក្នុង​ឯកសណ្ឋានឈុតខៀវមួកឃ្លុបខ្មៅ ដោយធ្វើការវាយគ្មាន​ប្រណីដៃ ទៅលើពលរដ្ឋដែលគ្រាន់តែធ្វើការជួបជុំគ្នា។ ជនបង្កហិង្សាទាំងនោះ មិនត្រូវបានចាប់ខ្លួន ឬធ្វើការ​ផ្តន្ទាទោសតាមផ្លូវច្បាប់ទេ រហូតឈានមកដល់ព្រឹត្តិការណ៍​ចុង​ក្រោយ ដែលមានការវាយទាំងអ្នកសារព័ត៌មាន ឬព្រះសង្ឃនោះផងទៀត៕

សូមទស្សនាព្រឹត្តិការណ៍វាយព្រះសង្ឃ និងអ្នកសារព័ត៌មាននេះឡើងវិញ ដូចតទៅ៖

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៥ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...