រថយន្ដស៊ីនទ្រីបើកចេញពីផ្លូវតូច បុកម៉ូតូធ្លាក់ទឹក របួសពីរនាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 22, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលភ្លាមៗ អ្នករបួសមិនទាន់មានអ្វី ធ្ងន់ធ្ងរនៅឡើយ តែអាការៈចុកក្នុងទ្រូង ដោយសារការប៉ះទង្គិចគ្នានេះ នៅមានបន្ត។ បុរសជាស្វាមី ដែលរងគ្រោះក្នុងហេតុការណ៍ ដែលមានឈ្មោះ កង រ៉ៃ អាយុ៣០ឆ្នាំ រស់នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកធ្វើការ នៅរោងចក្រ ហ្វឹងហ្វា ជាមួយប្រពន្ធ ហើយកំពុងធ្វើដំណើរទៅធ្វើការ។ លោកបានរៀបរាប់ ពីហេតុការណ៍នេះថា ដំបូងលោកជិះម៉ូតូ ទៅតាមបណ្តោយផ្លូវ ក្នុងភូមិជើងឯក សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដស៊ីនទ្រី ស្លាកសំគាល់ ៣០៦ បើកចេញពីផ្លូវតូច ជ្រុលមកបុកម៉ូតូលោក ពេញទំហឹងរហូតធ្លាក់ទឹក។
ភរិយាជនរងគ្រោះ អ្នកស្រី យឿន រ៉េត អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិញញឹម ស្រុកអង់កែវ ខេត្តត្បួងឃ្មុំ បានប្រាប់ឲ្យដឹងថា ប្តីអ្នកស្រីកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកដង្កោរ ដោយអាការៈគាត់ធ្ងន់ធ្ងរជាងអ្នកស្រី។ នៅពេលនេះ គ្រូពេទ្យនៅកំពុងតាមដាន អាការៈអ្នករងគ្រោះនៅឡើយ។ ដោយអ្នកបើកបរ រថយន្ដរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលបានបង្កឲ្យកើតជារឿងនេះ មិនមានរងការប៉ះពាល់ ឬរបួសអ្វីនោះទេ។
បច្ចុប្បន្នម៉ូតូ និងរថយន្ដ ត្រូវបានមន្រ្តីប៉ុស្តិ៍ បញ្ជូនទៅកាន់ខណ្ឌដង្កោរ ទុកធ្វើការដោះស្រាយ ជាមួយភាគីទាំងសងខាង។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា អ្នករបួសមានគ្រាំគ្រឿងក្នុងធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ ដោយអ្នកធ្វើការ នៅមន្ទីពេទ្យបង្អែកខាងលើ មិនអនុញ្ញាតឲ្យចូលជួប លោកវេជ្ជបណ្ឌិត ឈឺម ជីវី ទេដោយប្រាប់ថា ចាំសួរតាមទូរស័ព្ទ ប៉ុន្តែនៅតែមិនអាចសុំការបភ្លឺបាន ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន៕