អាជ្ញាធររង​ការ​ចោទ ថា​បាន​ត្រៀម​កម្លាំង​បង្ក​ហិង្សា​នៅ​ព្រំដែន

ជារូបភាពចាស់ តែស្ថិតក្នុងសកម្មភាព និងទីកន្លែងថ្មី ត្រូវបានអនុវត្តធ្វើ ដោយអ្នកមានអំណាច ក្នុងជួររដ្ឋាភិបាលកម្ពុជា ក្នុងបំណងបង្កហិង្សា ទៅលើអ្នកចុះអង្កេត បញ្ហានៅព្រំដែន។ នេះជាការលើកឡើង របស់លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 22, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងការអះអាង ថាបេសកម្មចុះមើល បង្គោលព្រំដែនលេខ២០៣ រវាងប្រទេសកម្ពុជា និងវៀតណាម ជា​ភាពជោគជ័យមួយនោះ តែតំណាងរាស្រ្ត មណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ នៅតែបាន​អះអាង​ថា ដំណើរឆ្ពោះ ទៅត្រួតពិនិត្យ បង្គោលព្រំដែន បានរងនូវការរារាំង ឬការប៉ុនប៉ងបង្កហិង្សា ពីសំណាក់មនុស្ស របស់អាជ្ញាធរខេត្តទាំងនោះក្តី។

លោក រៀល ខេមរិន្ទ្រ បានថ្លែងអះអាង ដូច្នេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន សកម្មភាពត្រៀមហិង្សា ត្រូវ​បាន​ត្រៀមរៀបចំ រួចជាស្រេច ហើយមនុស្សទាំងនោះ ត្រូវបានរៀបចំឡើង ដោយអាជ្ញាធរ។ លោកថា នេះមិន​មាន​អ្វី គួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះវាជារូបភាពចាស់ ធ្លាប់កើតមាន ហើយអ្នកណាក៏គេបានដឹង និងបានលឺដែរ។ លោកថា អ្វីដែលខុសនោះ នៅត្រង់ថា វាខុសមុខមនុស្ស ទីតាំង និងចំនួនមនុស្សប៉ុណ្ណោះ។

តំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានបន្តថា បើទោះជាមានមនុស្សមួយក្រុមនោះ មករារាំងដំណើរ របស់​ពួកលោក តែលោកនៅតែអាចបន្តរ ដំណើររបស់ខ្លួន បានដោយជោគជ័យជាថ្មី ទៅដល់បង្គោលព្រំដែន លេខ​២០៣ ដែលអ្នកបោះបង្គោលព្រំដែន របស់កម្ពុជាខ្លួនឯង មិនទាំងហ៊ានទៅដល់ផងនោះ។

សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន គណកម្មការចម្រុះព្រំដែន បានចុះទៅដើម្បីពិនិត្យ លើបញ្ហា​បង្កោល​ព្រំដែន​នោះ។ តែមកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាមួយ បង្ហាញពីសកម្មភាព ដែលក្រុម​គណៈ​កម្មការ​ទាំងនោះ បានចុះទៅឡើយ។

បើតាមការអះអាងរបស់លោក រៀល ខេមរិន្ទ្រ បានអះអាងថា គណកម្មការចម្រុះព្រំដែននោះ មិនបានទៅ​ដល់​បង្គោលផ្ទាល់ឡើយ ព្រោះតែភាគីវៀតណាមមិនអនុញ្ញាត។ លោកបញ្ជាក់ទៀតថា៖ «មិនបានចុះទៅ​ពិនិត្យ​ទេ។ គេមិនទាំងហានចូលទៅផង។ ខ្លួនឯងជាអ្នកបង្កើតបង្គោល ខ្លួនឯងមិនហានចូល យួនមិនទាំងឲ្យ​ចូល​ផង។ យួនមិនឲ្យចូល មិនហានចូលដែរ។ តែយើងជោគជ័យ ព្រោះយើងបានចូលដល់ទីនោះ។»

តាមសកម្មភាព និងរូបភាព ដែលផ្តិតដោយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ​២០១៥នេះ បានបង្ហាញឲ្យឃើញ នូវក្រុមមនុស្សមួយហ្វូងធំ ក្នុងសម្លៀកបំពាក់ស៊ីវិល កាន់ដំបងស្ទើរគ្រប់ដៃ កំពង់ឈររង់ចាំ យ៉ាងសកម្មក្នុងទឹកដីខ្មែរ ក្នុងការរារាំងដំណើរនេះ។ ឯខាងទឹកដីវៀតណាមវិញ ក៏មាន​ប្រជា​ពលរដ្ឋ​របស់គេ ប្រដាប់ដោយដំបង កាំបិត ជាមួយនឹងក្រុមទាហាន ប្រដាប់ដោយអាវុធគ្រប់ដៃ បានឈរត្រៀម​ជាស្រេច ក្នុងទឹកដីរបស់គេ ត្រង់ចំណុចបង្គោលព្រំដែន លេខ២០២ និងលេខ២០៣។

ក្រុមព្រះសង្ឃ យុវជន និងតំណាងរាស្រ្ត ប្រមាណជា១០០នាក់ ពីក្នុងចំណោមពលរដ្ឋប្រមាណជា ២០០០នាក់ ត្រូវបានអនុញ្ញាត ឲ្យចូលទៅដល់ បង្គោលព្រំដែនលេខ២០៣ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង តែមិនបាន​បន្ត ទៅមើលបង្គោលព្រំដែន លេខ២០២ ទៀតទេ។ លោក ខេមរិន្ទ្រ បានថ្លែងទៀតថា បង្គោលលេខ ២០៣​នេះ បានបោះរំលោភចូលក្នុងទឹកដីខ្មែរ យ៉ាងពិតប្រាកដ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់​អាចសុំការ​បញ្ជាក់ណា​មួយ​ពីលោក ជៀង អំ ងភិបាលខេត្តស្វាយរៀងបានឡើយ។ តែយោងតាមលិខិតរបស់លោក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ដែល​បានសរសេរ មកកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ថា ក្រោមកិច្ច​សម្រប​សម្រួល និងការពារសន្តិសុខ សណ្តាប់ធ្នាប់របស់លោក ពុំមានហិង្សាណាមួយកើតឡើងឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...